(កោះកុង)៖ លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកោះកុងថា ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃ១ ខែសីហា ឆ្នាំ២០២៣ ភ្លៀងលាយខ្យល់កន្ត្រាក់បង្កជាជំនន់ទឹកភ្លៀង បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ របួស៧នាក់ និងធ្វើឱ្យប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន១២៥ខ្នង ព្រមទាំងបំផ្លាញសម្ភារមួយចំនួនធំនៅឃុំជីខលើ និងឃុំដងពែង ស្រុកស្រែអំបិល។

លោកអភិបាលស្រុក បានបន្តថា «បញ្ហានេះក្រុមការងារស្រុកបាននិងកំពុងបន្តចុះពិនិត្យស្ថានភាព និងបានរកទីទួលសុវត្ថិភាព ដើម្បីជម្លៀសប្រជាពលរដ្ឋបន្តទៀតទៅរកទីទួលសុវត្ថិភាព និងផ្តល់នៅគ្រឿងឧបភោគបរិភោគ ជាបន្តបន្ទាប់ ធ្វើយ៉ាងឱ្យពួកគាត់មានសុវត្ថិភាព»

លោកអភិបាលស្រុក បានបញ្ជាក់ទៀតថា «នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានភ្លៀងខ្យល់កន្រ្តាក់ធ្វើមនុស្សម្នាក់បាត់បងជីវិត មនុស្ស៧នាក់រងរបួស ព្រមទាំងខូចខាតលំនៅដ្ឋានចំនួន៣០ខ្នង ស្ថិតឃុំជីខកំពង់។ ដោយឡែកនៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ ខ្យល់មិនបណ្តាលឱ្យមនុស្សគ្រោះថ្នាក់ដល់អាយុជីវិតទេ មានតែការខូចខាតដំណាំកសិកម្ម និងសម្ភារមួយចំនួន ហើយអាជ្ញាធរស្រុក រួមជាមួយកម្លាំងសមត្ថកិច្ច បានត្រៀមលក្ខណៈសម្បត្តិ និងស្បៀងអាហារសម្រាប់ជួយសង្រ្គោះបងប្អូនជានិច្ចដោយមិនមានការធ្វេសប្រហែសឡើយ»

លោកអភិបាលស្រុក ក៏បានអំពាវនាវប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នឱ្យខ្ពស់ និងថែរក្សាសុខភាពថែរក្សាបរិស្ថានជុំវិញខ្លួន ព្រមទាំងប្រុងប្រយ័ត្នចំពោះកូនៗកុំឱ្យលេងទឹកភ្លៀងឱ្យសោះវាអាចនាំមកការប៉ះពាល់សុខភាព និងអាចមានគ្រោះថ្នាក់ដល់អាយុជីវិត ហើយសូមផ្តល់ព័ត៌មានបានឆាប់រហ័យដល់អាជ្ញាធរ ឬសមត្ថកិច្ចនៅពេលជួបបញ្ហាផ្សេងៗ៕