(ស្វាយរៀង)៖ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត នៅព្រឹកថ្ងៃទី២ ខែសីហាឆ្នាំ២០២៣ បានអញ្ជើញប្រកាសចូលកាន់មុខតំណែង លោក ថន ថាចិន្តា ជាអភិបាលរងស្រុកស្វាយជ្រំ ជំនួសលោក ប៊ូ សំអូន ដែលត្រូវចូលនិវត្តន៍ ដែលប្រព្រឹត្តទៅនៅសាលប្រជុំ សាលាស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ពីលោក លោកស្រី ជាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក តំណាងកងកម្លាំងទាំងបីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត ប្រធានការិយាល័យ មន្ត្រីរាជការចំណុះសាលាស្រុក លោកមេឃុំ និងលោកមេប៉ុស្តិ៍ទាំង១៦ឃុំ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត
លោកបណ្ឌិត តូច ប៉ូលីវ៉ា បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងស្រុក ដែលកន្លងមក បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្តបំពេញតួនាទីភារកិច្ច ប្រកបដោយសាមគ្គីភាព ក្នុងជួរគណៈ អភិបាលស្រុក និងមន្ត្រីរាជការទាំងអស់ធ្វើឱ្យស្រុករបស់ខ្លួនសម្រេចបាននូវលទ្ធផលល្អប្រសើរទាំងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការថែរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈផងដែរ។
លោកបានធ្វើការផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម៖
*១៖ ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារទំនាក់ទំនងការងារឱ្យបានល្អប្រកបដោយប្រសិទ្ធភាពខ្ពស់
*២៖ ត្រូវចូលរួមសហការជួយការងាររដ្ឋបាលស្រុក គណៈអភិបាលស្រុក ឱ្យបានល្អ ពិសេសមានការគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ
*៣៖ អាជ្ញាធរស្រុកជាប់ព្រំដែនប្រទេសជិតខាង និងកងកម្លាំងមានសមត្ថកិច្ចនានា ត្រូវបង្កើនកិច្ចសហការក្នុងការគ្រប់គ្រងព្រំដែន សំដៅថែរក្សាការពារឱ្យបាននូវបូរណភាពទឹកដី
*៤៖ ត្រូវចូលរួមលើកកម្ពស់ការផ្ដល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព
*៥៖ ត្រូវចូលរួមបង្កើនកិច្ចសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា
*៦៖ គណៈអភិបាលស្រុក ត្រូវរៀបចំធ្វើការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ក្នុងជួរគណៈអភិបាលស្រុកឱ្យបានច្បាស់លាស់ ស្របតាមសេចក្ដីណែនាំលេខ០៤៧ សណន ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ
*៧៖ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ត្រូវយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រង វត្តមាន និងការបំពេញការងាររបស់មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលសាលាស្រុក ព្រមទាំងត្រូវរៀបចំ និងដាក់ឱ្យអនុវត្តនូវលក្ខខណ្ឌការងារជូនមន្ត្រីរាជការរបស់ខ្លួន ស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ
*៨៖ អាជ្ញាធររដ្ឋបាលស្រុក គ្រប់លំដាប់ថ្នាក់ ត្រូវបន្តការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ការរំលោភបំពានយកដីចំណីផ្លូវសាធារណៈពីសំណាក់ប្រជាពលរដ្ឋ មកធ្វើជាកម្មសិទ្ធឯកជន
*៩៖ អភិបាលស្រុក ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវខិតខំ បន្តអនុវត្តបទបញ្ជារបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តឱ្យបានម៉ឺងម៉ាត់
*១០៖ ត្រូវចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋឱ្យបានញឹកញាប់ ដើម្បីក្តាប់ឲ្យបាននូវតម្រូវ ការ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីមានវិធានការដោះស្រាយឱ្យបានសមស្របទាន់ពេលវេលា៕