(កំពង់ស្ពឺ)៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសខ្លាំងៗថា ប្រសិនបើមានអ្នកណាម្នាក់ យកស្លាកសុវត្ថិភាព (ចំណាំងផ្លាត) ទៅលក់ឲ្យប្រជាពលរដ្ឋក្នុងតម្លៃ ណាមួយ ត្រូវឃាត់ខ្លួននៅនឹងកន្លែងតែម្តង ពីព្រោះស្លាកសុវត្ថិភាពនេះ គឺចែកជូនដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋទូទាំងប្រទេស, ហើយមិនត្រូវចាំរហូត ដល់មាន ប្រជាពលរដ្ឋ២០០-៣០០នាក់ ទើបចែកជូនពលរដ្ឋនោះទេ ត្រូវទៅចែកជូនមួយៗដល់ផ្ទះតែម្តង កុំចាំទុកច្រើនទើបចែក។
ប្រមុខរាជរដ្ឋាភិបាល ក៏បានព្រមានដល់អាជ្ញាធរ ដែលប្រមូលប្រជាពលរដ្ឋបានច្រើន ទើបចែកអត្តសញ្ញាណបណ្ណជូនពួកគាត់នាកន្លងមក ហើយផ្សាយតាមទូរទស្សន៍ ដើម្បីឱ្យនាយករដ្ឋមន្រ្តីឃើញ, នោះសម្តេចមិនសរសើរនោះទេ គឺជេរតែម្តង។ សម្តេចថា ការធ្វើបែបនេះគឺខាតពេលវេលារបស់ ប្រជាពលរដ្ឋ។ សម្តេចជំរុញ ឱ្យអាជ្ញាធរយកអត្តសញ្ញាណបណ្ណប្រគល់ ជូនប្រជាពលរដ្ឋដល់គេហដ្ឋានតែម្តង។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈឲ្យដឹងថា ចាប់ពីថ្ងៃនេះតទៅ នឹងមានយុទ្ធនាការចែកស្លាកសញ្ញា សុវត្ថិភាព (ចំណាំងផ្លាត) ជាង ៣លាន៤សែន ដល់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះ ខណៈសម្តេចថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៤៤ នៅក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦នេះ ។
សូមជំរាបថា ប្រជាពលរដ្ឋទូទាំងប្រទេស ដែលប្រើប្រាស់គោយន្ត រឺម៉កម៉ូតូ កង់ និង រទេះគោដែលគ្មានភ្លើងបំភ្លឺនៅពេលយប់ នឹងទទួលបានស្ទីគ័រសុវត្ថិភាព (ចំណាំងផ្លាត) សម្រាប់បិទការពារ គ្រោះថ្នាក់ចរាចរណ៍នៅពេលយប់ ពីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយឥតគិតថ្លៃ ដើម្បីបញ្ជៀសរាល់គ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុ ដែលកន្លងមកគ្រោះថ្នាក់ភាគច្រើនកើតឡើងទៅលើគោយន្ត ដែលសារតែគ្មានភ្លើងបំភ្លឺ។ គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតឡើងដោយសារការមើល មិនឃើញនៅពេលយប់ ដូច្នេះពេលបិទស្ទីគ័រនេះ ទៅវានឹងមានពន្លឺចំណាំងផ្លាត ពេលឡានបើកទៅនឹងអាចដឹងថា មានគោយន្ត មានរឹម៉កម៉ូតូ កង់ និង រទេះគោជាដើម វានឹងអាចបញ្ជៀសបាននូវគ្រោះថ្នាក់៕
សូមទស្សនា និងស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖