(ភ្នំពេញ)៖ មន្រ្តីសាខាកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ រួមសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យចំណីអាហារផលិតផល កំប៉ុង និងគ្រឿងសមុទ្រដែលដាក់លក់នៅ ម៉ាត ហាងទំនិញ តាមផ្ទះ តាមតូប ក្នុងផ្សារច្បារអំពៅ និងផ្សារព្រែកឯង ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦នេះ។
លោក ប៊ុន សុខូមា អនុប្រធានសាខា បានឲ្យដឹងថា មន្រ្តីរបស់ខ្លួនចុះត្រួតពិនិត្យទៅលើផលិតផល វេចខ្ចប់ជាកំប៉ុង ដែលតាំងលក់នៅតាមហាង តាមមីនីម៉ាត ក្នុងសង្កាត់ច្បារអំពៅ និងការចុះពិនិត្យចំណីអាហារ រួមមាន បង្គារ មឹក គុយទាវ សណ្តែកបណ្តុះ និងផលិតផលគ្រឿងសមុទ្រមួយចំនួនទៀត ដែលកំពុងចរាចរដាក់ លក់នៅលើទីផ្សារ និងតាមម៉ាត។ ពេលចុះត្រួតពិនិត្យមន្រ្តីកាំកុងត្រូល បានយកគំរូផលិតផលគ្រឿងសមុទ្រ មកធ្វើការវិភាគនៅមន្ទីរពិសោធន៍ រកសារធាតុគីមី ហ្វ័រម៉ាលីន( Formalin) នៅក្នុងផលិតផលទាំងនេះ ដើម្បីមានវិធានការ សមស្របទៅតាមច្បាប់ ចំពោះអាជីវករណា ដែលលួចដាក់នូវសារ ធាតុគីមី ដែលច្បាប់ បានហាមឃាត់ដែលធ្វើអោយប៉ះពាល់សុខភាពសាធារណៈ។ លោកអនុប្រធានបានធ្វើការណែនាំដល់អ្នក់លក់ និងអ្នកទិញត្រូវដឹងពីអត្តសញ្ញាណ ប្រភពអាស័យដ្ឋានរបស់ អ្នកដែលយកមកលក់អោយខ្លួន ឬវិក្កយបត្រ ទូទាត់អោយបានត្រឹមត្រូវជាព័ត៌មាន ដើម្បីបង្កលក្ខណៈងាយ ស្រួលដល់សមត្ថកិច្ចកាំកុងត្រូលក្នុងការចុះស្រាវជ្រាវ និងតាមដាន ដើម្បីមានវិធានការទៅតាមច្បាប់ ចំពោះ អ្នកលក់ ឬអ្នកចែកចាយផលិតផលនេះ បើមិនដូច្នេះទេ លោកនឹងធ្វើការរឹបអូសយកទំនិញទាំង នោះទៅកំទេចចោល។
ជាមួយគ្នានោះ លោក ប៊ុន ចំរើន ប្រធានសាខាកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ បានឲ្យដឹងថា មន្រ្តីជំនាញរបស់លោកដែលបានចុះត្រួតពិនិត្យទំនិញតាមផ្សារ និងតាមម៉ាត នៅក្នុងផ្សារទាំងពីរនេះ គឺផ្តោត តែលើផលិត ផលគ្រឿងសមុទ្រ ដើម្បីតាមដាន និងកែលំអដល់អាជីវករលក់ដូរ ក្នុងការទទួលខុសត្រូវ របស់ផលិតផល របស់ខ្លួន។ នៅថ្ងៃដដែលនេះមន្រ្តីកាំកុងត្រូល ជាមួយមន្រ្តីពាណិជ្ជកម្ម ក៏បានចុះត្រួតពិនិត្យមើលតម្លៃសាំង នៅតាមស្ថានីយ៍ប្រេងសាំង នៅក្នុងរាជធានីភ្នំពេញផងដែរ តើម្ចាស់ស្ថានីយ៍ទាំងនោះបានគោរពទៅតាមការសម្រេចរបស់ក្រសួងពាណិជ្ជកម្មដែរឬទេ៕