(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦នេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ហើយគាំទ្រសម្តេចធ្វើជានាយករដ្ឋមន្រ្តីបន្តទៀត។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៤៤ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០២ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹក អំពីសមិទ្ធផលនានាក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា និងរូបសម្តេចផ្ទាល់។
សម្តេចថ្លែងថា «អ្វីដែលកើតឡើងរួចហើយ រាប់ទាំងផ្លូវជាតិដែលយើងដាក់ឱ្យប្រើប្រាស់ពេលនេះ វាជាសមិទ្ធផលដែលគណបក្សប្រជាជនដឹកនាំ ហើយវាក៏ជាសមិទ្ធផលដែលខ្ញុំព្រះករុណាខ្ញុំ ដឹកនាំដោយផ្ទាល់លើរឿងនេះ សូមអរគុណចំពោះប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ និងប្រជាពលរដ្ឋនៅទីនេះ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ដែលបានបោះឆ្នោតម្តងហើយម្តងទៀត ឱ្យគណបក្សប្រជាជន ឱ្យខ្ញុំព្រះករុណាខ្ញុំ ដឹកនាំប្រទេសជារៀងរហូតមក»។
សម្តេចបានអំពាវនាវយ៉ាងដូច្នេះថា «មិនទាន់ដល់ពេលវេលានៃយុទ្ធនាការបោះឆ្នោតទេ ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំសង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋនៅទីនេះ ក៏ដូចជាប្រចាំពលរដ្ឋនៅខេត្តដទៃទៀតនៅទូទាំងប្រទេស នឹងបន្តបោះឆ្នោតឱ្យគណបក្សប្រជាជន បោះឆ្នោតគាំទ្រឱ្យខ្ញុំព្រះករុណា ខ្ញុំបន្តដឹកនាំប្រទេសតទៅមុខទៀត សូមអរគុណទុកជាមុន ទៅលើដំណើរការនេះ»។
ការអំពាវនាវបែបនេះ ត្រូវបានបន្លឺឡើងជាថ្មី ស្របពេលដែលកម្ពុជា នឹងរៀបចំចុះឈ្មោះបោះឆ្នោតជាថ្មីនៅខែក្រោយ បន្ទាប់ពីប្រជាពលរដ្ឋខកខាន មិនបានលឺការអំពាវនាវបែបនេះ រយៈពេលជាង៣ឆ្នាំមកហើយ ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣មក។
គណបក្សប្រជាជនកម្ពុជា បានឈ្នះក្នុងការបោះឆ្នោត៤អាណត្តិជាប់ៗគ្នាចាប់តាំងពីឆ្នាំ១៩៩៨មក ហើយសម្តេចតេជោ ហ៊ុន សែន ក៏ត្រូវបានគាំទ្រឱ្យធ្វើជានាយករដ្ឋមន្រ្តីរហូតមកដែរ។ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិ៥ កន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានយកឈ្នះលើ គណបក្សដទៃទៀត ដែលទទួលបានសម្លេង ៦៨កៅអី ក្នុងរដ្ឋសភា ខណៈដែលគណបក្សប្រឆាំងទទួលបានសំឡេង៥៥កៅអី។
ទោះជាយ៉ាងណា នៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអំពីការធ្វើយុទ្ធនាការ ចុះត្រួតពិនិត្យសមិទ្ធផលនានាទូទាំងប្រទេស សម្រាប់ការដឹកនាំរបស់សម្តេច នារយៈពេលពាក់កណ្តាលអាណត្តិទី៥ នេះផងដែរ៕