(បាត់ដំបង)៖ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានបញ្ជូនខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ រួមជាមួយថ្នាំញៀន១៩កញ្ចប់ ទៅតុលាការនៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីកម្លាំងជំនាញ បានធ្វើការឃាត់ខ្លួន កាលពីម្សិលមិញ នៅត្រង់ចំណុចភូមិជាមន្រ្តីឃុំត្រែង ស្រុករតនមណ្ឌលខេត្ត ខេត្តបាត់ដំបង។
មន្រ្តីកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា កាលពីម៉ោង១៦៖៣០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ម្សិលមិញនេះ «យើងបានប្រើប្រាស់ភ្នាក់ងារសម្ងាត់ ឲ្យទាក់ទងទិញគ្រឿងញៀនម៉ាទឹកកកពីឈ្មោះ ឈឹម កុសល់ ក្នុងតម្លៃ១០០ដុល្លារ ហើយណាត់ទីតាំងដោះដូរ តាមដងផ្លូវជាតិលេខ៥៧បេ ក្នុងភូមិសាស្រ្តស្រុករតនៈមណ្ឌល លុះដល់ម៉ោង១៧៖១៥នាទី យើងបានឃើញមុខសញ្ញាសង្ស័យម្នាក់ឈ្មោះ រ៉េត បូរិន្ទ ជិះម៉ូតូ១គ្រឿង ហើយកម្លាំងយើងបានធ្វើការឃាត់ខ្លួនតែម្ដង ដោយឆែករកឃើញគ្រឿងញៀនម៉ាទឹកកក១ កញ្ចប់ មានទម្ងន់១,៧៧ក្រាម ដែលជនសង្ស័យបានលាក់នៅក្នុងខោលីអូ»។
មន្ដ្រីដដែល បន្ដថា ក្រោយធ្វើការសាកសួរជនសង្ស័យឆ្លើយសារភាពថា គ្រឿងញៀនដែលសមត្ថកិច្ចដកហូតខាងលើ គឺឈ្មោះ ឈឹម កុសល់ បានប្រើខ្លួនយក មកឲ្យអ្នកទិញនៅចំណុចឃាត់ខ្លួនខាងលើ។ ក្រោយមកដោយបានការសម្របសម្រួលពីលោក ហេង លុយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង នៅម៉ោង១៧៖៣០នាទី កម្លាំងអាវុធហត្ថ បានធ្វើការឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ ថុក ច្រេន ត្រូវជាម្តាយ របស់ឈ្មោះ ឈឹម កុសល់ ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល និងរកឃើញគ្រឿងញៀនម៉ាទឹកកក១៨កញ្ចប់ មានទម្ងន់ ៥,៦៤ក្រាម ទូរស័ព្ទ៤គ្រឿង ព្រមទាំងម៉ូតូ១គ្រឿងម៉ាក MSX គ្មានផ្លាកលេខ ស៊េរីឆ្នាំ២០១៤។
បច្ចុប្បន្ន ជនសង្ស័យជាមួយវត្ថុតាង ត្រូវបានមន្រ្តីការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់៕