(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ចំពោះការប្រកាសលទ្ធផលផ្លូវការ ការបែងចែកអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោត នឹងប្រព្រឹត្តទៅនៅចន្លោះពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ទៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ អាស្រ័យករណីមាន ឬគ្មានពាក្យបណ្ដឹង និងករណីគ្មានការបោះឆ្នោតសាជាថ្មី។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានន។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៧:០០ព្រឹក បានប្រកាសផ្សាយលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ តាមប្រព័ន្ធផ្សព្វផ្សាយ ដូចខាងក្រោម៖

- ទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក)
- វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz)
- ទីភ្នាក់ងារសារព័ត៌មានកម្ពុជា- AKP
- គេហទំព័រ គ.ជ.ប ៖ electresult.nec.gov.kh
- កម្មវិធីទូរសព្ទដៃ (App) ៖ NEC KH និង CamNEC News
- Facebook ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee
- YouTube ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee
ជាមួយគ្នានេះ គ.ជ.ប ក៏បានធ្វើការបិទផ្សាយនូវលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប ផងដែរ។

អនុលោមតាមមាត្រា ១៣១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ចែងថា បន្ទាប់ពីការប្រកាសលទ្ធផលបណ្ដោះអាសន្ន ក្នុងរយៈពេល ៧២ ម៉ោងយ៉ាងយូរ គ្រប់គណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោត អាចប្ដឹងតវ៉ាអំពីលទ្ធផលមួយផ្នែក ឬលទ្ធផលទាំងអស់នៃការបោះឆ្នោតមក គ.ជ.ប ឬទៅក្រុមប្រឹក្សាធម្មនុញ្ញ ដោយផ្ទាល់ក៏បាន៕