(ភ្នំពេញ)៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១)បានបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចជិតផ្សាររាត្រី សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនបាន បុរសជនជាតិ២នាក់ និងស្ដ្រីជនជាតិចិនម្នាក់ រួមជាមួយនឹងថ្នាំញៀនជិត៥គីឡូក្រាម។
ប្រតិបត្ដិការនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់ ពីឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
ការចុះបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ដោយកម្លាំងនគរបាលការិយាល័យ «ក១» នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ពុធ ស៊ុនរស្មី អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអជ្ញារង សាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្ដនៅចំជិតផ្សាររាត្រី សង្កាត់ផ្សារាចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញ បានចាប់យកវត្ថុតាងជាសារធាតុញៀន ប្រភេទក្រាមពណ៌ស ទម្ងន់៤.៨៦ក្រាម (ជិត៥គីឡូក្រាម)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី។
សូមជម្រាបថា ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានប្តេជ្ញាចិត្តខ្ពស់ ក្នុងបង្ក្រាបបទល្មើសគ្រឿងដូចភ្លៀងរលឹម នៅទូទាំងប្រទេស ឲ្យដល់ឫសគល់៕