(ភ្នំពេញ)៖ កាលពីខែវិច្ឆិកាឆ្នាំ២០២២កន្លងទៅ លោកប្រធានាធិបតី ចូ បៃឌិន (Joe Biden) បានអញ្ជើញធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី៤០និង៤១ នៃសមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ (អាស៊ាន) និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលមានការចូលរួមពីមេដឹកនាំមកពី ២៨ ប្រទេស និងស្ថាប័នអន្តរជាតិផ្សេងទៀត។ នៅខែឧសភាឆ្នាំ២០២២ផងដែរ ក៏មានការរៀបចំកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន ធ្វើឡើងនៅទីក្រុងវ៉ាស៉ីនតោន ឌីស៉ី ជាលើកទីមួយ ទន្ទឹមពេលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ាន។

ព្រឹត្តិការណ៍ទាំងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្ត្រមួយសម្រាប់ប្រទេសកម្ពុជា ដែលបានងើបឡើងដោយជោគជ័យពីយុគសម័យដ៏ខ្មៅងងឹតបំផុតរបស់ខ្លួន ពោលគឺសម័យនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ឆ្នាំ១៩៧៥-១៩៧៩ ដែលបានសម្លាប់ប្រជាជនកម្ពុជាជិត ៣ លាននាក់ ដែលស្មើនឹងជិតមួយភាគបីនៃចំនួនប្រជាជនកាលពេលនោះ។

ឆ្នាំនេះ គឺជាខួបលើកទី២៥ នៃយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានដាក់ចេញឱ្យអនុវត្តដើម្បីសម្រេចបាននូវសន្តិភាពពេញលេញ នៅប្រទេសកម្ពុជាចុងឆ្នាំ១៩៩៨។

ចាប់តាំងពីការដួលរលំនៃរបបខ្មែរក្រហម ប្រទេសកម្ពុជាបានប្តូរទាំងផ្នែកសេដ្ឋកិច្ចនិងនយោបាយ ទៅជាតួអង្គដ៏សកម្មមួយលើវេទិកាតំបន់និងពិភពលោក ដែលលើកកម្ពស់សន្តិភាព ពហុភាគីនិយម នីតិរដ្ឋ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅអាស៉ី។

ការបានទទួលវិនិយោគហិរញ្ញវត្ថុអន្តរជាតិគឺពិតជាចាំបាច់ ហើយប្រជាជនកម្ពុជាតែងដឹងគុណជានិច្ច។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺការប្រើប្រាស់មូលនិធិទាំងនេះដោយប្រយ័ត្នប្រយែង សម្រាប់ផលប្រយោជន៍សាធារណៈ។ បើទោះបីជាការវិនិយោគបានកើនឡើងទ្វេដង ប្រសិនថវិកានិងធនធានហិរញ្ញវត្ថុត្រូវបានប្រើប្រាស់ខុសដោយសារការធ្វើផែនការមិនល្អ ឬអំពើពុករលួយ នោះការអភិវឌ្ឍនឹងជួបឧបសគ្គ។

ផ្ទុយទៅវិញ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំជាមធ្យម៧.៧% នៅចន្លោះឆ្នាំ១៩៩៨ ដល់ ២០១៩ ដែលធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុត។ ថ្មីៗនេះ បន្ទាប់ពីមានការរាតត្បាតនៃជំងឺកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជាបានបន្តងើបឡើងវិញនៅឆ្នាំ២០២២ ជាមួយនឹងកំណើនពិតប្រាកដឡើងដល់ ៥.២% បើយោងតាមធនាគារពិភពលោក។

នៅថ្ងៃទី២៣ ខែកក្កដា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ បានប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយសន្តិភាព តម្លាភាព វិជ្ជាជីវៈ និងមានអធិបតេយ្យភាព និងធម្មានុរូបខ្ពស់ ដែលនេះជាការបោះឆ្នោតសកលលើកទី៧ ចាប់តាំងពីឆ្នាំ១៩៩៣មក ដែលលទ្ធិប្រជាធិបតេយ្យត្រូវបានស្ដារឡើងវិញ ហើយបោះជំហានទៅមុខក្លាយជាប្រទេសប្រជាធិបតេយ្យដែលមានភាពកាន់តែចាស់ទុំ និងរឹងមាំ។

បើប្រៀបធៀបនឹងប្រទេសជិតខាងក្នុងតំបន់អាស៉ី ការបោះឆ្នោតនៅកម្ពុជាមានគុណសម្បត្តិគួរឱ្យសរសើរមួយចំនួន។ ជាអាទិ៍ ការបោះឆ្នោតត្រូវបានរៀបចំធ្វើឡើងជាទៀងទាត់តាមផែនការ ហើយមិនមានការបោះឆ្នោតណាមួយត្រូវបានធ្វើឡើងភ្លាមៗមុនការគ្រោងទុកនោះទេ ឬមានការលួចប្លន់នោះឡើយ។ ទីពីរ អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ បានមកធ្វើការសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា យ៉ាងផុសផុលដោយសេរី ស្របតាមលក្ខខណ្ឌនៃច្បាប់កម្ពុជានិងបទដ្ឋានអន្តរជាតិ។ ឆ្នាំនេះ មានអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិចំនួន ៤២៥ នាក់ មកពី ៦៥ ប្រទេស ក្នុងនោះមានអតីតប្រមុខរដ្ឋ និងប្រមុខរដ្ឋក្នុងតំណែងចំនួន១០ រូប។

អ្នកសង្កេតការណ៍ ចាំបាច់ត្រូវតែអនុវត្តតាមក្រមសីលធម៌ ដែលចែងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយពួកគេមានសិទ្ធិគ្រប់គ្រាន់ធ្វើការសង្កេតការណ៍ ដោយមិនត្រូវបានហាមឃាត់ទេ។ លើសពីនេះ គណបក្សនយោបាយចំនួន១៨ ក៏បានចូលរួមការបោះឆ្នោតផងដែរ បញ្ជាក់ពីលំហនៃសេរីភាពនយោបាយដែលត្រូវបានធានា ដោយរដ្ឋធម្មនុញ្ញកម្ពុជាដែលជាច្បាប់កំពូលរបស់ជាតិ។

ប្រទេសកម្ពុជា គឺជាប្រទេសប្រជាធិបតេយ្យសេរីនិយមពហុបក្ស ដែលបានលើកកម្ពស់សេរីភាពរបស់ប្រជាពលរដ្ឋនិងសិទ្ធិដែលធានាដោយរដ្ឋធម្មនុញ្ញ ដោយមិនធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនិងស្ថិរភាពរបស់ប្រទេស។ កម្ពុជាលើកកម្ពស់កំណែទម្រង់ស្ថាប័ន និងការកសាងសមត្ថភាពសម្រាប់អ្នកធ្វើគោលនយោបាយ ដើម្បីបម្រើតម្រូវការ និងសុខុមាលភាពរបស់ប្រជាជន។ ជាលទ្ធផល កម្ពុជារក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេល ៣០ឆ្នាំ (១៩៩៣-២០២៣) នៃប្រវត្តិសាស្ត្រកម្ពុជាក្នុងយុគសម័យថ្មី។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាពុទ្ធសាសនិក បានប្រកាន់យកលទ្ធិប្រជាធិបតេយ្យតាមបែបព្រះពុទ្ធសាសនា ដោយសង្កត់ធ្ងន់លើសមភាព បរិយាបន្ន និងកិច្ចសហប្រតិបត្តិការជាមួយសាសនាផ្សេងៗ។ ព្រះពុទ្ធសាសនា បានជះឥទ្ធិពលលើទស្សនៈនយោបាយរបស់គាត់ តាំងពីគាត់មានអាយុ ១៣ឆ្នាំ។ នៅក្រោមរបបខ្មែរក្រហម ព្រះពុទ្ធសាសនាត្រូវបានបំផ្លាញចោលទាំងស្រុង ហើយគ្រប់ទម្រង់នៃការអនុវត្តសាសនាត្រូវបានហាមឃាត់។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានចំណាយពេលជិត ៥ឆ្នាំ រស់នៅក្នុងវត្តព្រះពុទ្ធសាសនា ជាមូលហេតុមួយធ្វើឱ្យលោកមានការយល់ដឹងច្រើនអំពីពុទ្ធឱវាទ និងមានឧបនិស្ស័យជ្រាលជ្រៅ ទៅនឹងព្រះពុទ្ធសាសនា។

សម្តេចនាយករដ្ឋមន្ត្រី ប្រកាន់យកនូវទស្សនៈហេតុផលនិយម និងឱ្យតម្លៃលើប្រព័ន្ធប្រជាធិបតេយ្យនិយមកណ្តាល ដោយដើរលើបន្ទាត់មួយនៅចន្លោះមូលធននិយមជ្រុលនិងសង្គមនិយម។ ការការពារសង្គមត្រូវតែកើតមានជាមួយសេដ្ឋកិច្ចទីផ្សារសេរី ហើយអន្តរាគមន៍របស់រដ្ឋាភិបាល គឺចាំបាច់ដើម្បីធានាថាអត្ថប្រយោជន៍នៃកំណើនត្រូវបានបែងចែកប្រកបដោយសមធម៌ និងយុត្តិធម៌។

ថ្មីៗនេះ កាលពីខែឧសភាក្នុងឆ្នាំ ២០២៣ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលគោរមងារកិត្តិយសជា «ពុទ្ធមាមកាភិបាលនៃអង្គការពុទ្ធសាសនិកពិភពលោក» ដែលត្រូវបានផ្តល់ជូនដោយអង្គការពុទ្ធសាសនិកពិភពលោក ក្នុងការទទួលស្គាល់នូវការប្តេជ្ញាចិត្តពេញមួយជីវិតរបស់លោកចំពោះសន្តិភាព និងការប្រកាន់ខ្ជាប់តាមការបង្រៀនរបស់ព្រះពុទ្ធ។

កាលពីចុងខែមិថុនា ឆ្នាំ២០២៣ នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់បានទទួលព្រះគោរមងារកិត្តិយសជា «ព្រះរាជពុទ្ធមាមកាភិបាលនៃអង្គការពុទ្ធសាសនិកពិភពលោក»

ជាមួយគ្នានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានទទួលគោរមងារជា «ទីប្រឹក្សាជាន់ខ្ពស់នៃអង្គការពុទ្ធសាសនិកពិភពលោក» ក្នុងការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការអប់រំពលរដ្ឋអំពីសីលធម៌ព្រះពុទ្ធសាសនា ការកសាងសន្តិភាព និងការសង្រ្គោះជីវិតមនុស្សក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយបានចល័តបុគ្គលិកសុខាភិបាល ដើម្បីផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។

ករុណាធម៌នៃព្រះពុទ្ធសាសនិកត្រូវបានបង្ហាញ នៅពេលដែលប្រទេសកម្ពុជាឆ្លើយតបទៅនឹងស្ថាន ភាពព្រួយបារម្ភខ្លាំងនៅដើមដំបូងនៃជំងឺរាតត្បាតកូវីដ-១៩។ នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២០ កប៉ាល់ទេសចរណ៍ Holland America MS Westerdam បានជាប់គាំងនៅក្នុងសមុទ្រប្រហែល ២សប្តាហ៍ បន្ទាប់ពីប្រទេសជាច្រើនបានបដិសេធ មិនអនុញ្ញាឱ្យកប៉ាល់នេះចូលចតនៅកំពង់ផែរបស់ប្រទេសពួកគេ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គិតអំពីសុវត្ថិភាពអ្នកដំណើរនិងក្រុមនាវិកមុនគេបង្អស់។

លោកបានអនុញ្ញាតឱ្យមនុស្សចំនួន ២,២៥៧ នាក់នៅលើកប៉ាល់ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ហើយបន្ទាប់មកបានជួយរៀបចំឱ្យពួកគេ ត្រឡប់ទៅប្រទេសកំណើតវិញ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាន់យកទស្សនៈហេតុផលនិយមនៅក្នុងជីវិតផ្ទាល់ខ្លួន និងវិជ្ជាជីវៈរបស់លោក។ លោកបានប្រថុយជីវិតដើម្បីរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ និងសម្រេចបាននូវការបង្រួបបង្រួមជាតិដោយសន្តិវិធី។ លោកធានាបាននូវកំណើននិងការអភិវឌ្ឍដ៏មហិមា របស់កម្ពុជាជាបន្តបន្ទាប់ ដែលធ្វើឱ្យកម្ពុជាត្រឡប់ទៅលើឆាកអន្តរជាតិវិញ។

អ្វីដែលមានសារៈសំខាន់ដូចគ្នាដែរនោះ លោកបានជួយស្ដាររបបរាជានិយមកម្ពុជា និងធ្វើឱ្យព្រះពុទ្ធសាសនារស់ឡើងវិញ រួមជាមួយនឹងកម្មវិធីកសាងជាតិដ៏មមាញឹក។ ការស្តារនីតិសម្បទា និងកសាងប្រទេសឡើងវិញក្រោយជម្លោះនិងសង្គ្រាមផ្ទៃក្នុង និងការធ្វើសមាហរណកម្មកម្ពុជាឡើងវិញទៅក្នុងប្រព័ន្ធពហុភាគីក្នុងតំបន់និងសកលលោក បានអនុញ្ញាតឱ្យសេរីភាព និងតម្លៃប្រជាធិបតេយ្យរីកចម្រើនឥតឈប់ឈរ។ នយោបាយឈ្នះ-ឈ្នះដ៏ល្បីរន្ទឺ របស់លោកដែលបំផុសគំនិតដោយតម្លៃព្រះពុទ្ធសាសនា បានកំពុងចែងចាំងនិងបានផ្តល់មេរៀននៃភាពជាអ្នកដឹកនាំក្នុងការកសាងសន្តិភាព។

ក្រោមការដឹកនាំរបស់សម្ដេច លោកបានពង្រឹងអភិបាលកិច្ចតាមរយៈការកែទម្រង់ប្រកបដោយផ្លែផ្កាជាច្រើន ដូច្នេះហើយវាបានផ្តល់នូវកម្លាំងចលករថ្មីដល់គោលសំខាន់ៗនៃលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ យុត្តិធម៌ ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច និងឱកាសស្មើគ្នាសម្រាប់ប្រជាជនកម្ពុជា និងពិភពលោក។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះ លោកបានបង្ហាញថា សន្តិភាពអាចសម្រេចបានតែតាមរយៈការចរចាដោយបើកចំហ ស្មោះត្រង់ និងបរិយាបន្នប៉ុណ្ណោះ។

គំនិតផ្តួចផ្តើមដែលមិនបោះបង់នេះ បាននាំមកនូវសន្តិភាពដល់ប្រទេសកម្ពុជា ពេលនេះកំពុងកសាងទំនាក់ទំនងប្រកបដោយទំនុកចិត្តជាមួយអន្តរជាតិ។ ជាលទ្ធផល ប្រទេសកម្ពុជាមិនត្រឹមតែត្រូវបានគេស្គាល់ថាជា «កោះនៃសន្តិភាពក្នុងតំបន់មេគង្គ» ប៉ុណ្ណោះទេ ប៉ុន្តែក៏ជា «ប្រទេសតូចមួយដែលមានបេះដូងធំ» ផងដែរ។

ប្រទេសកម្ពុជាជាប្រទេសកាន់សាសនាព្រះពុទ្ធតែមួយគត់ ដែលបានចែងថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ យ៉ាងណាក៏ដោយ បើប្រៀបធៀបទៅនឹងប្រទេសក្នុងតំបន់ទន្លេមេគង្គ សេរីភាពខាងសាសនានៅកម្ពុជា គឺជាគំរូមួយដែលគួររៀនយកគំរូតាម។ ជាលទ្ធផល សាសនាទាំងអស់គោរពគ្នាទៅវិញទៅមក និងប្រាស្រ័យទាក់ទងគ្នាយ៉ាងសុខដុមនិងសាន្តត្រាណ។

ដោយសារតម្លៃរួមនៃព្រះពុទ្ធសាសនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបជាមួយ សម្តេចព្រះ នរោត្តម សីហនុ កាលព្រះអង្គគង់នៅនិរទេសព្រះកាយ នៅអំឡុងទស្សវត្សឆ្នាំ១៩៨០។

ការចរចាដើម្បីបញ្ចប់សង្គ្រាមស៉ីវិល និងសម្រេចបានឯកភាពជាតិសម្រាប់ប្រទេសបានចាប់ផ្ដើមនាពេលនោះ។ ជាលទ្ធផល កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់លោកទាំងពីរ និងសហគមន៍អន្តរជាតិ។ ដំណើរការនេះ ត្រូវបានបន្តដោយការបង្កើតអាជ្ញាធរអន្តរកាលអង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC) ដើម្បីគ្រប់គ្រងរៀបចំការបោះឆ្នោតសកលលើកដំបូងក្នុងឆ្នាំ ១៩៩៣ ដែលនាំទៅដល់ការបង្កើតរដ្ឋាភិបាលចម្រុះ។

បន្ទាប់ពីអាណត្តិរបស់ UNTAC ត្រូវបានបញ្ចប់នៅឆ្នាំ ១៩៩៣ ដំណើរការសន្តិភាពនិងការផ្សះ ផ្សាជាតិបានបន្ត។ នៅពេលនោះ ខ្មែរក្រហម ដែលនៅសេសសល់បានធ្វើពហិការមិនចូលរួមការបោះឆ្នោតឆ្នាំ១៩៩៣ ហើយបានបដិសេធសំណើសុំធ្វើសមាហរណកម្មក្នុងជួរកងទ័ពជាតិ។ ប៉ុន្តែដល់ឆ្នាំ១៩៩៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាប់ផ្តើមនយោបាយដ៏ល្បីល្បាញមួយគឺនយោបាយឈ្នះ-ឈ្នះ។

យុទ្ធសាស្ត្របញ្ចប់សង្គ្រាមដ៏មានប្រសិទ្ធភាពនេះ មិនបានធ្វើឱ្យនរណាម្នាក់រងគ្រោះឡើយ។ វាបានធានាសន្តិសុខ និងការការពារកងកម្លាំងខ្មែរក្រហមទាំងអស់ និងក្រុមគ្រួសាររបស់ពួកគេ ហើយបានរួមបញ្ចូលពួកគេទៅក្នុងប្រព័ន្ធរដ្ឋាភិបាលតែមួយ។ នេះគឺជាគុណសម្បត្តិនៃនយោបាយឈ្នះ-ឈ្នះ ដែលត្រូវបានកសាងឡើងដោយតម្លៃសីលធម៌នៃផ្លូវកណ្តាល និងក្តីមេត្តាករុណាធម៌របស់ព្រះពុទ្ធសាសនា។

ប្រទេសកម្ពុជាទទួលបានសន្តិភាពនៅចុងឆ្នាំ១៩៩៨ ក៏ដោយសារតែដោយដាក់តម្លៃព្រះពុទ្ធសាសនានិងការអភិវឌ្ឍផ្តោតលើប្រជាជននៅជួរមុខ។ កម្ពុជាបានបញ្ចប់សង្គ្រាមស៉ីវិលជាច្រើនទសវត្ស និងបានត្រួសត្រាយផ្លូវសម្រាប់សន្តិភាពនៅក្នុងតំបន់មេគង្គនិងអាស៊ានឱ្យកាន់តែទូលំទូលាយ។ បើគ្មានសន្តិភាពនៅកម្ពុជាទេ សន្តិភាពក្នុងតំបន់មេគង្គនិងអាស៊ានក៏មិនមានដែរ។ តាមរយៈបច្ច័យនេះ កម្ពុជាបានចែករំលែកភាគលាភនៃសន្តិភាពរបស់ខ្លួនជាមួយតំបន់ និងពិភពលោក។

លើសពីនេះ ដើម្បីផ្តល់ «យុត្តិធម៌ដល់ជនរងគ្រោះដែលបានបាត់បង់ជីវិត និងសន្តិភាពដល់ជនរងគ្រោះដែលនៅមានជីវិត» កម្ពុជាបានបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ក្នុងឆ្នាំ ២០០៦ ដែលត្រូវបានគេស្គាល់ថាជា សាលាក្តីខ្មែរក្រហម។ តុលាការនេះទទួលការគាំទ្រពីជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ការកាត់ក្តីខ្មែរក្រហម (UNAKRT)។

ក្រោមប្រព័ន្ធតុលាការ របស់កម្ពុជា មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមត្រូវបានជំនុំជំរះក្ដី។ ដំណើរការនេះ បានអនុញ្ញាតឱ្យប្រទេសជាតិទទួលបានការព្យាបាល របួសផ្លូវចិត្តឡើងវិញតាមបែបព្រះពុទ្ធសាសនា ខណៈពេលទទួលបានផងដែរភាពយុត្តិធម៌តាមច្បាប់ជាតិ និងអន្តរជាតិ។ អ.វ.ត.ក បានបញ្ចប់ការងាររបស់ខ្លួន និងត្រូវបានបិទក្នុងខែធ្នូ ឆ្នាំ២០២២។

តាមរយៈយន្តការតុលាការនេះ ប្រជាពលរដ្ឋបានទទួលសន្តិភាពនិងយុត្តិធម៌ ហើយមិនមានការសងសឹករវាងគ្នាតទៅទៀត ដែលជាមូលដ្ថានគ្រឹះទទួលបានការធានាដល់ការអភិវឌ្ឍជាតិយូរអង្វែង និងបរិយាប័ន្នភាពនៃសមាហរណកម្មពេញលេញរបស់កម្ពុជាជាមួយពិភពលោក។ ជាងនេះទៅទៀត ភាពជោគជ័យរបស់ អ.វ.ត.ក បានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ នៃការអប់រំដល់យុវជនជំនាន់ក្រោយ និងជាគំរូដល់ការកសាងសន្តិភាពសម្រាប់ពិភពលោក។

សន្តិភាព បានអនុញ្ញាតឱ្យកម្ពុជាតបស្នងទៅកាន់ពិភពលោកវិញក្នុងការថែរក្សាសន្តិភាព ក្រោមឆ័ត្រនៃប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ចាប់តាំង ពីបេសកកម្មលើកដំបូងរបស់ខ្លួន ក្នុងឆ្នាំ២០០៦ ទាហានកម្ពុជាច្រើនជាង ៨០០០ នាក់ ត្រូវបានបញ្ជូនឱ្យទៅចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងប្រតិបត្តិការបោសសម្អាតមីនក្នុងប្រទេសចំនួន ៩។ កម្ពុជាក៏បានចែករំលែកបទពិសោធន៍ស្ដីពីការកសាងសន្តិភាពរបស់ខ្លួន ជាមួយប្រទេសក្នុងតំបន់មេគង្គ និងតំបន់អាស៉ីប៉ាស៉ីហ្វិកផងដែរ។

នៅឆ្នាំ២០២២ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្កើតគំនិតផ្តួចផ្តើម «រដ្ឋពីរ ឆ្ពោះទៅជាតិតែមួយ៖ ឧបទ្វីបតែមួយ ប្រជាជនតែមួយ វប្បធម៌តែមួយ» ដោយផ្អែកលើតម្លៃនៃព្រះពុទ្ធសាសនាក្នុងការបង្រួបបង្រួមប្រកបដោយសន្តិភាពនៅឧបទ្វីបកូរ៉េ។

សរុបមក លទ្ធិប្រជាធិបតេយ្យបែបព្រះពុទ្ធសាសនានៅកម្ពុជាបានជះឥទ្ធិពលយ៉ាងធំធេងលើវិស័យសង្គមវប្បធម៌ អភិបាលកិច្ចរដ្ឋ និងកិច្ចការសាធារណៈ រួមមាននយោបាយ សេដ្ឋកិច្ច និងនយោបាយការបរទេស។ លទ្ធិប្រជាធិបតេយ្យបែបព្រះពុទ្ធសាសនានេះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ដើម្បីទទួលបាននូវសន្តិភាព យុត្តិធម៌ ភាពសុខដុមរមនា និងវិបុលភាពសម្រាប់ប្រជាជនកម្ពុជា និងប្រជាជននៃបណ្តាប្រទេសដទៃទៀតលើពិភពលោក៕

ដោយ៖ វិទ្យាស្ថានចក្ខុវិស័យអាស៉ី
(បកប្រែ និងកែសម្រួលពីអត្ថបទកាសែតអាមេរិក The Washington Times បោះពុម្ពផ្សាយថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣)