(ក្រចេះ)៖ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ និងជាប្រធានលេខាធិការដ្ឋាន នៃគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារស្រុក ចុះពិនិត្យមើលទីតាំងទួល សុវត្ថិភាពចំនួន២កន្លែង ក្នុងស្រុកចិត្របុរី ដើម្បីត្រៀមឆ្លើយតបទៅនឹងគ្រោះមហន្តរាយ (ទឹកជំនន់ និងជំនន់ទឹកភ្លៀង)។
លោក គង់ គឹមនី បានបញ្ជាក់ថា អាជ្ញាធរបានរៀបចំទីទួលសុវត្ថិភាព សម្រាប់កាត់បន្ថយហានីភ័យ និងឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយទឹកជំនន់ទន្លេមេគង្គ ឬទឹកភ្លៀង នាពេលខាងមុខដែលស្ថានភាពកម្ពស់ទឹក ទន្លេមេគង្គខេត្តក្រចេះ កម្រិតកម្ពស់ទឹកប្រុងប្រយ័ត្ន ២២.០០ម៉ែត្រ ជូនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង-ស្រុកទាំង៧ ដើម្បីត្រៀមរៀបចំសម្អាតទីតាំងទួលសុវត្ថិភាពឱ្យបាលរួចរាល់។
លោកបន្តថា ដើម្បីកាត់បន្ថយហានីភ័យ និងឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ ដែលអាចបង្កឡើងដោយសារទឹកទន្លេមេគង្គ ឬទឹកភ្លៀងដល់ប្រជាពលរដ្ឋរស់នៅតំបន់ងាយរងគ្រោះ គណៈកម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយខេត្ត បានធ្វើការណែនាំដល់រដ្ឋបាលឃុំ សង្កាត់ ភូមិ ត្រូវរៀបចំ និងសម្អាតទីទួលសុវត្ថិភាព និងទីទួលសាធារណៈ ដែលមានស្រាប់ សម្រាប់ត្រៀមជម្លៀសប្រជាពលរដ្ឋនៅពេលមានទឹកជំនន់កើតឡើង តាមដានត្រួត ពិនិត្យជាប្រចាំនូវមុខសញ្ញាគ្រោះថ្នាក់ហានិភ័យ ដែលអាចគំរាមកំហែងដល់ប្រជាពលរដ្ឋងាយរងគ្រោះ ដូចជា៖ ទឹកជំនន់ លង់ទឹក ខ្យល់កន្ត្រាក់ អគ្គីភ័យ រន្ទះបាញ់ជាដើម ធ្វើរបាយការណ៍រដ្ឋបាល និងរបាយការណ៍តាមប្រព័ន្ធ PRISM ជូនលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ជាប់ជាប្រចាំ។
បន្ថែមពីនោះ លោកក៏បានជំរុញណែនាំដល់អាជ្ញាធរ រួមនិងសហគមន៍ ត្រូវចុះពិនិត្យនិងហាមឃាត់ចំពោះសកម្មភាពចូលកាប់ទន្រ្ទានយកដីនិងព្រៃក្នុងតំបន់សហគមន៍ ត្រូវថែរក្សាការពារ កាប់ឆ្ការព្រៃ និងបោសសម្អាតនៅជុំវិញ ទីតាំងទួលសុវត្ថិភាព ដើម្បីបង្ករលក្ខណៈងាយស្រួយ និងអនាម័យបរិស្ថានជាប្រយោជន៍រួម៕