(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកឆែប និងលោកស្រី នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារអញ្ជើញប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ដល់ព្រះសង្ឃគង់ចាំព្រះវង្សានៅវត្តសុវណ្ណគីរី (ហៅវត្តឆែប) ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។
បន្ទាប់ពីបានរៀបចំពិធីតាមបែបសាសនារួចមក លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា និងលោកស្រី រួមជាមួយក្រុមការងារ បានវេរប្រគេនទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសុវណ្ណគីរី រួមមាន៖ ទៀនវស្សាមួយគូ អង្គរ ១២០ គីឡូក្រាម ទឹកសុទ្ធ ៥កេស ភេសជ្ជៈ៥កេស ត្រីខ ១កេសធំ ទឹកត្រី ១០យួរ ទឹកស៊ីអ៊ីវ ១០យូរ មី ៥កេស អំបិល១០គីឡូក្រាម ខ្ទឹមសរ១០គីឡូក្រាម ប៊ីចេង៥គីឡូក្រាម ប្រេងម៉ាស៊ូត៣០លីត្រ និងបច្ច័យចំនួន៣.៤៦៥០០០រៀល សរុបបច្ច៏យទាំងអស់ចំនួន ៥.២៨៥ ០០០រៀល។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធសាសនានៃយើង ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបាន រៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្លួនតាមព្រះពុទ្ធឱវាទ ហើយបងប្អូនដែលជាអ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធី បុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេន ព្រះសង្ឃតាមលទ្ធភាពផងដែរ។ សម្រាប់វត្តអារាមនីមួយៗក្នុងរយៈពេល៣ខែ ក្នុងរដូវធ្លាក់ភ្លៀង មិនអនុញ្ញាតឱ្យនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយលើកលែងតែមានភារកិច្ចសំខាន់ចាំបាច់។
លោកបានអំពាវនាវព្រះសង្ឃ និងប្រជាពលរដ្ឋ សូមចូលរួមថែរក្សាសុខសន្តិភាពដែលមានសព្វថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យនៅគង់វង្សយូរអង្វែង ដើម្បីឱ្យប្រទេសជាតិយើងកាន់តែ មានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យទាំងផ្នែកអាណាចក្រ និងពុទ្ធចក្របន្តទៀត៕