(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកបង្ហាញជាទស្សនៈសម្រាប់​ការដឹកនាំថា «ត្រឹមមានគំនិតនិងឆន្ទៈមិនគ្រប់គ្រាន់ទេ បើយើងមិនធ្វើ ឬមិនហ៊ានធ្វើ»

អនាគតនាយករដ្ឋមន្ត្រីអាណត្តិថ្មី ដែលនឹងចូលគ្រងតំណែង​នាពេល​ដ៏ខ្លី​ខាង​មុខរូបនេះ បានគូសរំលេចទៀតថា ធ្វើកិច្ចការអ្វីមួយ ត្រូវផ្តល់តម្លៃទៅលើលទ្ធ​ផល​ជាក់ស្តែង...។ លទ្ធផលទោះជាតូច ឬតិចយ៉ាងណា ដែលកើតចេញ​ពីការ​ធ្វើសកម្មភាពជាក់ស្ដែង គឺនៅតែប្រសើរជាងការត្រឹមតែបញ្ចេញ​នូវមតិ ឬគំនិត​ធំៗ ឬត្រឹមតែការសម្ដែងនូវឆន្ទៈមោះមុតក្នុងការធ្វើ ប៉ុន្តែមិនធ្វើ ឬមិនហ៊ាន​ធ្វើ​អ្វីសោះ។

យោងតាមការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជា​ជន​កម្ពុជា នាពេលកន្លងទៅ លោកបណ្ឌិត ហ៊ុន ម៉ាណែត វ័យប្រមាណ ៤៦ឆ្នាំ នឹងត្រូវក្លាយជានាយករដ្ឋមន្ត្រីនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះហើយ។ ចាប់ពីថ្ងៃទី២២ ខែសីហា តទៅលោកបណ្ឌិត នឹងក្លាយទៅជាអ្នកទទួលខុសត្រូវខ្ពស់លើជោគជ័យវាសនាប្រទេសជាតិ បន្តពីសម្តេចតេជោ ហ៊ុន សែន៕