(ភ្នំពេញ)៖ បុគ្គលសំខាន់ៗជាតិ និងអន្តរជាតិចំនួន៨រូប នឹងជួបគ្នាជជែកពីការ​បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ។

ជំនួបនេះធ្វើឡើងតាមរយៈកិច្ចពិភាក្សាពិសេសរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា នៅរសៀលថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣នេះ។ កិច្ចពិភាក្សា​ពិសេស​នេះធ្វើឡើងក្រោមប្រធានបទ «ការបោះឆ្នោតនៅកម្ពុជា៖ ជម្រើស​របស់ប្រជាពលរដ្ឋត្រូវបានលាតត្រដាង»។

កិច្ចពិភាក្សានេះ សម្របសម្រួលដោយលោកបណ្ឌិត គិន ភា ប្រធានវិទ្យា​ស្ថាន​ទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា។ ដោយឡែកវាគ្មិនដែល​បង្ហាញ​​ក្នុង​កិច្ចពិភាក្សា​នេះរួមមាន៖ លោក ឌឹម សុវណ្ណារុំ សមាជិក​គណៈ​កម្មការ​​ធិការជាតិរៀបចំការបោះឆ្នោត, លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខា​ធិការ​ក្រសួងយុត្តិធម៌, លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សា​ភិបាល​នៃវេទិកា​សម្ព័ន្ធសង្គមស៊ីវិល, លោក Luca SCHIO ប្រធានសម្ព័ន្ធអ្នកសង្កេត​ការណ៍​ការបោះឆ្នោតអន្តរជាតិ ដែលមាន​មូល​ដ្ឋាននៅទីក្រុងប៉ារីស (IAEO), លោក Hubert Moshe HADDAD ទីប្រឹក្សាប្រធានាធិបតីកូតឌីវ័រ និងលោក Francis Gabriel OKE លេខាធិការ​អចិន្ត្រៃយ៍នៃសហគមន៍សេដ្ឋកិច្ច នៃរដ្ឋ​អាហ្វ្រិក​ខាងលិច ដែលមាន​ប្រទេស​ចំនួន១៥ នៅអាហ្វ្រិកខាង​លិចជា​សមា​ជិក (ECOWAS) (ចូលរួមតាមរយៈ Zoom) និងលោកបណ្ឌិត ឈាង វណ្ណា​រិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ ប្រទេស កម្ពុជា បានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដោយ​មាន​គណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៨។ ប្រជាពលរដ្ឋរហូត​ដល់​ទៅជាង ៨៤ភាគរយ នៃចំនួនប្រជាពលរដ្ឋ​ក្នុង​បញ្ជីឈ្មោះ​បោះ​ឆ្នោត​ជិត​១០លាននាក់ បានចេញទៅបោះឆ្នោត។

លទ្ធផលបណ្តោះអាសន្នចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រជាង ៦​លាន​​នាក់ ហើយគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រជាង ៧០​ម៉ឺន​នាក់។

តាមសំឡេងឆ្នោតដែលបានបង្ហាញនេះ គណបក្សប្រជាជនកម្ពុជា អាចនឹង​ទទួល​បានអាសនៈនៅក្នុងរដ្ឋសភាចំនួន ១២០អាសនៈ ហើយគណបក្សហ៊្វុន​ស៊ិនប៉ិចទទួលបានអាសនៈនៅក្នុងរដ្ឋសភា ៥អាសនៈ៕