(ភ្នំពេញ)៖ លោក ហ្សង់-ហ្វ្រង់ស័រ តាន់ អ្នកគ្រប់គ្រងការផ្សាយជាខេមរភាសារបស់វិទ្យុបារាំង RFI បានប្រកាសលាឈប់ពីការងារ ក្រោយបម្រើការងារអស់រយៈពេលប្រមាណ ៣០ឆ្នាំ។

ការលាឈប់របស់លោក ហ្សង់-ហ្វ្រង់ស័រ តាន់ អ្នកសារព័ត៌មានភូមិសាស្ត្រនយោបាយ​ដ៏ល្បាញ​ល្បីរូបនេះ បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់ដូច្នេះ «ខ្ញុំបានជូនដំណឹងស្តីពីការចាកចេញរបស់ខ្ញុំ​ដល់​លោកស្រីប្រធានអគ្គនាយកនៃស្ថាប័ន នៅទីក្រុងប៉ារីសប្រទេសបារាំង ក្នុងថ្ងៃទី១៥ ខែមីនា កាល​ពី​ជាងបួនខែមុន។ ប៉ុន្តែគាត់បានស្នើខ្ញុំឱ្យបន្តកិច្ចការរហូតដល់ចុងខែសីហា ដើម្បីកែទម្រង់​ការផ្សាយ​ជា​ខេមរភាសា ដោយត្រូវឆ្លងចេញពីការផ្សាយតាមវិទ្យុទៅកាន់ការផ្សាយ​តាមប្រពន្ធ័​ឌីជីថល​ទាំង​ស្រុង ជាអាទិ៍តាមហ្វេសប៊ុក (Facebook)។ កាងារទាំងនេះ ចប់ដាច់ស្រេចអស់ហើយ»

លោកបន្តថា «ក្នុងពេលនេះ ទោះជាត្រូវនៅបន្តកិច្ចការបន្តិចបន្តួចនៅវិទ្យុ RFI រហូតដល់ចុ​ង​ខែ​សីហា ក្តី ក៏ខ្ញុំសូម​ឆ្លៀតពេល​សរសេរថ្លែងអំណរគុណនិងសរសេរលាឱ្យហើយ​ប្រិយមិត្តទាំងអស់​ដែលគាំទ្រខ្ញុំបាទ ជាយូរឆ្នាំកន្លងមកហើយ…»

ក្នុងសារជម្រាបលាពីប្រិយមិត្តអ្នកស្តាប់ លោក បានបញ្ជាក់ថា លោកមិនភ្លេចទេ ប្រិយមិត្តអ្នកគាំទ្រដំបូងគេបង្អស់នៅប៉ារីស និងជាយក្រុងប៉ារីសដែល ពីឆ្នាំ​១៩៩៣ ដល់ឆ្នាំ២០០៥ តាមដានស្តាប់វិទ្យុ RFI តាមរលកអាកាសមធ្យមOM។ លោក ក៏មិនភ្លេចទេ ប្រិយមិត្តអ្នកគាំទ្រនៅកម្ពុជាដែលពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២៣ តាមដានស្តាប់​វិទ្យុ​RFI​តាមរលកអាកាសFM។

លោក ក៏មិនភ្លេចផងដែរ ចំពោះប្រិយមិត្តអ្នកគាំទ្រនៅគ្រប់ជ្រុងជ្រោយ ក្នុងពិភព​លោកដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមដានស្តាប់វិទ្យុ RFI តាមប្រព័ន្ធឌីជីថល ពិសេស Facebook និងYouTube។ លោក បានសម្តែងការដឹងគុណចំពោះការគាំទ្រ និងសេចក្តី ស្រឡាញ់ទាំងអស់នេះ។

លោក ហ្សង់-ហ្វ្រង់ស័រ តាន់ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែកញ្ញាខាងមុខនេះតទៅ លោក សេង ឌីណា និងលោក គួច គុន្ធារ៉ា នឹងដើរតួនាទីជា​អ្នកដឹក​នាំ​វិទ្យុ​ RFI ជាខេមរភាសា គ្រប់គ្រងក្រុម​ការងារ​នៅប៉ារីស និងនៅភ្នំពេញ។

បើទោះបីជាយ៉ាងណា លោក ហ្សង់-ហ្វ្រង់ស័រ តាន់ មិនបង្ហាញពីមូលហេតុនៃការលាឈប់នេះ ហើយក៏មិនទាន់បង្ហាញផងដែរថា លោកនឹងធ្វើអ្វីជាបន្តទៀត៕