(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ អគារគន្ធបុប្ផា «សីហមុនី មុនិនាថ (អគារគន្ធបុប្ផាទី១ថ្មី)» បានដាក់ឱ្យដំណើរការរយៈពេល៤ឆ្នាំហើយ។ អគារមួយនេះ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងអមព្រះរាជដំណើរដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
អគារគន្ធបុប្ផា «សីហមុនី មុនិនាថ» ជាសមិទ្ធផលថ្មីមួយរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបានបំពាក់គ្រឿងបរិក្ខារពេទ្យទំនើប ហើយដើរតួនាទីសំខាន់ក្នុងការសង្គ្រោះជីវិតកុមារមានជំងឺធ្ងន់ធ្ងរ។ ក្នុងរយៈ៤ឆ្នាំនៃវត្តមានអគារព្យាបាលមួយនេះ មានកុមារកម្ពុជារហូតដល់ទៅជាង ២ពាន់នាក់ ត្រូវបានដណ្តើមជីវិតត្រឡប់មកវិញពីគ្រោះកាចនៃជំងឺផ្សេងៗ ដែលមានសភាពធ្ងន់ធ្ងរ។
នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ តំណាងក្រសួងសុខាភិបាល តំណាងមូលនិធិគន្ធបុប្ផាប្រទេសស្វីស និងប្រទេសកម្ពុជា ថ្នាក់ដឹកនាំមន្ទីរពេទ្យគន្ធបុប្ផា ក្រុមគ្រូពេទ្យ រួមទាំងអាណាព្យាបាល និងកុមារធ្លាប់ទទួលការព្យាបាលពីអគារមួយនេះផង បានរៀបចំពិធីជួបជុំគ្នាប្រារព្ធពិធីអបអរសាទរគម្រប់ខួប៤ឆ្នាំនៃការដាក់ឱ្យដំណើរការអគារគន្ធបុប្ផា «សីហមុនី មុនិនាថ»។
លោកវេជ្ជបណ្ឌិត គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ឆាកម្ពុជា បានថ្លែងបញ្ជាក់ថា អគារគន្ធបុប្ផា «សីហមុនី មុនិនាថ» បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះកុមារមានជំងឺធ្ងន់ធ្ងរដូចជាការវះកាត់បញ្ហាបេះដូង, វះកាត់ឆ្អឹង ខួរក្បាល សរសៃប្រសាទ និងការសង្គ្រោះបន្ទាន់កុមារ និងទារក។
លោកវេជ្ជបណ្ឌិត គី សន់ទី បានឱ្យដឹងថា ក្នុងរយៈពេលប្រមាណ៤ឆ្នាំមកនេះ អគារបម្រើការវះកាត់បេះដូងសរុប ១,៥៥៥នាក់, វះកាត់ឆ្អឹង ខួរក្បាល និងសរសៃប្រសាទ ៩,០៥៩នាក់។ បន្ថែមពីលើនោះ កុមារមានជំងឺធ្ងន់សម្រាកនៅក្នុងផ្នែកសង្គ្រោះបន្ទាន់ (PICU) ១,១៨២នាក់ និងទារកមានជំងឺធ្ងន់សម្រាកនៅក្នុងផ្នែកសង្គ្រោះបន្ទាន់ទារក (NICU) ១,៦៤៤នាក់។
វត្តមានអគារគន្ធបុប្ផា «សីហមុនី មុនិនាថ» បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាមរណភាពរបស់កុមារដែលមានជំងឺធ្ងន់ធ្ងរ ឬអាចនិយាយបានថា អគារគន្ធបុប្ផា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដណ្តើមជីវិតកុមារកម្ពុជា ពីមាត់ទ្វារមច្ចុរាជ។
អ្នកស្រី អៃ សះ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវបានអញ្ជើញចូលរួមក្នុងពិធីនាព្រឹកមិញផងដែរ។ កាលពីឆ្នាំ២០២២ កូនស្រីរបស់អ្នកស្រី អៃ សះ បានកើតជំងឺសួតធ្ងន់ធ្ងរ។ អ្នកស្រី បានរំលឹកថា កាលនោះអ្នកស្រីគ្មានសង្ឃឹមថា កូនស្រីអាចមានជីវិតនោះឡើយ ព្រោះថាស្ថានភាពជំងឺធ្ងន់ធ្ងរពេក។
អ្នកស្រី អៃ សះ បានរំលឹកថា កូនស្រីរបស់អ្នកស្រី សម្រាកព្យាបាលក្នុងអគារគន្ធបុប្ផា «សីហមុនី មុនិនាថ» រយៈពេល២៣ថ្ងៃ ក្រោមការយកចិត្តទុកដាក់ទាំងលើការព្យាបាល និងថែទាំខ្ពស់បំផុត។ មកដល់ពេលបច្ចុប្បន្នកូនស្រីរបស់អ្នកស្រី អៃ សះ ដែលមានអាយុជាង១០ឆ្នាំហើយនោះ មានសុខភាពល្អប្រសើរ ហើយអាចទៅសិក្សារៀនសូត្រ មិនមានការធ្វើទុក្ខផ្នែកសុខភាពនោះឡើយ។
អ្នកស្រី អៃ សះ បានលើកឡើងដែរថា មន្ទីរពេទ្យគន្ធបុប្ផាជាទេវតា ដែលបានជួយសង្គ្រោះជីវិតកូនស្រី ហើយបើគ្មានមន្ទីរពេទ្យនេះទេកូនស្រីរបស់អ្នកស្រីប្រហែលមិនអាចមានជីវិតដល់បច្ចុប្បន្ននោះឡើយ។ អ្នកស្រី បានចាត់ទុកវត្តមានមន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យដ៏សំខាន់សម្រាប់កុមារកម្ពុជា។
មន្ទីរពេទ្យគន្ធបុប្ផា គឺជាមន្ទីរពេទ្យមនុស្សធម៌ព្យាបាលដោយមិនមានយកប្រាក់កម្រៃអ្វីនោះឡើយ។ ដូច្នេះការផ្តល់សេវាព្យាបាលនៅក្នុងមន្ទីរពេទ្យ គឺពឹងផ្អែកទាំងស្រុងលើកម្លាំងមនុស្សធម៌ និងការបរិច្ចាគថវិកាពីសប្បុរសធម៌ ដែលក្នុងមួយឆ្នាំចំណាយប្រមាណជា ៤០លានដុល្លារ។ ទន្ទឹមនឹងការប្រឹងប្រែងផ្តល់សេវាព្យាបាលប្រកបដោយគុណភាពហើយនោះ មន្ទីរពេទ្យគន្ធបុប្ផា ក៏បានប្រឹងប្រែងពង្រឹង និងពង្រីកសេវាព្យាបាលឱ្យកាន់តែប្រសើរផងដែរ។ ការពង្រឹង និងពង្រីកសេវាព្យាបាលនេះ ក៏ពឹងអាស្រ័យទាំងស្រុងទៅលើកម្លាំងគាំទ្ររបស់សប្បុរសជនផងដែរ។
វត្តមានអគារគន្ធបុប្ផា «សីហមុនី មុនិនាថ» ដែលបំពាក់ដោយបរិក្ខារពេទ្យទំនើបៗនេះ គឺជាសមិទ្ធផលមួយកើតចេញពីការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា។ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន មូលនិធិគន្ធបុប្ផាកម្ពុជា បានលើកឡើងថា មូលនិធិគន្ធបុប្ផាកម្ពុជា ជាចំណែកមួយដ៏សំខាន់ ដែលនាំឱ្យមន្ទីរពេទ្យគន្ធបុប្ផាមានលទ្ធភាពសាងសង់ និងបំពាក់បរិក្ខារពេទ្យដ៏ទំនើបៗនៅក្នុងអគារគន្ធបុប្ផា «សីហមុនី មុនិនាថ» ធ្វើឱ្យការសង្គ្រោះជីវិតកុមារកម្ពុជាកាន់តែមានប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប៤ឆ្នាំនៃវត្តមានអគារគន្ធបុប្ផា «សីហមុនី មុនិនាថ» ទាំងប្រធានមន្ទីរពេទ្យគន្ធបុប្ឆាកម្ពុជា និងប្រជាពលរដ្ឋធ្លាប់ស្វែងរកការព្យាបាលពីមន្ទីរពេទ្យគន្ធបុប្ផា បន្តអំពាវនាវដល់សប្បុរសជនចូលរួមបរិច្ចាគថវិកាទៅកាន់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ដើម្បីធានាដល់និរន្តរភាពរបស់មន្ទីរពេទ្យ និងផ្តល់ស្នាមញញឹមដល់កុមារកម្ពុជា៕