(មណ្ឌលគិរី)៖ ផ្លូវជាតិលេខ៧៦A នៅខេត្តមណ្ឌលគិរី បានបាក់ស្រុតដីចូលទៅក្នុងជ្រោះប្រវែង៥០ម៉ែត្រ ត្រង់ចំណុចអូរងើយ ក្នុងភូមិសាស្ត្រ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចន្លោះគីឡូម៉ែត្រលេខ៩១ ដល់គីឡូម៉ែត្រ៩៩។

អភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន បានបញ្ជាឱ្យផ្អាកការធ្វើចរាចរណ៍បណ្តោះអាសន្នមួយរយៈសិន ដោយរង់ចាំអាជ្ញាធរឈូសឆាយផ្លូវវាង ដើម្បីសម្រួលដល់កាធ្វើចរាចរណ៍ឡើងវិញ នៅចំណុចបាក់ស្រុតខាងលើនេះ។

លោក សៀក មុន្នី អភិបាលស្រុកអូររាំង រសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បានប្រាប់អង្គភាព Fresh News ប្រចាំខេត្តមណ្ឌលគិរីថា ចំពោះការបាក់ស្រុតផ្លូវថ្នល់នៅទីតាំងខាងលើនោះមានប្រវែង៥០ម៉ែត្រ។

លោកបញ្ជាក់ថា នៅរសៀថ្ងៃទី២ ខែសីហានេះ អាជ្ញាធរ រួមសហការជាមួយមន្រ្តីជំនាញមកពីក្រសួងសាធារណការ និងមន្រ្តីជំនាញរបស់ខេត្ត បានសហការគ្នា យកគ្រឿងចក្រឈូសឆាយធ្វើផ្លូវវាងថ្មី ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋជាបណ្ដោះអាសន្នឡើងវិញ។

លោកឧត្តមសេនីយទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៧៦A ដែលត្រូវបាក់ស្រុតទាំងស្រុង នៅចំណុចអូរងើយ ត្រូវបានផ្អាកទាំងស្រុង ក្នុងនោះកម្លាំងស្នងការនគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកអូររាំង និងស្រុកកែវសីមា ប្រជាការពារ រួមទាំងអាជ្ញាធរមូលដ្ឋាន ចុះហាមឃាត់មិនឲ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់នោះទេ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានឧបត្ថម្ភអាវភ្លៀង និងគ្រឿងឧបភោគបរិភោគដល់កម្លាំង ដែលប្រចាំការនៅចំណុចបាក់ស្រុតនោះផងដែរ៕