(ភ្មំពេញ)៖ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បានរៀបចំពិធីប្រគល់ និងទទួលប័ណ្ណអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៣-២០២៤ ដែលមាននិស្សិតថ្មី ក្រុមការងារសមាគមនិស្សិត និងអាណាព្យាបាលនិស្សិតសរុបប្រមាណ១៧០នាក់ ក្រោមអធិបតីភាពលោក អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សតកម្ពុជា ប្រចាំសារណរដ្ឋប្រជាមានិតចិន និងជាជំនួយការសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធិសភាកម្ពុជា។

ក្នុងអង្គពិធីលោក អ៊ុំ វុទ្ធទី ប្រធានក្រុមប្រឹក្សាភិបាលសមាគម បានប្រកាសបញ្ជូលសមាជិកថ្មីរបស់សមាគមនិស្សិត ដែលជានិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលចិន ដែលហៅកាត់ថា CSC សរុប១៥៦នាក់ ដែលត្រូវទៅបន្តការសិក្សានៅទីក្រុងប៉េកាំង ទីក្រុងសៀងហៃ ទីក្រុងធានជីង និងនៅតាមបណ្តាខេត្តផ្សេងៗទៀត នៅក្នុងប្រទេសចិន។ ឆ្នាំ២០២៣នេះ កំណើននិស្សិតកម្ពុជា ដែលបន្តការសិក្សានៅប្រទេសចិន រហូតដល់១៣៥០នាក់ ហើយសុទ្ធសឹងជាសមាជិក សមាជិការបស់សមាគមនិស្សិត។

កញ្ញា ហោ រស្មី អនុប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានសមាគមនិស្សិតអាណត្តិទី៦ បានធ្វើបទបង្ហាញណែនាំ អំពីនិតីវិធីស្នើសុំវីសា និងណែនាំអំពីរៀបទិញសំបុត្រយន្តហោះដល់និស្សិតថ្មីៗ ដែលមិនធ្លាប់ទៅប្រទេសចិននាពេលកន្លងមក ព្រមទាំងការណែនាំការរៀបចំត្រៀមខ្លួនសម្រាប់ការធ្វើដំណើរទៅបន្តការសិក្សានៅប្រទេសចិន។

លោក ស៊ូ សិទ្ធិគុណ សមាជិកក្រុមប្រឹក្សាភិបាល ជាអ្នកទទួលបន្ទុកពិនិត្យ និងរៀបចំឯកសារស្នើសុំវីសារ បានលើកឡើងថា សមាគមនិស្សិតដើរតួយ៉ាងសំខាន់ ក្នុងការសម្របសម្រួលកិច្ចការនិស្សិត ជាពិសេសនិស្សិតថ្មី ដែលមិនធ្លាប់ទៅប្រទេសចិន ដើម្បីឱ្យពួកគាត់ទទួលបានភាពងាយស្រួល និងទទួលភាពកក់ក្តៅ សមាគមបានរៀបចំក្រុមការងារទទួលបន្ទុកកិច្ចការសម្របសម្រួលវីសារ ការទិញសំបុត្រយន្តហោះ និងការណែនាំនិស្សិតចាស់ថ្មីឱ្យបានស្គាល់គ្នា ជាពិសេសក្រុមការងារស្ម័គ្រចិត្តទទួលនិស្សិតថ្មីនៅព្រលានយន្តហោះផងដែរ។

និស្សិតឈ្មោះ ឯម រក្សា ជានិស្សិតជ័យលាភីអាហាររូបករណ៍រដ្ឋាភិបាលចិន(CSC)ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលនឹងត្រូវទៅបន្តការសិក្សានៅសាកលវិទ្យាល័យ Beijing Normal University ជំនាញ Comparative Education បានលើកឡើងថា «នាងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ និងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អ៊ុំ វុទ្ធទី និងសមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋ ប្រជាមានិតចិន ទាំងមូលដែលតែងតែខិតខំជួយជ្រោមជ្រែង សម្របសម្រួល និងដោះស្រាយបញ្ហានានា ដល់និស្សិតកម្ពុជាដែលទៅបន្តការសិក្សា នៅសាធារណរដ្ឋប្រជាមានិតចិនកន្លងមក»

និស្សិតឈ្មោះ ស្រ៊ីម ភារុណ ជានិស្សិតទទួលបានជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលចិន(CSC) 2023 ថ្នាក់បរិញ្ញាបត្រទៅបន្តការសិក្សានៅសាកលវិទ្យាល័យ Southern Medical University សិក្សាជំនាញ វេជ្ជសាស្រ្ត នៅខេត្ត Guangdong បានឡើងលើកថា «ខ្ញុំបាទពិតជាមានសេចក្តីរំភើប និងរីករាយដែលបានមកទទួល Admission Notice នឹង ឯកសា JW201 ពីសមាគមនិស្សិត។ ក្នុងនាមខ្ញុំជានិស្សិតទទួលបានអាហារូបករណ៍មួយរូប ខ្ញុំពិតជាមានអារម្មណ៍រំភើបយ៉ាងខ្លាំង នៅពេលដែលខ្ញុំបានស្តាប់ពីការណែនាំល្អៗ ក៏ដូចជាបទពិសោធន៍ទៅសិក្សានៅប្រទេសចិន។ ជាចុងក្រោយ ខ្ញុំសូមអរគុណដល់សមាគមនិស្សិត ដែលបានជួយណែនាំនិតិវិធីផ្សេងៗដល់ក្រុមនិស្សិតថ្មី ដោយទទួលបានព័ត៌មានពិត នឹងធ្វើឲ្យនិស្សិតមានទំនុកចិត្តក្នុងទៅសិក្សានៅប្រទេសចិន»

និស្សិតឈ្មោះ រីន សេងថៃ ជានិស្សិតថ្នាក់បរិញ្ញាបត្រដែលត្រៀមទៅសិក្សានៅទីក្រុងវូហានខេត្តហូប៊ីប្រទេសចិននៅដើមខែកញ្ញាខាងមុខនេះ បានលើកឡើងថា «ខ្ញុំបាទពិតជាមានសេចក្តីសប្បាយចិត្ត រីករាយយ៉ាងខ្លាំង ក្រោយពីទទួលបាននូវប័ណ្ណអាហារូបករណ៍ ហើយក៏បានចូលទៅស្តាប់ពីការណែនាំនិងបង្ហាយផ្លូវពីសំណាក់ថ្នាក់ដឹកនាំរបស់សមាគមទៀតផង។ បន្ថែមពីនេះទៅទៀត ឯកឧត្តម អ៊ុំ វុទ្ធទី ដែលជាថ្នាក់ដឹកនាំរបស់សមាគមក៏បានរៀបរាប់ពីរបៀបរស់នៅនិងរបស់របដែលគួរត្រៀមយកទៅចំនួនមុនពេលចេញទៅសិក្សាដល់និស្សិតគ្រប់រូប ដែលធ្វើឲ្យខ្ញុំផ្ទាល់ក៏ដូចជានិស្សិតផ្សេងទៀត កាន់តែមានភាពទុកចិត្តមុនពេលចេញទៅសិក្សានៅប្រទេសចិន»

និស្សិតឈ្មោះ ហាប់ រឹទ្ធី ជានិស្សិតដែលនឹងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលា China University of Geoscience Wuhan មុខជំនាញ Network and Information Security បានលើកឡើងថា «រូបខ្ញុំ បានយល់ដឹងអំពីដំណើរការនៃការស្នើរសុំទិដ្ឋការ ព្រមទាំងបានអនុវត្តផ្ទាល់និងយល់ច្បាស់អំពីអ្វីដែលគួរធ្វើនិងមិនគួរធ្វើពេលទៅសិក្សានៅប្រទេសចិន ព្រមទាំងស្រាយរាល់ចម្ងល់ដែលធ្លាប់មាន មុនពេលចូលរួមកម្មវិធី និងទទួលបានភាពជឿជាក់ជាងមុន។ ដូច្នេះក្នុងនាមខ្ញុំជានិស្សិតអាហារូបករណ៍ម្នាក់ ខ្ញុំពិតជាទទួលបានភាពកក់ក្តៅខ្លាំងដោយសារតែមានខាងសមាគមនិស្សិតបន្តរជួយជ្រោមជ្រែង និងលើកទឹកចិត្ត»

និស្សិតឈ្មោះ ផន រ៉ាប៉ីន ជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មុខជំនាញ International Development នៅ University of International Business and Economics (UIBE) នៅទីក្រុងប៉េកាំង បានលើកឡើងថា «យើងខ្ញុំជានិស្សិតមិនមានមន្ទិល និងការព្រួយបារម្ភចំពោះត្រៀម និងធ្វើដំណើរទៅបន្តការសិក្សានៅប្រទេសចិនទៀតនោះទេ។ សូមអរគុណដល់សមាគមដែលបានរៀបចំពិធីនេះឡើង ដើម្បីចែករំលែកដល់និស្សិតទាំងអស់»។

ជាចុងក្រោយនិស្សិតចាស់ថ្មីទាំងអស់ បានថ្លែងអំណរគុណ និងដឹងគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ដែលបាន និងកំពុងបន្តសហការរួមគ្នាផ្តល់អាហារូបករណ៍ដល់យុវជននិស្សិតកម្ពុជា បានទៅបន្តការសិក្សានៅប្រទេសចិន ជារៀងរាល់ឆ្នាំ។ ព្រមទាំងប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា នាពេលដ៏ខ្លីខាងមុខនេះ៕