(ឥណ្ឌូនេស៊ី)៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់មេដឹកនាំកំពូល ប្រមាណ២០ប្រទេស ដែលមានទាំងថ្នាក់ប្រធានាធិបតី នាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី និងតំណាងពីប្រទេសជាង១០០ លើពិភពលោក ដែលចូលរួសរុបជាង២០០០នាក់ ស្តីពីសក្តានុពល កំណើនសេដ្ឋកិច្ចនិង ជំរុញការវិនិយោគ នៅកម្ពុជា ទាំងសហគ្រាសធនតូច កណ្តាល។
លោកថា កម្ពុជាមានគោលដៅថា ដើម្បីឆ្ពោះទៅកាន់ការចាប់យក បែបខ្នាតធំ ខណៈដែលប៉ុន្មានឆ្នាំកន្លងទៅរហូតមកដល់ពេលនេះ កម្ពុជានៅតែរក្សាបាននូវកំណើនសេដ្ឋកិច្ចគួរអោយចាប់ អារម្មណ៍ ជាក់ស្តែងសម្រាប់ឆ្នាំ២០១៦នេះ ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ឲ្យដឹងនៅក្នុងពិធីបើកវេទិការសេដ្ឋកិច្ចឥស្លាមពិភពលោកលើកទី១២ នៅសាលសន្និសីទអន្តរជាតិ ក្រុងចាកាតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី០២ ខែសីហា ២០១៦ ស្តីពីការប្តេជ្ញាធ្វើសហវិមជ្ឈការសេដ្ឋកិច្ចប្រទេសតំបន់អាស៊ីនិងពិភពលោកឆ្ពោះទៅកាន់ការប្រកួតប្រជែងនៅពេលអនាគត។
លោក អូស្មាន ហាស្សាន់ បន្តថាកម្ពុជាអាចនឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧.១% ហើយអតិផរណាត្រូវបានរំពឹងថា នឹងស្ថិតក្នុងកម្រិតទាបក្នុងរង្វង់ ១.៩% ស្ថានភាព ពាណិជ្ជកម្ម កាន់តែមានភាពល្អប្រសើរឡើង ដោយសារកំណើនលឿន នៃការនាំចេញធៀបនឹងការនាំចូល។
លោកបន្តថា ដោយសារកម្ពុជាធានាបាននូវសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ បានបង្កលក្ខណៈអំណោយផល ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងភាពសុខសាន្ត របស់ប្រជាជន វិនិយោគិនជាតិ អន្តរជាតិ ជាពិសេស គឺដំណើការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យពិតៗ ការគោរពសិទ្ធិសេរីភាពប្រជាពលរដ្ឋ និង នីតិរដ្ឋកំពុងស្ថិតនៅលើគន្លងដ៏ត្រឹមត្រូវ។
បន្ទាប់ពីបញ្ចប់ពិធីបិទ គណៈអធិបតី ជាមេដឹកនាំកំពូល និងតំណាងមេដឹកនាំបណ្តាប្រទេសនានាត្រូវបានម្ចាស់ផ្ទះគឺលោក Joko Widodo ប្រធានាធិបតី ប្រទេសឥណ្ឌូណេស៊ី អញ្ជើញពិសារ អាហារសាមគ្គីផងដែរ៕