(ភ្នំពេញ)៖ ក្នុងឱកាសដែលប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទខ្មែរនៅទូទាំងប្រទេស ប្រារព្ធពិធីប្រគេនទៀនវស្សាតាមបណ្តាវត្តនានា លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រីសាស្រ្តាចារ្យ ឱសថបណ្ឌិត ខៀវ ទេពរង្សី កាញ្ញារីទ្ធ ប្រធាន​កិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន បានអញ្ជើញប្រគេនទៀនចំណាំព្រះវង្សា ទយ្យទាន និងបច្ច័យ ដល់ព្រះសង្ឃគង់ចាំព្រះវង្សានៅទីអារាមវត្ត លង្កាព្រះកុសុមារាម ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ រសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ដើម្បីត្រៀមបំរុង ចង្ហាន់ ទៀន ឬប្រេងវស្សា សម្រាប់ព្រះសង្ឃ ដូនជី ប្រតិបត្តិធម៌ និងសមាទានសីល៍ តាមទំនៀមទំលាប់ព្រះពុទ្ធសាសនា។

ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបាន រៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្លួនតាមពុទ្ធឱវាទ។បងប្អូនដែលជាអ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធ ពិធី បុណ្យដោយ នាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។ 

សម្រាប់វត្តអារាមនីមួយៗក្នុងរយៈពេល ៣ខែ ក្នុងរដូវធ្លាក់ភ្លៀង មិនអនុញ្ញាតឱ្យនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយលើក លែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុក ម្តាយឈឺធ្ងន់ ឬនិមន្តទៅសម្ដែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញ ក្នុងរយៈពេល៧ថ្ងៃ។

ក្រៅពីប្រគេនទៀនវស្សា លោក ខៀវ កាញារីទ្ធ និងលោកស្រី ខៀវ ទេពរង្សុី កាញារីទ្ធ បានប្រគេនបច្ច័យចំនួន ៥០០ដុល្លារ ដល់សម្ដេច​ព្រះ​ធម្ម​លិខិត​បណ្ឌិត​ សៅរ៍​ ចន្ទថុល្ល​ ព្រះ​ចៅ​អធិការ​វត្ត​លង្កា​ព្រះ​កុសុមារាម​ នារដូវ​ចូល​ព្រះ​វស្សា​, ប្រគេនបច្ច័យដល់ព្រះសង្ឃចំនួន ២០៨អង្គ ក្នុង១អង្គ ៥មុឺនរៀល គណៈកម្មការអាចារ្យវត្តលង្កា ២០មុឺនរៀល តាជីយាយជី ៣០មុឺនរៀល សិស្សលោកក្នុងវត្ត ៤០ម៉ឺនរៀល។ ក្នុងឱកាសនៃពិធីបុណ្យនេះដែរពុទ្ធបរិស័ទ អញ្ជើញចូលរួមបានចូលរួមជាបច្ច័យសរុបចំនួន ២០០ដុល្លារ និង៦២មុឺនរៀល។

បន្ទាប់ពីប្រគេនទៀនវស្សារួចមកលោក ខៀវ កាញារីទ្ធ និងលោកស្រី បានអញ្ជើញពិនិត្យមើលអគារសំណង់កុដិថ្មី វត្តលង្កាព្រះកុសុមារាម រាជធានីភ្នំពេញ ដែលកំពុងសាងសង់សម្រេចបានប្រមាណ ៦០%ហើយ។ កុដិថ្មី ១ខ្នងនេះ មានកម្ពស់ ៤ជាន់​ ទទឹង​ ១៤​ម៉ែត្រ​ បណ្តោយ​ ៥០ម៉ែត្រ​​ ។

គួររំលឹកឡើងវិញដែរថា កុដិថ្មីវត្តលង្កានេះ បានធ្វើពិធីក្រុងពាលី​កសាងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩​ ក្រោមវត្តមានអញ្ជើញជាធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទេព​ រង្ស៊ី​។

តាមការបញ្ជាក់របស់សម្ដេច​ព្រះ​ធម្ម​លិខិត​បណ្ឌិត​ សៅរ៍​ ចន្ទថុល្ល​ ព្រះ​ចៅ​អធិការ​វត្ត​លង្កា​ព្រះ​កុសុមារាម​ បានឱ្យដឹងថា ការកសាងកុដិនេះអោយហើយរួចរាល់គ្រោងចំណាយបច្ច័យអស់ប្រមាណជាង ១លានដុល្លា ក្នុងរយៈពេល ៤ឆ្នាំ តែការកសាងនេះធ្វើឡើងតាមរយៈការចូលរួមបរិច្ចាកធនធានផ្ទាល់ខ្លួនពីបណ្តាពុទ្ធបរិស័ទនានាពេលមានថវិកា បន្តធ្វើបើអត់ក៏ផ្អាកសិន តែទោះជាយ៉ាងសម្តេចសង្ឃឹមថា កុដិនេះនឹងបានហើយរួចរាល់ តាមរយះការជួយពីសប្បុរសជន ជាពុទ្ធបរិស័ទទាំងអស់៕