(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យនិស្សិតជ័យលាភី២៤រូប មកពីក្រសួង/ស្ថាប័ន ចំនួន ១៥ ដែលប្រលងជាប់អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋាភិបាលជប៉ុន (Japan Development Scholarship - JDS) សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រយៈពេល២ឆ្នាំ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ។
នៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់ក្នុងការស្វែងរកអាហារូបករណ៍ជូនដល់និសិ្សត និងមន្ត្រីរាជការកម្ពុជា ទៅសិក្សានៅក្រៅប្រទេស ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធនមនុស្សនៅកម្ពុជា។
លោកឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លាចំពោះនិសិ្សតជ័យលាភីទាំង ២៤រូប ដែលគ្រោងចេញដំណើរទៅជប៉ុន នៅអំឡុងចុងខែសីហានេះ និងបានផ្តាំផ្ញើឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រក្រេបជញ្ជក់យកចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗ ដើម្បីរួមចំណែកសំខាន់ដល់ការជួយអភិវឌ្ឍជាតិមាតុភូមិកម្ពុជា នៅពេលត្រឡប់មកប្រទេសវិញ។
លោកឧបនាយករដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍សំខាន់ៗផងដែរដល់និស្សិតជ័យលាភីខាងលើ ពីស្ថានភាពទូទៅរបស់ប្រទេស និងប្រជាជនជប៉ុន របៀបរបបនៃការរស់នៅទីនោះ និងចែករំលេកដោយសង្ខេបអំពីទំនាក់ទំនងកម្ពុជា-ជប៉ុន។ សំណូមពរឱ្យនិស្សិត និងពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅប្រទេសជប៉ុនត្រូវធ្វើការទំនាក់ទំនងជាប្រចាំ ជាមួយស្ថានទូតខ្មែរនៅទីនោះ ដើម្បីសុំជំនួយលើការងារកុងស៊ុលផ្សេងៗពីស្ថានទូត។
តំណាងនិស្សិតជ័យលាភី បានឡើងថ្លែងចំណាប់អារម្មណ៍ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោក ប្រាក់ សុខុន ដែលបានអនុញ្ញាតឱ្យក្រុមនិស្សិតបានចូលជួបសម្តែងការគួរសម និងទទួលបាននូវអនុសាសន៍ដ៏មានតម្លៃ និងបានប្តេជ្ញាចិត្តខិតខំសិក្សារៀនសូត្រដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ល្អៗ និងរួមចំណែកសកម្មក្នុងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជារវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅថែមទៀត៕