(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារថ្លែងអំណរគុណ លោក ង្វៀន ភូជុង (Nguyen Phu Trung) អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដែលបានផ្ញើសារជូនពរ និងអបអរសាទរជូនសម្ដេច នៅក្នុងឱកាសទទួលបានជ័យជំនះលើការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។

តាមរយៈសារលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ « តាងនាមឱ្យគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាល ជ្រៅ និងដោយស្មោះស្ម័គ្រចំពោះសារអបអរសាទរយ៉ាងកក់ក្ដៅរបស់ឯកឧត្តម សម្រាប់ក្នុងឱកាស ជោគជ័យដ៏ធំធេងរបសគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតសាកលជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ »។

សម្តេចតេជោមានសេចក្តីរីករាយយ៉ាងខ្លាំងដែលទំនាក់ទំនងដ៏ស្និទ្ធស្នាល និងយូរអង្វែង ព្រមទាំងកិច្ចសហ ប្រតិបត្តិការដ៏ជិតស្និទ្ធរបស់យើងត្រូវបានពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនៅគ្រប់វិស័យ និង គ្រប់កម្រិត ក្រោមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។

ក្នុងន័យនេះ សម្តេចសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវៀតណាមសម្រាប់ការគាំទ្រឥត ងាករេចំពោះការអភិវឌ្ឍជាតិរបស់កម្ពុជា និងសូមបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាដ៏មុះមុតរបស់កម្ពុជា ក្នុងការបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើររវាងបក្សនិងបក្ស រដ្ឋាភិបាលនិងរដ្ឋាភិបាល និងប្រជាជន នឹងប្រជាជនរបស់យើង ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជាតិយើងទាំងពីរ។ សម្តេចនឹងបន្ត ធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកអគ្គលេខាធិការ ដើម្បីលើកកម្ពស់ទំនាក់ទំនងល្អដែលមានស្រាប់ និងកិច្ចសហ ប្រតិបត្តិការប្រកបដោយផ្លែផ្ការបស់យើងឱ្យឈានដល់កម្រិតថ្មីមួយទៀត។

សម្តេចបានជូនពរបវរមហាប្រសើរជូន ចំពោះ លោកអគ្គលេខាធិការ សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ សុភមង្គល និងបន្តទទួលបាន ជោគជ័យនៅក្នុងភារកិច្ចដ៏ឧតុង្គឧត្តម៕