(ពោធិ៍សាត់)៖ លោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងលោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី បាននាំយករទេះជនពិការ៥គ្រឿង ជាអំណោយរបស់លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល និងអង្ករ១៥០គីឡូក្រាម ជាអំណោយរបស់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ទៅចែកជូនពិការ៥នាក់ ដែលរស់នៅក្នុងឃុំអូរតាប៉ោង ស្រុកបាកាន នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦នេះ។
ក្នុងឱកាសនោះដែរ លោកស្រី ឯម ប៉ុណ្ណា និងលោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក ស៊ុយ សែម និងលោក ម៉ៅ ធនិន ដែលលោកទាំងពីរ តែងតែគិតគូរដល់ការលំបាក ខ្វះខាត ក្នុងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសជនពិការនេះតែម្តង។ ជាមួយគ្នានោះលោក និងលោកស្រី បានអំពាវនាវ ឲ្យបងប្អូនទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គំរូថ្មីឲ្យបានគ្រប់ៗគ្នា ដើម្បីជាអត្ថប្រយោជន៍របស់បងប្អូន ជាពិសេសបម្រើក្នុងកិច្ចការសង្គម។
គួរបញ្ជាក់ថាជនពិការទាំង៥នាក់ មកពី៣ភូមិ ក្នុងឃុំអូរតាប៉ោង គឺភូមិបត់គគីរចាស់៣នាក់ ភូមិស្រះម្កាក់ម្នាក់ និងភូមិឧញ៉ាមាន់ម្នាក់ ដោយក្នុងម្នាក់ៗទទួលបាន រទេះជនពិការ១គ្រឿង អង្ករ៣០គីឡូក្រាម និងថវិកាមួយចំនួនផងដែរ៕