(ភ្នំពេញ)៖ រយៈពេលជាង៣០ឆ្នាំមកហើយ ដែលពាក្យថា អាយ៉ងយួន ត្រូវបានមនុស្សមួយចំនួនប្រើប្រាស់វាយប្រហារលើរដ្ឋាភិបាល ពិសេសគឺចំពោះនាយករដ្ឋមន្រ្តី ហ៊ុន សែន តែម្តង។ ទោះបីជាមានមនុស្សជាច្រើនបានទទួលស្គាល់ថា នាយករដ្ឋមន្រ្តី ហ៊ុន សែន ពិតជាបានពលីសាច់ស្រស់ឈាមស្រស់ រំដោះជាតិមាតុភូមិ ចេញពី របបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលបានសម្លាប់ប្រជាជនខ្មែរ ប្រមាណជាង៣លាននាក់ នៅកំឡុងទសវត្សរ៍ឆ្នាំ៧០ក៏ដោយ ក៏នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែត្រូវបានជេរប្រមាថ និងចោទប្រកាន់ថា ជាអាយ៉ងយួន។
ប៉ុន្តែចង់មិនចង់ ការលះបង់ក្នុងជីវិតការងារជាង៣០ឆ្នាំ អង្គុយកៅអីនាយករដ្ឋមន្ត្រី ដែលប្រមូលផ្តុំដោយការងារ ភាពមមាញឹក ការទទួលខុសត្រូវដ៏ធ្ងន់ធ្ងរ ការប្រឈមនឹងការស្តីបន្ទោស ការលាបពណ៌ ការបរិហារ និងចោទប្រកាន់ជាច្រើន រួមទាំងការពុះពាររុញនាវាកម្ពុជា រហូតឈានដល់ដំណាក់កាលដូចសព្វថ្ងៃ ក៏សមល្មមនឹងដល់ពេល ដែលគេគួរតែអាចបញ្ចប់ការ ប្រើពាក្យថា អាយ៉ងយួននេះលើគាត់ហើយ។ ជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំដឹងច្បាស់ថា ខ្មែរបច្ចុប្បន្នគឺ រស់នៅក្រោម សន្តិភាពដែលខ្មែរបង្កើតឡើងដោយខ្មែរខ្លួនឯង រួមទាំងការអភិវឌ្ឍដែលខ្មែរទាំងអស់គ្នាខំប្រឹង។ យើងនិយាយឱ្យជាក់ស្តែងតែម្តងថា យើងគ្មានស្ថិត ក្រោមអាណានិគមវៀតណាមទេ គ្រប់ស្ថាប័នជាតិតាំងពីថ្នាក់កំពូល ដល់ថ្នាក់ក្រោម គឺគ្រប់គ្រងដោយខ្មែរ។ ខ្មែរប្រើប្រាស់ និងរៀនសូត្រអក្សរខ្មែរ ភាសាខ្មែរ ដោយគ្មានការគាបសង្កត់ពីប្រទេសណាឡើយ។ ខ្មែរមានសិទ្ធិរកស៊ី ជាមួយប្រទេសណាក៏បាន ហើយមានសិទ្ធិដើរហើរគ្រប់ទីកន្លែង ដែលខ្លួនចង់ទៅ ដោយគ្មានវៀតណាមឯណាមកត្រួតត្រានោះទេ។
តាមដឹងមូលហេតុដែលគេចោទប្រកាន់មកដល់ពេលនេះថា ជាអាយ៉ងយួននោះ ក៏ព្រោះតែលោកជាអ្នកតស៊ូក្នុងសម័យខ្មែរក្រហម ដោយបានទៅពឹងពាក់ វៀតណាម ឱ្យជួយរំដោះកម្ពុជាចេញពីរបបវាលពិឃាដ។ ការសម្រេចចិត្តមួយ ដើម្បីកែប្រែវាសនាប្រទេសកម្ពុជានៅសម័យនោះបានរុញឱ្យបុរសខ្លាំងកម្ពុជា រូបនេះជាប់ឈ្មោះមិនល្អមកដល់សព្វថ្ងៃ។ មូលហេតុដ៏ខ្លាំងក្លាមួយទៀត នៃការចោទប្រកាន់ជារឿយៗថា រដ្ឋាភិបាល ហ៊ុន សែន រណបវៀតណាម ឬហៅថា អាយ៉ងយួននោះ គឺដោយសារតែក្រុមអ្នកនយោបាយមួយចំនួន ដែលមាននិន្នាការនយោបាយខុសគ្នា មានគំនិតច្រណែនឈ្នានីស និងមានបំណងចង់ដណ្តើមអំណាច បានព្យាយាមប្រឌិតភ័ស្តុតាងដ៏ស្មោកគ្រោក ហើយនាំគ្នាចែកចាយបន្ត ដោយបន្លំ និងបំភ័ន្តសាធារណមតិ ដែលមិនដឹងពីជម្រៅពិតនៃប្រវត្តិកម្ពុជា។ ពួកគេបានបង្កើតពាក្យចចាមអារាមថា នាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រគល់កោះនេះ, តំបន់នេះ, ខេត្តនេះ ឱ្យទៅវៀតណាម ហើយថែមទាំងបង្កើតឯកសារក្លែងបន្លំមួយចំនួន ដើម្បីទម្លាក់កំហុស ឬបង្ហាញឱ្យឃើញថា ខ្មែរស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម។
តាមពិតទៅតំបន់មួយចំនួនដែលខ្មែរបាត់បង់ គឺជាសំណល់ប្រវត្តិសាស្ត្ររបស់ខ្មែរប៉ុណ្ណោះ ពោលគឺវាបានបាត់បង់តាំងពីលោកស្ថិតក្នុងវ័យកុមារមកម្ល៉េះ។ ជាក់ស្តែងមានលោក ហុង សុខហួរ និងលោក អ៊ុ សំអាន ជាគំរូស្រាប់ ពួកគេសុទ្ធតែជាតួអង្គសំខាន់របស់បក្សប្រឆាំង ក្នុងការបង្កើតភ័ស្តុតាងចោទថា រដ្ឋាភិបាលបច្ចុប្បន្នគឺជាអាយ៉ងយួន ហើយនៅទីបំផុតការក្លែងបន្លំរបស់ពួកគេ ត្រូវបានលាតត្រដាងជាសាធារណៈ និងត្រូវបានទទួលដឹងឮថា វាជាឯកសារក្លែងបន្លំសុទ្ធសាធ។
ទោះបីជាមាននិន្នាការនយោបាយខុសគ្នា ឬទោះជាមានការថ្នាំងថ្នាក់ នឹងការដឹកនាំរបស់រដ្ឋាភិបាលយ៉ាងណា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ យើងគួរតែវិនិច្ឆ័យ ដោយតម្លាភាព និងស្មោះត្រង់បំផុតចំពោះរឿងរ៉ាវដ៏សំខាន់របស់ជាតិយើង ចៀសវាងការធ្លាក់ក្នុងការបោកបញ្ឆោតណាមួយ ដែលប្រាសចាកពីការពិត ដូចករណីក្លែងសន្ធិសញ្ញាព្រំដែន ឬករណីយកផែនទីខុសមកប្រើប្រាស់ជាដើម។
ប្រជាពលរដ្ឋខ្មែរទាំងអស់សុទ្ធតែបានដឹងថា នាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំប្រទេស៥អាណត្តិមកហើយ ហើយមានមនុស្សមួយចំនួនលើកឡើងថា គាត់ជាបុរសខ្លាំងដែលក្តោបក្តាប់អំណាចនៅកម្ពុជា ប៉ុន្តែខ្ញុំនៅតែឆ្ងល់ថា អ្នកដែលថា ហ៊ុន សែន ជាអាយ៉ងយួន និងអ្នកដែលថា ហ៊ុន សែន ក្តោបក្តាប់អំណាច ម្នាក់ឯង គឺច្រើនតែចេញពីមជ្ឈដ្ឋានតែមួយ តើហេតុអ្វីអ្នកដែលទទួលជឿនូវការលាបពណ៌នេះ មិនព្រមពិចារណាផងថា បើនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាអាយ៉ងយួន និងមានសិទ្ធិក្តោបក្តាប់អំណាច ដោយផ្តាច់ការតែម្នាក់ឯងមែននោះ ហេតុអ្វីជាង៣០ឆ្នាំមកហើយ គាត់មិនបានប្រគល់កម្ពុជា ឱ្យទៅវៀតណាម គឺគាត់មានអំណាចដែលងាយបំផុតក្នុងការធ្វើបែបនេះ។
មួយវិញទៀតបើនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្ថិតក្រោមការបញ្ជាពីវៀតណាមមែននោះ វៀតណាមក៏មិនទុកឱ្យខ្មែររស់នៅដោយខ្លួនឯងជាង៣០ឆ្នាំ តាំងពីដំណាក់កាលកវែកឆ្នាំងដែរ តាមមហិច្ឆតារបស់ប្រទេសនេះ គេប្រហែលជារឹបអូសយកកម្ពុជាជាយូរមកហើយ។ ម៉្យាងវិញទៀត បើនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្ថិតក្រោមគំនាបវៀតណាម ឬជាកូនជឹងរបស់វៀតណាមមែន គឺមិនចាំបាច់ចរចារឿងបោះបង្គោលព្រំដែនជាមួយវៀតណាមទេ គឺកាត់ដីឱ្យវៀតណាម តាមការបញ្ជារបស់វៀតណាមតែម្តងទៅ។ វៀតណាមជាប្រទេសធំ ដែលមានសេដ្ឋកិច្ចរីកចម្រើន និងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការលេបត្របាក់កម្ពុជា ហើយបើសិនជាមានការសហការ ពីមេដឹកនាំកម្ពុជាទៀតនោះ គឺវាកាន់តែងាយជាងបកចេកទៅទៀត ក្នុងការធ្វើឱ្យកម្ពុជាក្លាយជាខ្មែរក្រោមទី២។
តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា១ចែងថា ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ។ កម្ពុជាត្រូវបានអន្តរជាតិមើលឃើញថា មានឯករាជ្យភាពផ្ទាល់ខ្លួន ក្នុងការចាត់ចែងកិច្ចការប្រទេសជាតិ ជាពិសេសក្នុងការ សម្រេចចិត្តធំៗលើឆាកអន្តរជាតិ មេដឹកនាំខ្មែរ មិនដែលឱនក្បាលទៅសុំការអនុញ្ញាតពីវៀតណាមនោះទេ។ ជាងនេះទៅទៀតនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមេដឹកនាំខ្មែរដែលបានសម្រេចចិត្តនាំកម្ពុជា ចូលអាស៊ានធ្វើឱ្យខ្មែរស្មើមុខ ស្មើមាត់ និងស្មើសិទ្ធិ ជាមួយប្រទេសក្នុងតំបន់ និងលើឆាកអន្តរជាតិ។
ប្រជាពលរដ្ឋខ្មែរ សុទ្ធតែដឹងខ្លួនឯងហើយថា បច្ចុប្បន្នយើងកំពុងរស់នៅក្នុងស្ថានភាពបែបណា? ខ្មែរមិនបានរស់នៅក្រោមអាណានិគមវៀតណាមនោះទេ ក្នុងប្រវត្តិដឹកនាំជាង៣០ឆ្នាំមកនេះ។ ចង់ឬមិនចង់ ពលរដ្ឋខ្មែរសុទ្ធតែបានដឹងពីភាពស្មើសិទ្ធិ និងស្មើភាព ស្មើមុខស្មើមាត់ លើឆាកអន្តរជាតិ ជាមួយប្រទេសជិតខាង ក្នុងតំបន់ និងពិភពលោករបស់ខ្មែរ ដែលមានឈ្មោះជាខ្មែរពិតប្រាកដ។
នាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានប្រកាសហើយថា គាត់មិនរណបប្រទេសណាមួយទេ សំខាន់ស្វែងរកផលប្រយោជន៍ និងសេចក្តីសុខ ការរីកចម្រើនដល់ពលរដ្ឋខ្មែរ។ លើសពីនេះនាយករដ្ឋមន្រ្តី ហ៊ុន សែន ថែមទាំងបានបញ្ជាក់ជំហរដ៏រឹងមាំរបស់លោក ជាមួយនឹងជនជាតិវៀតណាម ដែលដៀលថា ក្បត់វៀតណាម ដោយនាយករដ្ឋមន្រ្តីកម្ពុជាបានឆ្លើយតបវិញថា «ហេតុអ្វីបានជាលោកនិយាយថាខ្ញុំក្បត់វៀតណាម? តើវៀតណាមជាឪពុកខ្ញុំ ឬជាមហាក្សត្រខ្ញុំ? លោកត្រូវដឹងថាអ្នកដែលខ្ញុំត្រូវស្មោះត្រង់ គឺជាតិខ្មែររបស់ខ្ញុំ ព្រះមហាក្សត្រកម្ពុជាជាទីសក្ការៈរបស់ខ្ញុំ និងភរិយាជាទីស្រឡាញ់របស់ខ្ញុំ។ វៀតណាមមិនមែន ជាចៅហ្វាយរបស់ខ្ញុំ ដែលខ្ញុំត្រូវស្មោះត្រង់នោះទេ»។
ការបញ្ជាក់ជំហរដ៏រឹងមាំនេះ គឺបង្ហាញឱ្យខ្មែរគ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការនយោបាយកាន់តែភ្លឺភ្នែកថា នាយករដ្ឋមន្រ្តី ហ៊ុន សែន ជាកម្មសិទ្ធិរបស់ខ្មែរ និងជាអ្នកបម្រើដ៏ស្មោះត្រង់តែមួយគត់ របស់ពលរដ្ឋខ្មែរ មិនមែនវៀតណាមទេ។ ដូច្នេះការប្រើពាក្យថា អាយ៉ងយួនចំពោះនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺដល់ពេលវេលាដ៏សមគួរដែលត្រូវបញ្ចប់ហើយ៕
ដោយ៖ អ្នកវិភាគតុកាហ្វេ