(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី រួមជាមួយសហការី នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ បាននាំយកទៀនព្រះវស្សា បច្ច័យ ទេយ្យទាន សម្ភារៈ បរិក្ខាជាច្រើនមុខ ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន២៥វត្ត ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនាជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។
ព្រះសង្ឃត្រូវនៅក្នុងទីវត្តអារាមរយៈពេល៣ខែ ក្នុងរដូវធ្លាក់ភ្លៀង និងមិនអនុញ្ញាតឱ្យនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ដូចជាឪពុកម្តាយឈឺធ្ងន់ ឬនិមន្តទៅសម្តែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញក្នុងរយៈពេល ៧ថ្ងៃ។ ពិធីបុណ្យនេះចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ ១៥កើត ខែអស្សុជ។
ទេយ្យវត្ថុដែលត្រូវប្រគេនព្រះសង្ឃចំនួន២៥វត្ត ក្នុងមួយវត្តទទួលបាន៖ ទៀន ១គូ អង្ករ ៥០ គីឡូក្រាម ស្បង់ជីពោ ១ឈុត ស្លាដក១ ទឹកសុទ្ធ ១កេស ឃីត ២កញ្ចប់ និងបច្ច័យ ៣០០,០០០រៀល ។ ដោយឡែកវត្តស្វាយចេកទទួលបានបច្ច័យ ១,៦៣៥,០០០រៀល។ ចំណាយសរុប ចំនួន ២១,១១៩,៤០០រៀល។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានពាំនាំការសួសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ, លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ប្រគេនដល់ព្រះសង្ឃ លោកតា លោកយាយទាំងអស់ក្នុងស្រុកស្វាយចេក។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានសំណេះសំណាលសួសុខទុក្ខ ព្រះសង្ឃ យាយជី តាជី ពុទ្ធបរិស័ទប្រគេនពរ និងជូនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យ លោកអធិការនគរបាលក្រុងស្រុក លោកមេបញ្ជាការវរៈ លោកតា លោកយាយ ញាត្តិមិត្តទាំងអស់ដែលបានចូលបច្ច័យក្នុងពិធីបុណ្យនេះ សូមអនុមោទនាយកកុសកផលបុណ្យរៀងៗខ្លួន និងសូមទទួលបានសុខភាពល្អ និង ពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕