(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជួន និងក្រសួងទេសចរណ៍ នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយវិនិយោគិនលើ «ការអនុវត្តផ្នែកប្រតិបត្តិការ និងការថែទាំ (Operation and Maintenance - O&M) គម្រោងកំពង់ផែទេសចរណ៍ខេត្តកំពត ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន»

សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ​នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញនិង តាមរយៈប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីវិស័យឯកជន ដូចជាប្រតិបត្តិករ កំពង់ផែទេសចរណ៍ក្នុងស្រុក តំបន់ និងអន្តរជាតិ ក៍ដូចជាក្រុមហ៊ុននាវាចរណ៍ និងក្រុមហ៊ុនវិនិយោគឯកជននានា ដើម្បីបង្កើតជាឱកាសក្នុងការពិភាក្សា និងផ្តល់មតិយោបល់លើការគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ខេត្តកំពត សម្រាប់គោលដៅនៃការអភិវឌ្ឍវិស័យទេសចរណ៍ នៅតំបន់ឆ្នេរសមុទ្រក្នុងខេត្តកំពត ខេត្តកែប និងតភ្ជាប់គោលដៅទេសចរណ៍ ពីកម្ពុជាទៅកោះត្រល់ និងប្រជុំកោះនានាជុំវិញតំបន់ជាប់សមុទ្រ។

សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ​លោក ឱម ម៉ាក់ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងផ្តល់នូវព័ត៌មានពាក់ព័ន្ធគម្រោង​ ព័ត៌មានទីផ្សារ តម្រូវការផ្នែកបច្ចេកទេស និងប្រតិបត្តិការ លក្ខខណ្ឌនៃការដេញថ្លៃ​ និងក្របខណ្ឌពេលវេលា ក្នុងការរៀបចំអភិវឌ្ឍគម្រោងកំពង់ផែទេសចរណ៍ខេត្តកំពត៕