(ភ្នំពេញ)៖ មូលនិធិជាតិជំនួយសង្គម បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឲ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆាំ្ន ក្នុងអត្រាឧបត្ថម្ភថ្មី សម្រាប់ស្រ្តីនៃគ្រួសារមានបណ្ណសមធម៌ ចាប់អនុវត្តពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ តទៅដោយផ្តល់ជូនក្នុងអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាល រហូតដល់កូនមានអាយុ២ឆ្នាំ ដើម្បីលើកទឹកចិត្តដល់ស្រ្តីមានផ្ទៃពោះ ឲ្យទទួលបានការប្រឹក្សា និងពិនិត្យផ្ទៃពោះ ព្រមទាំងសម្រាលកូន និងចាក់វ៉ាក់សាំងកូន ឲ្យបានសមស្របតាមតាមនិយាមសុខាភិបាល នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ។
យោងតាមសេចក្តីជូនដំណឹងខាងលើ បានបញ្ជាក់ថា៖ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ តទៅស្រ្តីផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ ដែលមានប័ណ្ណមូលធិនិសមធម៌ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល(អត្រាថ្មី)
*ពិនិត្យផ្ទៃពោះថែទាំមុនសម្រាលចំនួន៤លើក (ទទួលបានប្រាក់ឧបត្ថម្ភចំនួន៨ម៉ឺនរៀល ក្នុង១លើក)
*សម្រាលកូន (នៅមូលដ្ឋានសុខាភិបាលសាធារណៈ) ទទួលបានការឧបត្ថម្ភ៖
-ចំពោះកូនទោល ទទួលបាន ថវិកា ៤០ម៉ឺន
-ចំពោះកូនភ្លោះ ទទួលបាន ថវិកា ៦០ម៉ឺន
-ចំពោះកូនភ្លោះបី ទទួលបាន ថវិកា ៨០ម៉ឺន
*ការថែទាំក្រោយសំរាលទាំងម្ដាយ និងកូនចំនួន៣លើក (ទទួលបានប្រាក់ឧបត្ថម្ភចំនួ៨ម៉ឺនក្នុង១លើក)
*ការថែទាំទារករហូតដល់អាយុ២ឆ្នាំ ចំនួន៧លើក (ទទួលបានប្រាក់ឧបត្ថម្ភចំនួន៨ម៉ឺនក្នុង១លើក)៕