(ហ្សាការតា)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមផ្តល់សន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំអភិបាលក្រុងនៃរដ្ឋធានីអាស៊ាន និងវេទិកាអភិបាលក្រុងអាស៊ានឆ្នាំ២០២៣។

នាឱកាសនោះដែរ អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់អំពីសារៈសំខាន់នៃទីក្រុងដែលជាមូលដ្ឋានគ្រឹះ ឆ្ពោះទៅរកចក្ខុវិស័យសហគមន៍មួយសម្រាប់តំបន់អាស៊ាន និងតួនាទីដែលមន្ត្រីរដ្ឋាភិបាលមូលដ្ឋានដើរតួ ក្នុងនាមជាមេដឹកនាំឆ្ពោះទៅរកដំណើរការកសាងសហគមន៍អាស៊ាន។

កិច្ចប្រជុំអភិបាលក្រុងនៃរដ្ឋធានីអាស៊ាន និងវេទិកាអភិបាលក្រុងអាស៊ាន គឺជាវេទិកាដើម្បីចែករំលែកបទពិសោធន៍ និងពិភាក្សាលើអាទិភាព គំនិត និងសកម្មភាពរួម សម្រាប់ការអភិវឌ្ឍទីក្រុងអាស៊ានប្រកបដោយចីរភាព។

ដោយឡែកនៅនៅរសៀលថ្ងៃដដែល លោក  Fabien Penone ឯកអគ្គរដ្ឋទូតជ្រើសតាំងនៃសាធារណរដ្ឋបារាំងប្រចាំអាស៊ាន បានជូនសារតាំងដល់ លោកបណ្ឌិត កៅ គឹមហួន។ នៅក្នុងពិធីជូនសាតាំងនោះ ភាគីទាំងពីរបានផ្លាស់ប្តូរមតិរកវិធី ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអាស៊ាន-បារាំង ក្នុងវិស័យដែលជាប្រយោជន៍រួម នៅក្នុងក្របខណ្ឌភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន-បារាំង។

ឆ្លៀតនៅរសៀលថ្ងៃទី០១ ខែសីហាដដែលលោកបណ្ឌិត កៅ គឹមហួន បានផ្តល់កិច្ចសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA)។ លោកបណ្ឌិត កៅ គឹមហួន ក៏បានចែករំលែកទស្សនៈអំពីការវិវត្តន៍ថ្មីៗនៅក្នុងអាស៊ាន ក៏ដូចជា ការចូលរួមចំណែកដ៏សំខាន់របស់វៀតណាម នៅក្នុងអាស៊ាន ដែលគិតមកដល់ពេលនេះ វៀតណាមបានចូលជាសមាជិកអាស៊ានរយៈពេល ២៨ ឆ្នាំហើយ។

ហើយនៅល្ងាចថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ គឹមហួន បានទទួលជួបជាមួយវិចិត្រករមកពីប្រទេសឥណ្ឌូណេស៊ី និងសាធារណរដ្ឋកូរ៉េ ដែលត្រូវបានជ្រើសរើសឱ្យចូលរួមនៅក្នុងកម្មវិធី KONNECT ASEAN Artists Residency Program។ 

អគ្គលេខាធិការអាស៊ាន បានអបអរសាទរវិចិត្រករទាំងពីរ និងបានលើកទឹកចិត្តឱ្យពួកគាត់ ដើរតាមសុបិនពួកគាត់ ប្រឹងប្រែងក្នុងការងារគំនូរ ព្រមទាំងបង្កើតទំនាក់ទំនងយូរអង្វែងរវាងវិចិត្រករអាស៊ីអាគ្នេយ៍ និងសមភាគីកូរ៉េ៕