(ភ្នំពេញ)៖ នៅរាត្រីថ្ងៃអាទិត្យទី៣១ ខែកក្កដា ឆ្នាំ២០១៦ថ្មីៗនេះ ភ្ញៀវហ្វេសប៊ុកម្នាក់ ដែលបានប្រើឈ្មោះវៀតណាម ជា Pham Duc Hien បានសរសេរ រិះគន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាដូច្នេះថា «លោកហ៊ុនសែនក្បត់វៀតណាម»។ ជាបន្ទាន់ភ្លាមនោះ សម្តេចតេជោ ហ៊ុន សែន បានសរសេរតបទៅបុគ្គលឈ្មោះ Pham Duc Hien វិញថា «ហេតុអ្វីបានជាលោកនិយាយថា ខ្ញុំក្បត់វៀតណាម?

តើវៀតណាមជាឪពុកខ្ញុំ ឬជាមហាក្សត្រខ្ញុំឬ? លោកត្រូវដឹងថា អ្នកដែលខ្ញុំត្រូវស្មោះត្រង់គឺជាតិខ្មែររបស់ខ្ញុំ ព្រះមហាក្សត្រកម្ពុជាជាទីសក្ការៈរបស់ខ្ញុំ និងភរិយាជាទីស្រឡាញ់របស់ខ្ញុំ វៀតណាមមិនមែន ជាចៅហ្វាយរបស់ខ្ញុំ ដែលខ្ញុំត្រូវស្មោះត្រង់នោះទេ។

បើលោកជាជនជាតិវៀតណាមរស់នៅកម្ពុជា ស្របច្បាប់ត្រូវគោរពច្បាប់កម្ពុជា បើរស់នៅមិនស្របច្បាប់ត្រូវចាកចេញពីកម្ពុជា និងបើរស់នៅវៀតណាម សុំស្រឡាញ់មេដឹកនាំវៀតណាមទៅ។ ខ្ញុំជាមេដឹកនាំកម្ពុជាដែលមាន ឯករាជ្យអធិបតេយ្យភាពដែលត្រូវទំនាក់ទំនងជាមួយ មេដឹកនាំវៀតណាម ដោយស្មើភាពនិងស្មើសិទ្ធិ។ សុំលោកបញ្ជូនសារនេះជូនមេដឹកនាំវៀតណាមផង បើលោកជាជនជាតិវៀតណាមត្រឹមត្រូវមែន ពីព្រោះខ្ញុំស្គាល់ច្បាស់ចរិត មេដឹកនាំវៀតណាម ដែលតែងតែគោរពនូវឯករាជ្យអធិបតេយ្យភាពរបស់កម្ពុជា ខុសពីអាម៉ីអាថោងដូចរូបលោកនេះឯង»។

អាស្រ័យដូចបានពណ៌នាយ៉ាងខ្លីខាងលើនេះ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ប្រជាជាតិខ្មែរក្តី ឬអ្នកសង្កេតការណ៍អន្តរជាតិក្តីមុខជាអស់មន្ទិលសង្ស័យ ទៅលើនយោបាយមិនប្រាកដប្រជាជាមួយ ឬនយោបាយរណបវៀតណាម​ នោះទៀតហើយ។

អំណើះពីពេលនេះតរៀងទៅជនជាតិខ្មែរគ្រប់រូបគួរតែមានមោទនភាព និងសេចក្តីទុកចិត្តលើគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ក្នុងការកាច់ចង្កូតនាវាកម្ពុជាឆ្ពោះទៅរកត្រើយអភិវឌ្ឍន៍ និងសុភមង្គលជាដរាបរៀងទៅហោង។

ស៊ីដនី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦, លោកសាស្រ្តាចារ្យបរិញ្ញា ពៅ សាវ៉ាត អតីតសមាជិកព្រឹទ្ធសភា អាណត្តិទី១