(ភ្នំពេញ)៖ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) សូមសម្តែងនូវសេចក្តីសាទរយ៉ាងខ្លាំងចំពោះដំណើរការរៀបចំ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយតម្លាភាព សេរី យុត្តិធម៌ ត្រឹមត្រូវ និងមានលក្ខណៈប្រជាធិតេយ្យពិតប្រាកដជាមួយនឹងអត្រាអ្នកចូលរួមបោះឆ្នោតខ្ពស់រហូតដល់ ៨៤,៥៩%។
សមាគមក៏សូមសម្តែងនូវការអបអរសាទរដោយស្មោះអស់ពីដួងចិត្តចំពោះគណបក្សនយោបាយចំនួន២ ដែលបានឈ្នះអាសនៈនៅក្នុងរដ្ឋសភា ជាពិសេសគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលទទួលបានចំនួនអាសនៈសភាច្រើនលើសលប់សម្រាប់រៀបចំបង្កើត និងបន្តដឹកនាំរាជរដ្ឋាភិបាលអាណត្តិថ្មី ធានាបាននូវសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាពិសេសតាមរយៈការទាក់ទាញវិនិយោគដោយផ្ទាល់ពីបរទេស។
ក្នុងឱកាសដ៏វិសេសវិសាលនេះ សមាគមសូមសម្តែងនូវការគាំទ្រផងដែរចំពោះសមាសភាពថ្មី នៃរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដូចដែលបានប្រកាសដោយ សម្តេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ។ សមាគមត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តធ្វើជាដៃគូពិភាក្សាជាមួយរាជរដ្ឋាភិបាលថ្មីតាមរយៈយន្តការផ្សេងៗ ជាពិសេសវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន សំដៅកែលម្អបន្ថែមទៀតនូវបរិយាកាសវិនិយោគដើម្បីធានាបាននូវសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំងរបស់វិស័យឯកជន។
សមាគមសង្ឃឹមយ៉ាងមុតមាំថា ការបន្តមានសន្តិភាព ស្ថិរភាពនយោបាយ និងសមាសភាពថ្មីនៃរាជរដ្ឋាភិបាលដែលពោរពេញដោយថាមពល និងថាមវន្ត និងឆន្ទៈក្នុងការបន្តអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ប្រកបដោយចីរភាព និងបរិយាបន្នក្នុងល្បឿនកាន់តែលឿនជាងមុនក្នុងបរិបទឌីជីថលភាវូនីយកម្ម និងកំណែទម្រង់សម្រាប់ការប្រកួតប្រជែងសកល នឹងធ្វើឲ្យប្រទេសកម្ពុជាមានលទ្ធភាពសម្រេចបាន ដោយជោគជ័យនូវ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០»៕