(ភ្នំពេញ)៖ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផែនសន្តិសុខ ដឹកនាំដោយលោកស្នងការរង ប៊ុន សុសិក្ខា បានចាប់ខ្លួនបុរសម្នាក់ បន្ទាប់ពីបង្ហោះវីដេអូតាមបណ្ដាញសង្គម Tiktok ប្រើប្រាស់ពាក្យប្រមាថដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងមានចេតនាញុះញង់ចង់បង្កចលាចលក្នុងសង្គម។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសបច្ចេកវិទ្យា ចាប់ខ្លួននៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។ ជនសង្ស័យឈ្មោះ ភី អ៊ួក អាយុ៣០ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មុខរបរចុងភៅ (រោងចក្រ TOP SUMMIT GARMENT)។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានបង្ហោះវីដេអូកាត់តជាសាធារណៈ ដោយភ្ជាប់ជាមួយខ្លឹមសារ ដែលមានចរិកជាការញុះញង់ធ្វើឲ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ពោលគឺមានចេតនាបង្កឲ្យចលាចលដល់សន្ដិសុខជាតិ និងប្រមាថថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ប្រព្រឹត្តចាប់ពីអំឡុងខែមិថុនា ឆ្នាំ២០២៣ រហូតដល់បច្ចុប្បន្ន។

ក្រោយសួរនាំ ជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញ កសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមច្បាប់៕