(ភ្នំពេញ)៖ លោក អេង ឆៃអ៊ាង អនុប្រធានគណៈកម្មាធិការនាយក នៃគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ នឹងគាំទ្រជំហររបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ការពាអធិបតេយ្យជាតិ និងថា «វៀតណាមមិនមែនជាចៅហ្វាយ»។ លោក អេង ឆៃអ៊ាង បន្តថា ទស្សនៈនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះជំហរការពាអធិបតេយ្យជាតិ ដែលថា វៀតណាមមិនមែន ជាចៅហ្វាយរបស់ខ្លួននោះ ត្រូវបានប្រជាពលរដ្ឋតាមដាន ដោយយកចិត្តទុកដាក់ និងសម្តែងការគាំទ្រ។
លោក លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំង បានលើកឡើងបែបនេះ ខណៈលោកធ្វើសេចក្តីប្រកាសព័ត៌មាន នៅមុខសាធារណៈជន នៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នាថ្ងៃទី០២ សីហា ២០១៦។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន និងសកម្មជនរបស់ខ្លួន លោក អេង ឆៃអ៊ាង បានលើកឡើងថា «យើងសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជុំវិញទស្សនៈនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទស្សនៈនេះ កំពុងធ្វើឲ្យប្រជាពលរដ្ឋឃ្លាំមើល បើសិនជា ទស្សនៈនយោបាយនេះ ជាការពិតប្រជាពលរដ្ឋខ្មែរ និងអបអរសាទររីករាយ ហើយគណបក្សសង្រ្គោះជាតិ ក៏ចូលរួមអបអរសាទរដែរ»។
លោក លោក អេង ឆៃអ៊ាង តំណាងគណបក្សសង្គ្រោះជាតិ សូមអំពាវនាវគ្រប់ភាគីទាំងអស់ជជែកគ្នា ធ្វើយ៉ាងណាឲ្យខ្មែរមានការឯកភាពគ្នា ពេលនោះនយោបាយការបទេសទាំងជាតិ និងអន្តរជាតិខ្លាំង។
សូមជំរាបថា នៅថ្ងៃអាទិត្យកន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានឆ្លើយតបសារខ្លាំងៗទៅលើ Comment មួយរបស់ម្ចាស់ Facebook មានឈ្មោះ «Phạm Đức Hiển» ដោយបានសរសេរនៅលើ Facebook សម្តេចថា «លោកហ៊ុនសែនក្បត់វៀតណាម»។ ក្រោយពីមាន Comment បែបនេះ សម្តេចបានឆ្លើយតបដោយសារព្រមានធ្ងន់ៗថា «តើវៀតណាមជាឪពុកខ្ញុំ ឬជាមហាក្សត្រខ្ញុំឬ? អ្នកដែលខ្ញុំត្រូវស្មោះត្រង់គឺជាតិខ្មែរបស់ខ្ញុំ ហើយវៀតណាម មិនមែនជាចៅហ្វាយរបស់ខ្ញុំ ដែលខ្ញុំត្រូវស្មោះត្រង់នោះទេ»។
ការឆ្លើយតបព្រមានធ្ងន់ៗទៅលើម្ចាស់ Facebook មានឈ្មោះ «Phạm Đức Hiển» ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលបានការគាំទ្រជាច្រើនពីសាធារណៈជន និងអ្នកនយោបាយនៅកម្ពុជា៕