(បន្ទាយមានជ័យ)៖ អនុវត្តន៍តាមបទបញ្ជារបស់ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការវរសេនាតូចថ្មើរលេខ៥១៤ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ បានធ្វើការត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ ព្រមទាំងមធ្យោបាយ សម្ភារបម្រើដល់ការងារជួយសង្គ្រោះប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកមេបញ្ជាការ បានថ្លែងថា ដោយសារអាកាសធាតុមានភ្លៀងធ្លាក់ជាប់ជាប្រចាំ រួមជាមួយនឹងទឹកហូរធ្លាក់ពីប្រទេសថៃផងនោះ ស្ថានភាពទឹកភ្លៀងបានឡើងជាបន្តបន្ទាប់ ដូចនេះកងកម្លាំងទាំងអស់ត្រូវត្រៀមលក្ខណៈចេញអន្តរាគមន៍ ២៤ម៉ោង លើ២៤ម៉ោង តាមបទបញ្ជារបស់ថ្នាក់លើ ដើម្បីចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិ ឬយថាហេតុផ្សេងៗដែលកើតមានឡើង ក្នុងភូមិសាស្រ្តទទួលខុសត្រូវក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះដែរ លោកមេបញ្ជាការ បានណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវបំពេញតួនាទីភារកិច្ច តាមផែនការ និងបទបញ្ជារបស់ថ្នាក់លើឱ្យបានខ្ជាប់ខ្ជួនដើម្បីសម្រេចបានលទ្ធផលល្អជូនជាតិមាតុភូមិ និងប្រជាជន៕