(កំពង់ឆ្នាំង)៖ ដោយក្ដីនឹករលឹកស្រលាញ់ជាពន់ពេក ចង់ជួប ចង់ឱបឱ្យណែនពេញឱរ៉ា តាមចិត្ដប្រាថ្នា លោកយាយវ័យចំណាស់ម្នាក់ អាយុ៧៥ឆ្នាំ រស់នៅតែម្នាក់ឯងឯកកា យំអោបអំណោយរបស់កាកបាទក្រហមកម្ពុជា ប្រាប់បណ្ដាញ Fresh Newsថា នឹកកូនស្រី អរគុណកូនណាស់ (មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា) ដែលតែងតែជួយលោកយាយរហូតមក ពិសេសនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ បានជួយឧបត្ថម្ភទាំងស្បៀងឧបភោគ-បរិភោគ និងថវិកា ហើយថែមទាំងជួយសាងសង់ផ្ទះថ្មមួយខ្នងជូនលោកយាយថែមទៀត ដើម្បីឱ្យជីវិតចុងក្រោយរបស់លោកយាយ មានផ្ទះរស់នៅស្អាត ចៀសផុតពីភាពភ័យខ្លាចរស់ក្រោមលិចសាច ពីព្យុះភ្លៀងម្ដងៗ។
លោកយាយ គ្រែក ហ៊ី រស់នៅភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានថ្លែងទាំងទឹកភ្នែកហូរស្រក់មកម៉ាត់ៗថា «ម៉ែសប្បាយចិត្ដណាស់កូន (សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន) ម៉ែបានទទួលអំណោយដែលកូនឱ្យម៉ែហើយ ម៉ែអរគុណកូនណាស់»។
«តែម៉ែនឹកកូន នឹក ប៊ុន រ៉ានី ហ៊ុនសែន នឹកយូរឆ្នាំចាំមើលផ្លូវកូន ម៉ែបានបន់ឱ្យម្ចាស់ទឹក ម្ចាស់ដី ដល់ទេវតា ឱ្យកូន ប៊ុន រ៉ានី ហ៊ុនសែន មកជួបម៉ែ ព្រោះម៉ែនៅម្នាក់ឯងកូន ហើយនឹកដល់កូន (សម្ដេចតេជោ ហ៊ុន សែន) ដែរ។ ម៉ែនឹក ម៉ែធ្វើបុណ្យធ្វើទាន ម៉ែតែងរលឹកទៅកូន អ៊ុចធូបបន់ស្រន់ ឱ្យកូន ប៊ុន រ៉ានី មកជួបម៉ែ បានម៉ែខំរាល់ដល់ថ្ងៃនេះ ដោយសង្ឃឹមថា ថ្ងៃណាមួយនឹងបានជួបកូនម្ដាយ ខំរស់រង់ចាំថ្ងៃនោះមកដល់ តែម៉ែនៅតែមិនទាន់បានជួបកូន ម៉ែចង់ឱ្យកូនមកមើលម៉ែម្ដង ម៉ែអស់ចិត្ដហើយកូននៅជីវិតចុងក្រោយនេះ»។
ការលើកឡើងរបស់លោកយាយ គ្រែក ហ៊ី ដែលជាស្ដ្រីក្រមុំចាស់នៅក្នុងភូមិឃុំខាងលើនេះ ក្នុងឱកាសដែល សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា ចុះមកពិនិត្យមើលស្ថានប្រជាពលរដ្ឋដែលក្រខ្សត់លំបាក ដើម្បីផ្ដល់នូវអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគ-បរិភោគ និងពិនិត្យមើលលទ្ធភាពលោកតា លោកយាយចាស់ឥតទីពឹង ដែលមានជម្រករស់មិនសមរម្យ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ក្នុងតំបន់ដាច់ស្រយាលខាងលើនេះ។
លោកយាយ គ្រែក ហ៊ី ត្រូវ ឪពុកម្ដាយស្លាប់ចោល ក្រោយពេលប្រទេសជាតិបញ្ចប់សង្គ្រាម ទទួលបាននូវសនិ្ដភាពវិញ លោកយាយក៏បានបន្ដរស់នៅតែម្នាក់ឯង មកដល់បច្ចុប្បន្ននេះ។
សូមជម្រាបថា ការចុះមកពិនិត្យមើលទីតាំងដើម្បីសាងសង់ផ្ទះថ្មមួយខ្នង ជូនលោកយាយ គ្រែក ហ៊ី បានធ្វើឡើងបន្ទាប់ពី សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី រួមទាំងលោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង។ ក្នុងនោះលោកស្រីក៏បាននាំយកនូវអំណោយមនុស្សធម៌ ផ្ដល់ជូនដល់ចាស់ឥតទីពឹង និងស្ដ្រីមេម៉ាយកូនច្រើនដែលជួបទុក្ខលំបាក ចំនួន៦៧គ្រួសារថែមទៀត ដែលរស់នៅស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង៕