(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង និងលោកស្រី ជា ស៊ីណា ឃួងស្រេង ព្រមទាំងមន្រ្តីរាជការ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ បាននាំយកទៀនវស្សា បច្ច័យ និងទេយ្យទានមួយចំនួន មកប្រគេនជូនព្រះសង្ឃ គង់ចាំព្រះវង្សាអស់កាលត្រីមាស នៅតាមបណ្តាវត្ត ចំនួន១៥១វត្ត និងសាលាបុណ្យចំនួន៥កន្លែង នៅក្នុងរាជធានីភ្នំពេញ។
ពីធីនេះបានធ្វើឡើង នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ នៅវត្តព្រះបារមីវង្កតបូរី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយក្នុង១៥១វត្ត និងសាលាបុណ្យ៥កន្លែង ក្នុងមួយវត្តៗ ទទួលបានថវិកាចំនួន ១០០,០០០រៀល, ទៀនវស្សា០១គូ, អង្ករ១០០គីឡូក្រាម, សាដក០១, ស្ករស០១បាវ (២៥គីឡូក្រាម), ទឹកដោះគោខាប់០១កេស (៤៨កំប៉ុង), ទឹកក្រូច០៤កេស, ទឹកបរិសុទ្ធ ៤កេស, មីចំនួន៤កេសតូច, ត្រីខកំប៉ុង១កេស (១០០កំប៉ុង)។
ក្រៅពីប្រគេនទៀនវស្សា បច្ច័យ និងទេយ្យទានមួយចំនួនខាងលើហើយនោះ លោក ឃួង ស្រេង និងលោកស្រី ជា ស៊ីណា ឃួងស្រេង ព្រមទាំងមន្រ្តីរាជការ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ នូវបានប្រគេនបច្ច័យ សម្រាប់កសាងទីអារាមវត្តព្រះបារមីវង្កតបូរីនេះ ចំនួន១,៩៩៥០,០០០រៀល (ជាង១៩លាន) និង១,៥០០ដុល្លារ ជាមួយនិងការប្រគល់ជូនយាយជី តាជី នៅក្រណាត់ស និងថវិកាមួយចំនួនផងដែរ។
គួរបញ្ជាក់ថា ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។ ជាទម្លាប់ពិធីនេះត្រូវចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់បងប្អូន និងចាស់ទុំចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារៈប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា និងសម្ភារៈប្រគេនដល់ព្រះសង្ឃ។
ក្នុងអំឡុងពេលចូលវស្សានេះ មានរយៈពេល៣ខែនេះ ប្រជាពលរដ្ឋ ដែលគោរពព្រះពុទ្ធសាសនា ធ្វើចង្ហាន់ នំចំណី និងគ្រឿងប្រើប្រាស់ផ្សេងៗ ទៅប្រគេនជាបន្តបន្ទាប់ សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងអំឡុងពេលនេះផងដែរ៕