(ស្វាយរៀង)៖ លោកស្រី ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង និងលោក ម៉ែន វិបុល អភិបាលខេត្ត នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បានសួរសុខទុក្ខអ្នកស្រី គង់ សារឿន វីរនារីដោះមីននៅសម័យសង្គ្រាម និងក្រោយសម័យសង្គ្រាម ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យខេត្តស្វាយរៀង និងត្រូវបញ្ជូនទៅសម្រាកព្យាបាលបន្ត នៅរាជធានីភ្នំពេញ។
លោកស្រី ដួង វណ្ណា និងលោក ម៉ែន វិបុល បានជូនពរដល់វីរនារីដោះមីន ឆាប់ជាសះស្បើយ និងមានសុខភាពល្អប្រសើរឡើងវិញ។ អ្នកទាំងពីរ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអ្នកស្រី ដែលមានស្នាដៃ និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការបោសសម្អាតមីននាពេលកន្លងមក ហើយក៏មិនដែលភ្លេចពីគំរូវីរភាពរបស់លោកស្រីម្ដងណាឡើយ។
អ្នកស្រី គង់ សារឿនបានថ្លែងអំណរគុណលោកស្រី ដួង វណ្ណា និងលោក ម៉ែន វិបុល ព្រមទាំងក្រុមការងារដែលបានចុះសួរសុខទុក្ខ និងផ្តល់អំណោយជាថវិកាដល់អ្នកស្រី និងក្រុមគ្រួសារ។
សូមបញ្ជាក់ថា លោកស្រីតំណាងរាស្ត្រខេត្តស្វាយរៀង និងលោកអភិបាលខេត្ត បាននាំយកថវិកាឧបត្ថម្ភរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនដល់អ្នកស្រីសរុបចំនួន ៥លានរៀលផងដែរ៕