(បន្ទាយមានជ័យ)៖ មនុស្សមួយក្រុមដែលជាអាជីវករនៅផ្សារបឹងត្រកួនថ្មី បានជិះរថយន្តស្តារិចមួយគ្រឿងទៅឈ្លោះប្រកែចជាមួយអាជីវករម្ចាស់ស្តង់កំពុងសាងសង់ទាំងមិនដឹងរឿង ហើយនាំគ្នាយកសម្ភារសំណង់ទៅបាត់។ ម្ចាស់ភ័យខ្លាចទៅប្តឹងសមត្ថកិច្ច ប៉ុស្តិ៍នគរបាលជួយរកយុត្តិធម៌។ ហេតុការណ៍នេះ កើតឡើងកាលពីរសៀលម៉ោង៥ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតក្នុងបរិវេណផ្សារថ្មីបឹងត្រកួន ក្នុងភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះជាម្ចាស់សម្ភារសំណង់អ្នកស្រី ប៊ូ រ៉ាឌី បានរៀបរាប់ថា គាត់បានជួលដីពីម្ចាស់ផ្សារបឹងត្រកួនថ្មី ដើម្បីធ្វើស្តង់លក់ឥវ៉ាន់ ដោយសង់ពីដែកក្នុងកិច្ចកុងត្រា៥ឆ្នាំ លុះសាងសង់បានប្រមាណជា៨០% ស្រាប់តែកាលពី រសៀលថ្ងៃកើតហេតុ មានមនុស្សប្រុស-ស្រីមួយក្រុមមានគ្នា៦នាក់ ជិះរថយន្តស្តារិចពណ៌សមួយគ្រឿង ចុះមករករឿងគាត់មិនឲ្យសាងសង់បន្តដោយនិយាយថា ការសាងសង់នេះបិទមុខដីរបស់គេ ទាំងដីរបស់ពួកគេ ទាំងនោះបែរមុខ ទៅរកផ្លូវក្រាលកៅស៊ូដែលជាផ្លូវ ទៅច្រកតំបន់បឹងត្រកួនសោះ។

ម្ចាស់ស្តង់បាននិយាយទៀតថា ក្រោយរករឿងនោះ ពួកគេបានប្រមូលយកសម្ភារសំណង់របស់គាត់រួមមាន៖ ប៉ុស្តិ៍ផ្សារដែកមួយគ្រឿង, ម៉ូទ័រកាត់ដែកពីរ ស្វានបុកមួយ ម៉ូទ័របាញ់វិះមួយដាក់ឡានយកទៅបាត់។ ដោយកើតទុកមិនសុខចិត្ត នៅអំពើដូចចោរប្លន់នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ រូបគាត់នឹងម្ចាស់ផ្សារ បានទៅប្តឹងនៅប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀតឲ្យជួយរកយុត្តិធម៌។

ដោយឡែកបើតាមម្ចាស់ដី និងជាម្ចាស់ផ្សារបឹងត្រកួនថ្មី បានឲ្យដឹងថា លោកបានបង្កើតផ្សារបឹងត្រកួននេះ តាំងពីមុនកូវីដដោយបានលក់ដីមួយផ្នែកខាងមុខផ្សារជាប់ផ្លូវបំបែកពីផ្លួវជាតិលេខ៥៨ជាច្រើនល្វែង ឲ្យទៅអ្នកទិញជាច្រើននាក់ ក្នុងនោះមានឈ្មោះ ជីវ ស៊ីឡេង ជាប្តីរបស់ឈ្មោះ តាំង មរកត និងឈ្មោះ សឿន ដែលអ្នកទាំងពីរនេះ បាននាំគ្នាមកយកសម្ភារសំណង់ខាងលើ។

ក្រោយពីលក់ហើយ លោកបានធ្វើផ្សារដោយសង់ស្តង់តូចៗ នៅពីក្រោយតាមជួរដីអ្នកល្វែងជាប់ផ្លូវមុខផ្សារ ក្នុងដីផ្សាររបស់គាត់ដែលមានរបងត្រឹមត្រូវ ស្រាប់តែអ្នកទាំងនោះ រារាំងប្តឹងគាត់ទៅឃុំមិនឲ្យគាត់សាងសង់អ្វីទាំងអស់ ទោះបីជាគាត់សម្រួលបើកផ្លូវឲ្យបីម៉ែត្របន្ទាប់ពីផ្លូវ (ឌឺងហែម) ក៏នៅតែរករឿងគាត់ទាំងដី ដែលគាត់លក់ឲ្យបែរទៅរកផ្លូវជាតិសោះ។

ជុំវិញករណីនេះ បើតាមមេប៉ុស្តិ៍នគរបាលគោរមៀត បានឲ្យដឹងថា លោកបានដឹងពីការប្តឹងផ្តល់គ្នារវាងម្ចាស់ដីខាងមុខ និងម្ចាស់ផ្សារតែមិនដឹងថា ករណីនោះដោះស្រាយយ៉ាងណាទេពីខាងឃុំ។ ដោយឡែកចំពោះករណី ដែលលោកទើបតែទទួលបានពាក្យបណ្តឹង ពីការប្តឹងរបស់អ្នកស្រី រ៉ាឌី លោកនឹងពិនិត្យករណីនេះ ហើយនឹងកោះហៅអ្នកជាប់ពាក់ព័ន្ធមកសួរនាំ ព្រោះថា ទោះជាមានជម្លោះយ៉ាងណា ក៏ដោយតែម្ខាងទៅប៉ះពាល់ ផលប្រយោជន៍ខាងណាមួយ ដោយច្បាប់មិនអនុញ្ញាតវាជារឿងខុសច្បាប់៕