(ភ្នំពេញ)៖ សាលាដំបូងខេត្តព្រះសីហនុ បានចេញលិខិតជូនដំណឹង ស្ដីពីការបញ្ជូនតាមការផ្សាយជាសាធារណៈ (លើកទី១) ដល់ឈ្មោះ ហ្វុង ស៊ុន ភេទប្រុស កើតឆ្នាំ១៩៧១ ជនជាតិខ្មែរ មានអាសយដ្ឋាននៅផ្ទះលេខ១៨FE1 ផ្លូវបេតុង ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាភាគីចុងចម្លើយ ក្នុងសំណុំរឿងរដ្ឋប្បវេណីលេខៈ ០៦២ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តព្រះសីហនុ។
បើតាមលិខិតជូនដំណឹង ដែលបណ្តាញ Fresh News ទទួលបាន នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ចៅក្រមទទួលបន្ទុកសំណុំរឿង បានសម្រេចអនុញ្ញាតឱ្យធ្វើការបញ្ជូនតាមការផ្សាយសាធារណៈ ដោយបានកំណត់យក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០២៖៣០នាទីរសៀល ដើម្បី ធ្វើនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ក្នុងសំណុំរឿងរដ្ឋប្បវេណីលេខ ០៦២ មួយនេះ។
ក្នុងការបញ្ជូនតាមការផ្សាយជាសាធារណៈនេះ តុលាការបានសម្រេចឱ្យធ្វើការបញ្ជូនតាមលក្ខខណ្ឌដូចខាងក្រោម៖
* ១៖ បិទផ្សាយលិខិតជូនដំណឹងនេះ នៅបញ្ជរព័ត៌មានសាលាដំបូងខេត្តព្រះសីហនុ
* ២៖ បានចុះផ្សាយលិខិតជូនដំណឹងស្តីពីការបញ្ជូនតាមការផ្សាយជាសាធារណៈ នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការ (Facebook Page) របស់សាលាដំបូងខេត្តព្រះសីហនុ និងសារព័ត៌មាន។
លិខិតជូនដំណឹងនេះ បានស្នើដល់លោក ហ្វុង ស៊ុន ចូលទៅយកដីកាកោះ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ និងពាក្យបណ្តឹងចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅសាលាដំបូងខេត្តព្រះសីហនុ នៅរៀងរាល់ម៉ោងធ្វើការ៕