(កំពង់ចាម)៖ ក្នុងឱកាសដែលប្រជាពលរដ្ឋជាពុទ្ធបរិស័ទខ្មែរនៅទូទាំងប្រទេស ប្រារព្ធពិធីប្រគេនទៀនវស្សាតាមបណ្តាវត្តនានា នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកស្រី ញូង ចរិយា អ៊ុនចាន់ដា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាខេត្តកំពង់ចាម រួមជាមួយថ្នាក់ដឹកនាំខេត្តនិងស្ថាប័ន មន្ទីរអង្គភាពនានា បានអញ្ជើញប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ដល់ព្រះសង្ឃគង់ចាំព្រះវង្សានៅទីអារាមវត្តចំនួន៤ ក្នុងក្រុងកំពង់ចាម។

បន្ទាប់ពីធ្វើពិធីសាសនារួចមក ថ្នាក់ដឹកនាំខេត្តកំពង់ចាម បានវេរប្រគេនទេយ្យទានដល់វត្តចំនួន៤ ក្នុងនោះមានវត្តបឹងកុក វត្តបឹងស្នាយ វត្តដីដុះ និងវត្តជ្រោយថ្ម ដោយក្នុងមួយវត្តៗ មានដូចជា ទានវស្សាមួយគូ អង្គរ ១៥០ គីឡូក្រាម ទឹកសុទ្ធ ៥កេស ភេសជ្ជៈ១០កេស ត្រីខ ១កេស ទឹកត្រី ១០យួរ ទឹកស៊ីអ៊ីវ ១០យូរ មី ១កេសធំ ទឹកដោះគោ ១កេសធំ ស្ករស ១០គីឡូក្រាម តែ ១០គីឡូក្រាម និងបច្ច័យ ជាង ៣លានរៀល ។ ក្នុងនោះដែរព្រះសង្ឃចំនួន ៧ អង្គ ក្នុង ១អង្គៗ ប្រគេនបច្ច័យ ១០ ម៉ឺនរៀលផងដែរ។

គួររំលឹកផងដែរថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបាន រៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្លួនតាមពុទ្ធឱវាទ។ បងប្អូនដែលជាអ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធី បុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេនព្រះសង្ឃតាមលទ្ធភាពផងដែរ។

សម្រាប់វត្តអារាមនីមួយៗក្នុងរយៈពេល៣ខែ ក្នុងរដូវធ្លាក់ភ្លៀង មិនអនុញ្ញាតឱ្យនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយលើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុក ម្តាយឈឺធ្ងន់ ឬនិមន្តទៅសម្ដែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញ ក្នុងរយៈពេល ៧ថ្ងៃ៕