(កំពង់ឆ្នាំង)៖ ចាស់ជរាឥតទីពឹង ស្ដ្រីមេមាយកូនច្រើនជួបទុក្ខលំបាក ចំនួន ៦៧គ្រួសារ រស់នៅភូមិវាលស្បូវ​ ឃុំតាំងក្រសាំង​ ស្រុកទឹកផុស​ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ បានទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

ពិធីនេះបានធ្វើឡើងនៅសាលាបុណ្យត្រពាំងនាគ ក្នុងភូមិឃុំខាងលើ ក្រោមវត្ដមាន លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា និងសហការី រួមទាំង លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំងផងដែរ។

ក្នុងឱកាសំណេះសំណាល និងចែកជូននូវអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋខាងលើនេះ លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការគិតគូរពីជីវភាពរស់នៅ និងសុខភាពរបស់លោកយាយលោកតា និងប្រជាពលរដ្ឋទាំងអស់ដែលនៅរស់ក្នុងស្រុកតាំងក្រសាំង ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង។

លោកស្រីក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្ដទុកដាក់ចំពោះសុខភាព បង្ការឬការពារខ្លួនពីគ្រោះធម្មជាតិ ពីព្រោះការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យប៉ះពាល់ដល់សុខភាព និងគ្រោះថ្នាក់ដល់ជីវិត រួមទាំងជីវភាពរស់នៅផងដែរ។ លើសពីនោះ ដោយបញ្ហាសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី ក៏បានធ្វើឱ្យប៉ះពាល់កម្ពុជាខ្លះដែរ តែទោះជាយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំគោលនយោបាយគាំពារសង្គម ដើម្បីជួយការពារ និងទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ចំណែកឯកាកបាទក្រហមកម្ពុជា ក៏មានយុទ្ធសាស្ត្រចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើជូនប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរ យកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ពិសាទឹកដាំឆ្អិន និងអាហារមានជីវជាតិគ្រប់គ្រាន់ ចៀសវាងអាហារណាដែលមានរសជាតិប្រៃពេក ឬផ្អែមពេក ដែលបង្កជាជំងឺលើសសម្ពាធឈាម ជំងឺមហារីក ឬជំងឺផ្សេងៗ។

ទន្ទឹមនឹងនេះ ក្នុងរដូវវស្សានេះដែរ ក៏ត្រូវប្រុងប្រយ័ត្នពីគ្រោះធម្មជាតិទឹកជំនន់ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ក៏ដូចជាជំងឺដែលបង្កឡើងដោយសត្វមូស មានដូចជា ជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ ឬជំងឺនានាដែលបង្កឡើងដោយកង្វះអនាម័យជាដើម។ លោកស្រីក៏បានអំពាវនាវដល់ប្រជាជនដែលនៅវ័យក្មេងពេញកម្លាំង និងអាជ្ញាធរដែនដី សូមយកចិត្តទុកដាក់មើលថែទាំឪពុកម្តាយចាស់ៗនៅក្នុងភូមិឱ្យបានល្អ កុំបោះបង់ពួកគាត់ចោល ហើយជៀសវាងកុំឱ្យមានបញ្ហានេះកើតឡើង។

លោកស្រីបានបន្ថែមថា ការនាំយកនូវអំណោយមនុស្សធម៌មកជួយគ្រួសារងាយរងគ្រោះទាំងអស់នេះ គឺកាកបាទក្រហមកម្ពុជា ទទួលបានពីសប្បុរសជនក្នុងឱកាសទិវា ៨ ឧសភា ។ សូមជម្រាប់ថា គ្រួសារនីមួយៗទទួលបាននូវ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ៥ម៉ឺនរៀល។

ព្រមជាមួយគ្នានោះ ប្រជាពលរដ្ឋដែលជួបការលំបាកទាំង៦៧គ្រួសារ ក៏បានសម្ដែងការនូវការសប្បាយរីករាយយ៉ាងខ្លាំង ដែលទទួលបានអំណោយមនុស្សធម៌ខាងលើនេះ ដើម្បីជួយសម្រាលបន្ទុកចំណាយនៅក្នុងគ្រួសារមួយរយៈ។ ទន្ទឹមនឹងនោះប្រជាពលរដ្ឋ​ បានថ្លែងនូវការដឹងគុណ និងអំណរគុណ​យ៉ាងជ្រាលជ្រៅ ដល់ហ្លួងម៉ែ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត និងសប្បុរសជនទាំងអស់ ដែលតែងតែគិតគូរ បន្ដជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅកម្ពុជា៕