(ពោធិ៍សាត់)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូន សមាជិកអតីតយុទ្ធជនកម្ពុជា ស្រុកក្រគរ សរុបប្រមាណ៨៤៨នាក់ ក្នុងខេត្តពោធិ៍សាត់។
ពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាស្រុកក្រគរ នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការភូមិភាគ៥, លោក ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ នាយទាហាន នាយទាហានរង សមាជិកសមាគមអតីតយុទ្ធជនជាច្រើននាក់ផងដែរ។
មានមតិសំណេះសំណាល ជាមួយអតីតយុទ្ធជន នាយឧត្តមសេនីយ៍ គន់ គីម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ជូនចំពោះសមាជិកអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ ដែលកន្លងមកបានបម្រើប្រទេសជាតិ ប្រកបដោយការធ្វើពលិកម្ម។
នាយឧត្តមសេនីយ៍បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខរបស់អតីតយុទ្ធជន តាមរយៈការផ្តល់ដីសម្បទាន ការសាងសង់លំនៅដ្ឋានដល់សមាជិក ដែលមានការខ្វះខាត និងតម្លើងប្រាក់គោលរបបផ្សេងៗ ដូចមន្រ្តីរាជការ ដែលកំពុងបម្រើការងារ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា កន្លងមកអាស្រ័យដោយមានការខ្វះខាត ចំពោះការបម្រើសំណូមពរ មិនបានដិតដល់ជូនសមាជិក ទើបមហាសន្និបាតតំណាងទូទាំងប្រទេសកន្លងទៅ សម្រេចផ្ទេរការគ្រប់គ្រង សមាជិកអតីតយុទ្ធជនមកឲ្យកងកម្លាំងប្រដាប់អាវុធវិញ ដើម្បីងាយស្រួលទំនាក់ទំនងទាំង ការបើកប្រាក់គោលរបបផ្សេងៗ ឲ្យបានទាន់ពេលវេលា និងតាមដានបានច្បាស់លាស់ពីស្ថានភាព ជីវភាពរស់នៅរបស់អតីតយុទ្ធជនយើង។
លោកឧត្តមសេនីយ៍ត្រី ប៉ែន ណាវណ្ណ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន ខេត្តពោធិ៍សាត់ បានឲ្យដឹងថា នៅទូទាំងខេត្តពោធិ៍សាត់ មានសមាជិកអតីតយុទ្ធជនសរុប ៤,១៧៨នាក់ ក្នុងនោះយុទ្ធជនពិការ ១,២៧០នាក់ យោធិនចូលនិវត្តន៍ ៩១៤នាក់ យោធិនបាត់បង់សមត្ថភាព៦៨នាក់ យោធិនពលី ១,៧៥០នាក់ និងយោធិនមរណៈ ១៧៦នាក់។
លោកឧត្តមសេនីយ៍ត្រី ប៉ែន ណាវណ្ណ បានឲ្យដឹងទៀតថា ចាប់តាំងពីបានប្រកាសទទួលស្គាល់ សមាសភាពថ្នាក់ដឹកនាំសមាគម នៅថ្នាក់ខេត្ត ស្រុក និងក្រុង សមាគមខេត្តបានធ្វើសកម្មភាព ជាបន្តបន្ទាប់ ក្នុងការបម្រើសេចក្តីត្រូវការនានា ដល់សមាជិកអតីតយុទ្ធជន ដូចជាការចាត់តាំងកម្លាំងចុះសួរសុខទុក្ខ ផ្តល់អំណោយដល់គ្រួសារអតីតយុទ្ធជន ដែលជួបការលំបាក ការចុះបើកប្រាក់បេឡាមរណសង្រ្គោះ ដល់សមាជិក ដែលទទួលមរណភាព ការផ្សព្វផ្សាយស្តីពីការបំពេញបែបបទថ្មី របស់សមាគម និងការគ្រប់គ្រងថវិកា ទ្រទ្រង់សមាគមជាដើម។
ជាចុងបញ្ចប់ នាយឧត្តមសេនីយ៍ គន់ គីម បានចែកជូនដល់សមាជិកអតីតយុទ្ធជន ដែលបានចូលរួមទាំង ៨៤៨នាក់ក្នុងម្នាក់ៗ ទទួលបានសារុងម្នាក់១ និងថវិកា ៥ម៉ឺនរៀល ដែលទាំងអស់ជាការឧបត្ថម្ភរបស់ លោក កែវ រតនៈ និង លោក ម៉ៅ ធនិន៕