(ភ្នំពេញ)៖ ការតែងតាំងអគ្គទេសាភិបាលថ្មី របស់ធនាគារជាតិនៃកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដែលទាមទារនូវការជ្រើសរើសយ៉ាងហ្មត់ចត់ ដោយសារភារកិច្ចនេះ ត្រូវការឥស្សរជនឆ្នើម ដែលមានចំណេះដឹងជ្រៅជ្រះ ព្រមទាំងមានបទពិសោធន៍ និងស្នាដៃការងារលេចធ្លោ។
កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងលោកស្រីបណ្ឌិត ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។
ការតែងតាំងនេះ កំពុងបង្ហាញពីការរីកចម្រើនកាន់តែប្រសើរ ផ្នែកធនធានមនុស្សរបស់កម្ពុជា ទៅកាន់ពិភពលោក ដែលមានស្រ្តីឆ្នើម និងមានសមត្ថភាពខ្ពស់កាន់តំណែង ជាអ្នកដឹកនាំធនាគារកណ្តាល របស់ប្រទេស ដែលភាគច្រើននៃអ្នកកាន់តំណែងនេះ គឺជាបុរស។
របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បង្ហាញថា ក្នុងចំណោមប្រទេសជាសមាជិករបស់ IMF សរុប ១៩០ប្រទេស មានអ្នកដឹកនាំជាស្រ្តីត្រឹមតែ ២៦រូបប៉ុណ្ណោះ ដែលកាន់តួនាទីជារដ្ឋមន្រ្តីហិរញ្ញវត្ថុ និងមានតែ ១៧រូបប៉ុណ្ណោះដែលកាន់តួនាទីជាអគ្គទេសាភិបាលធនាគារកណ្តាល។ តួលេខនេះមានន័យថាមានអ្នកដឹកនាំជាស្រ្តីតែ ១១,៣% ប៉ុណ្ណោះដែលកាន់តួនាទីជាអ្នកដឹកនាំនៅស្ថាប័នគោលនយោបាយសេដ្ឋកិច្ច ដ៏សំខាន់ទាំងពីរ គឺជាអគ្គទេសាភិបាលធនាគារកណ្តាល និងជារដ្ឋមន្រ្តីហិរញ្ញវត្ថុ។
លោកស្រីបណ្ឌិត ជា សិរី គឺជាឥស្សរជនដែលស័ក្តិសមបំផុត សម្រាប់មុខតំណែងជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ដោយសារលោកស្រីមានចំណេះដឹងជ្រៅជ្រះ និងចក្ខុវិស័យច្បាស់លាស់វែងឆ្ងាយ ក្នុងការអនុវត្តការងារ ព្រមទាំងបានដឹកនាំប្រព័ន្ធធនាគារកម្ពុជា ឱ្យសម្រេចបានលទ្ធផលល្អប្រសើរជាច្រើនលើឆាកអន្តរជាតិ។
ទាក់ទងនឹងការសិក្សា បន្ទាប់ពីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសនូវែលសេឡង់ និងចក្រភពអង់គ្លេស លោកស្រីធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលនិស្សិតជាន់ខ្ពស់ជំនាន់ទី១ នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ ហើយក្រោយមកទៀតលោកស្រីទទួលបានសញ្ញាបត្របណ្ឌិតផ្នែកសេដ្ឋកិច្ច (PhD) ពីសាកលវិទ្យាល័យ Adelaide នៃប្រទេសអូស្រ្តាលី។
ក្រៅពីការសិក្សា លោកស្រីមានបទពិសោធន៍ការងារជាង ២០ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុ ដោយបានចាប់ផ្តើមការងារនៅឆ្នាំ ១៩៩៩ ជាមន្រ្តីវ័យក្មេងក្នុង ខុទ្ទកាល័យទេសាភិបាល មុននឹងចូលរួមបំពេញការងារ នៅនាយកដ្ឋានត្រួតពិនិត្យ។ ដោយសារលោកស្រីជាបញ្ញវ័ន្ត ដែលពោរពេញដោយចំណេះដឹង សមត្ថភាព និងការយកចិត្តទុកដាក់បំពេញការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ លោកស្រីត្រូវបានប្រគល់ភារកិច្ចជាបន្តបន្ទាប់ រហូតត្រូវទទួលបានតំណែងជាអគ្គនាយករងនៃអគ្គនាយកដ្ឋាន ត្រួតពិនិត្យ និងត្រូវបានផ្តល់សេចក្តីទុកចិត្តឱ្យកាន់មុខតំណែងជា អគ្គនាយកបច្ចេកទេស ដែលមាននាយកដ្ឋានចំនួន ៥ នៅក្រោមឱវាទរួមមានជាអាទិ៍៖ ១៖ នាយកដ្ឋានស្រាវជា្រវសេដ្ឋកិច្ច និង សហប្រតិបត្តិការអន្តរជាតិ ២៖ នាយកដ្ឋានគ្រប់គ្រងការប្ដូរប្រាក់ ៣៖ នាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់ ៤៖ នាយកដ្ឋានសិ្ថតិ និង ៥៖ នាយកដ្ឋានប្រតិបត្តិការ ចាប់តាំងពីឆ្នាំ២០១៣ មក។
ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់លោកស្រី ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ត្រូវបានធ្វើទំនើបកម្ម ជាពិសេសការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធទូទាត់ដ៏ទំនើបថ្មី «បាគង» ដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន បានជួយសម្រួលដល់ការផ្ទេរប្រាក់ពីធនាគារមួយ ទៅធនាគារមួយទៀតបានងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាព។
ក្នុងនាមជាអ្នកផ្តួចផ្តើមបង្កើតប្រព័ន្ធបាគង លោកស្រី ជា សិរី ត្រូវបានស្ថាប័ន CoinDesk ដែលជាស្ថាប័នព័ត៌មានផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ ដ៏ល្បីលើពិភពលោកចាត់ថ្នាក់ លោកស្រី ជា សិរី ជាឥស្សរជនឆ្នើមបំផុតប្រចាំឆ្នាំ ក្នុងចំណោមឥស្សរជនឆ្នើមមានឥទ្ធិពលបំផុតទាំង ៥០ លើពិភពលោកផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ។ លើសពីនេះ ប្រព័ន្ធទូទាត់បាគង ក៏បានឈ្នះពានរង្វាន់ពីស្ថាប័នព័ត៌មានសេដ្ឋកិច្ចដ៏ល្បីរបស់ជប៉ុន Nikkei Asia ស្តីពី ពានរង្វាន់សេវាកម្មនិងផលិតផលឆ្នើមប្រចាំឆ្នាំ២០២១។
លោកស្រីបណ្ឌិត ក៏ជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) ដែលជាប្រព័ន្ធចែករំលែកឥណទានឯកជនដំបូង និងតែមួយគត់ក្នុងប្រទេសកម្ពុជា។ លោកស្រីបានដើរតួនាទីឈានមុខគេ ក្នុងការបង្កើត CBC នេះឡើង ដែលបានរួមចំណែកធ្វើឱ្យប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់ទី៧ ក្នុងពិភពលោក ចំពោះភាពងាយស្រួលក្នុងការទទួលបានឥណទាន យោងតាមរបាយការណ៍ធ្វើអាជីវកម្មឆ្នាំ២០១៧ របស់ធនាគារពិភពលោក។
ទន្ទឹមនេះ លោកស្រីបណ្ឌិត ក៏ជាប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា ដែលជាបណ្តាញប្រមូលផ្តុំអ្នកសេដ្ឋកិច្ច និងអ្នកជំនាញឈានមុខគេ ក្នុងប្រទេសសម្រាប់ការពិភាក្សាអំពីគោលនយោបាយតុមូល និងលើកកម្ពស់ការបង្កើតគោលនយោបាយដោយផ្អែកលើភ័ស្តុតាង។
លោកស្រីតែងដឹកនាំយ៉ាងសកម្ម ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល តាមរយៈការពិភាក្សាដោយផ្ទាល់ជាមួយភាគីពាក់ព័ន្ធ ការស្រាវជ្រាវ និងអនុវត្តគោលនយោបាយ ជំរុញការប្រើប្រាស់ប្រាក់រៀល។ លើសពីនេះ លោកស្រីគឺជាឥស្សរជនខ្មែរដ៏លេចធ្លោមួយរូបលើឆាកអន្តរជាតិ ក្នុងវិស័យហិរញ្ញវត្ថុនិងនវានុវត្តន៍។
ជាក់ស្តែង លោកស្រីបានចូលរួមក្នុងក្រុមវិនិច្ឆ័យនៅក្នុង G20 TechSprint Initiative ដែលរៀបចំដោយ Saudi G20 Presidency និង BIS Innovation Hub ហើយថ្មីៗនេះ លោកស្រី ក៏ត្រូវបានអញ្ជើញដោយ The Asian Venture Philanthropy Network (AVPN) ឱ្យចូលជាសមាជិកបណ្តាញនៃអ្នកដឹកនាំឈានមុខគេ ក្នុងការជំរុញការផ្លាស់ប្តូរសំខាន់ៗនៅក្នុងតំបន់។
ជាញឹកញាប់ លោកស្រីបណ្ឌិត ត្រូវបានអញ្ជើញឱ្យថ្លែងសុន្ទរកថា នៅក្នុងសន្និសីទជាតិ និងអន្តរជាតិជាច្រើន លើប្រធានបទផ្សេងៗទាក់ទងនឹងធនាគារកណ្តាល ការត្រួតពិនិត្យធនាគារ អាស៊ាន ហិរញ្ញវត្ថុ FinTech និងរូបិយប័ណ្ណឌីជីថល ហើយលោកស្រី ក៏ត្រូវបានអញ្ជើញឱ្យធ្វើជាវាគ្មិនកិត្តិយស នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិល្បីៗជាច្រើន ដូចជា CNN CNBC និង CGTN ជាដើម។
លោកស្រីបណ្ឌិត ជា សិរី គឺជាសមាជិកក្រុមប្រឹក្សាអន្តរជាតិនៃវិទ្យាស្ថាន Global Fintech និងជាទីប្រឹក្សានៃក្រុមប្រឹក្សាភិបាល បណ្តាញនវានុវត្តន៍ហិរញ្ញវត្ថុអាស៊ាន (AFIN) ផងដែរ។ ទន្ទឹមនេះ លោកស្រីធ្លាប់ជាសមាជិកនៃអ្នកដឹកនាំសកលវ័យក្មេងប្រចាំឆ្នាំ២០១៩ របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលជាវេទិកានៃអ្នកដឹកនាំសកលវ័យក្មេង។ មិនតែប៉ុណ្ណោះ លោកស្រីបណ្ឌិត ជាសមាជិកនៃសម្ព័ន្ធអភិបាលកិច្ច រូបិយប័ណ្ណឌីជីថលរបស់ WEF និងជាគណៈកម្មាធិការប្រឹក្សានៃការទូទាត់ឌីជីថល សម្រាប់គម្រោងពាណិជ្ជកម្ម។
លោកស្រី គឺជាស្ត្រីដ៏រឹងមាំម្នាក់ដែលតស៊ូ ក្នុងការពង្រឹងសិទ្ធិអំណាចសេដ្ឋកិច្ចរបស់ស្រ្តី និងពង្រឹងបរិយាបន្នហិរញ្ញវត្ថុ ហើយលោកស្រីក៏ជាសមាជិកនៃគណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុជាន់ខ្ពស់របស់ស្រ្តី និងយេនឌ័រ (GWFIC) នៃសហព័ន្ធបរិយាបន្នហិរញ្ញវត្ថុ (AFI) ក្នុងអាណត្តិឆ្នាំ២០១៦-២០១៨។ ដោយទទួលស្គាល់នូវគុណវុឌ្ឍិដ៏ឆ្នើម និងសមត្ថភាពនៃការដឹកនាំប្រកប ដោយទស្សនអនាគត សហព័ន្ធ AFI ក៏បានស្នើសុំ និងទទួលបានការយល់ព្រមក្នុងការតែងតាំងលោកស្រី ជាសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់អាណត្តិឆ្នាំ២០២៣-២០២៥ផងដែរ។
ក្រុមអ្នកជំនាញផ្នែកហិរញ្ញវត្ថុ បានបង្ហាញពីសុទិដ្ឋិនិយម ចំពោះការតែងតាំងលោកស្រីបណ្ឌិត ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជានាពេលនេះ ហើយបានលើកឡើងថាការតែងតាំងនេះ បានឆ្លើយតបចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ដ៏ធំធេងរបស់លោកស្រីនាពេលកន្លងមក ក្នុងការលើកស្ទួយមុខមាត់វិស័យហិរញ្ញវត្ថុកម្ពុជា ទៅក្នុងតំបន់និងលើឆាកអន្តរជាតិ ព្រមទាំងបង្ហាញភាពជាគំរូដល់ស្រ្តីផ្សេងទៀត ពីការពង្រឹងសិទ្ធិអំណាចរបស់ស្រ្តី ក្នុងសកម្មភាពសេដ្ឋកិច្ច។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា បានចាត់ទុកលោកស្រី ជា សិរី ជាមាតានៃធនាគារឌីជីថល និងជាអ្នកបង្កើតក្រមសីលធម៌សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុតាមរយៈតួនាទីឈានមុខ របស់លោកស្រីក្នុងការបង្កើតការិយាល័យឥណទានកម្ពុជា (CBC) និងប្រព័ន្ធទូទាត់បាគងដ៏ល្បីល្បាញ។
លោកបណ្ឌិតថ្លែងថា «លោកជំទាវមានបទពិសោធន៍ពេញលេញ ចំណេះដឹងជ្រៅជ្រះនិងជំនាញដឹកនាំដ៏ប៉ិនប្រសប់ ដូច្នេះហើយការតែងតាំងលោកជំទាវជាអគ្គទេសាភិបាលនាពេលនេះ គឺជាការសម្រេចចិត្តប្រកបដោយយុទ្ធសាស្រ្ត និងមានសារៈសំខាន់។ លោកជំទាវមានភាពឆ្លាតវៃ និងមានសមត្ថភាពលំដាប់អន្តរជាតិ ដែលកន្លងមកបានលើកកម្ពស់កិត្យានុភាពធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារនៅកម្ពុជា លើឆាកអន្តរជាតិយ៉ាងច្រើន។ ខ្ញុំជឿជាក់ថាលោកជំទាវនឹងបន្ត អភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា ឱ្យកាន់តែប្រសើរថែមទៀត»។
សម្រាប់ការងារជួយសង្គម ក្រៅពីភាពជោគជ័យក្នុងអាជីពការងារ លោកស្រីបណ្ឌិត ជា សិរី គឺជាសហស្ថាបនិក និងជាប្រធានមូលនិធិរក្សាកុមារ ដែលផ្តោតលើសុខុមាលភាពរបស់ កុមារក្រីក្រនៅកម្ពុជា និងលើកកម្ពស់ការយល់ដឹងអំពីពិការភាពកាយសម្បទា និងសតិបញ្ញា។ មូលនិធិរក្សាកុមារ បានផ្ដួចផ្ដើមបង្កើត «ទិវាស្តាប់ឮ» ជាលើកដំបូងនៅកម្ពុជា និងបានផ្តោតសំខាន់លើការលើកកម្ពស់ ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត ក្នុងចំណោមនិស្សិតសាកលវិទ្យាល័យផងដែរ។
ក្នុងឆ្នាំ២០១៨ លោកស្រីបណ្ឌិត ត្រូវបានចាត់ចូលក្នុងបញ្ជីសប្បុរសជន ដែលមានឥទ្ធិពល ២៥រូប នៅក្នុងអាស៊ានដោយ Asia Philanthropy Circle។ ឆ្លៀតពេលទំនេរក្រៅម៉ោងធ្វើការ លោកស្រីក៏បានចំណាយពេលក្នុងការគូរគំនូរផងដែរ ដែលកន្លងមករូបគំនូររបស់លោកស្រី ទទួលបាននូវការគាំទ្ររហូត ដល់មានការបង្កើតពិព័រណ៍គំនូរផ្ទាល់ខ្លួនចំនួន២ លើករួចមកហើយ ដើម្បីប្រមូលថវិកាសម្រាប់មូលនិធិរក្សាកុមារ ក៏ដូចជាអង្គការក្នុងស្រុកមួយចំនួនទៀត។
បន្ថែមលើនេះ លោកស្រី ជាសមាជិកក្រុមប្រឹក្សាភិបាលអង្គការ Smile Cambodia ដែលមានបេសកកម្មផ្តល់ឱ្យកុមារដែលមានបបូរមាត់ឆែប និងក្រអូមមាត់ឆែបនូវស្នាមញញឹមជាថ្មី តាមរយៈការផ្តល់ការវះកាត់ដោយឥតគិតថ្លៃ ព្រមទាំងគាំទ្រយ៉ាងសកម្មដល់បេសកកម្មរបស់មូលនិធិចក្ខុខ្មែរ តាមរយៈការដឹកនាំយុវជនស្ម័គ្រចិត្តចូលរួមគាំទ្រ កម្មវិធីរបស់មូលនិធិនេះ ក្នុងការពិនិត្យនិងវះកាត់ភ្នែក ត្រចៀក ច្រមុះ និងបំពង់ក ជូនអ្នកជំងឺដោយឥតគិតថ្លៃ៕