(ស្វាយរៀង)៖ ពេលកំពុងល្បាតចល័តការពារសន្តិសុខក្នុងមូលដ្ឋាន កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត នៅយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យ២នាក់ នាំមកសួរនាំ ពាក់ព័ន្ធករណីឆក់កាបូប របស់ជនជាតិវៀតណាម២។

នគរបាលក្រុងបាវិត បានឲ្យដឹងថា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ថា ពេលកម្លាំងចុះល្បាតនៅពេលយប់ខាងមុខផ្លូវកំពង់ស្ពាន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក៏បានឃើញជនជាតិវៀតណាម២នាក់ ជិះម៉ូតូដេញនៅលើផ្លូវជាតិលេខ១ ហើយស្រែកឲ្យជួយថា ត្រូវចោរឆក់កាបូប។

ភ្លាមៗនោះសមត្ថកិច្ចបានដេញចាប់ រហូតដល់ចំណុចខាងលិចម៉ាតចិន ជនសង្ស័យទាំង២នាក់ បានផ្តួលម៉ូតូ រួចរត់គេចខ្លួន ចូលក្នុងបរិវេណផ្ទះឈ្មោះ ហេង។ ដោយមានការចូលរួមសហការល្អពីម្ចាស់ផ្ទះ សមត្ថកិច្ចក៏បានឃាត់ ជនសង្ស័យទាំងពីរនាក់ រួមនឹងកាបូប នាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីសួរនាំ។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះឈ្មោះ ង្វៀង ធីម៉ាយលីន (NGUYEN THI MAI LINH) ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិវ៉ាប៉ិន ឃុំវ៉ិនថាន់ ស្រុកញើងចាក់ ខេត្តដុងណាយ។ បច្ចុប្បន្នស្នាក់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត និងឈ្មោះ ង្វៀង ធីធុយសួង (NGUYEN THI TUYET XUAN) ភេទស្រី អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិមួយ ឃុំប៉ិនថាន់ ស្រុកទីហ្វុង ខេត្តប៉ិនធឹង។ បច្ចុប្បន្នស្នាក់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ ឈុត សាមាន អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតារាងបាល់ សង្កាត់ស្វាយរៀង និងឈ្មោះ អែម សំណាង អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវាលយន្ត សង្កាត់ស្វាយរៀង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារថា ពួកគេទាំង២នាក់ ធ្លាប់ឆក់កាបូបបានសម្រេច២លើកប្រាកដមែន។ បន្ទាប់ពីសារភាព, ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចសុំគោលការណ៍ឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕