(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្តដល់ក្រុមនិស្សិតកម្ពុជាដែលទៅសិក្សានៅក្រៅប្រទេស ឬទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស សូមចូលរួមលើកកម្ពស់កិត្តិយសជាតិកម្ពុជា ពង្រឹងសាមគ្គីជាមួយគ្នា ពិសេសត្រូវខិតខំសិក្សាយកចំណេះជំនាញ ដើម្បីវិលមកបម្រើប្រទេសជាតិវិញឱ្យកាន់តែរីកចម្រើនទៅមុខ។

ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី អ៉ិត សំហេង ទទួលជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ណែនាំដល់ក្រុមនិស្សិតកម្ពុជា២៤នាក់ ដែលទទួលអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុន ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។

លោក ចេង គឹមអូន ប្រធានប្រតិភូនិស្សិតកម្ពុជាដែលទទួលអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុនឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងចំណោមនិស្សិតទាំង២៤នាក់នេះគឺជាមន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុប១៤ស្ថាប័ន។ មុខជំនាញដែលត្រូវសិក្សានោះរួមមាន៨ជំនាញ៖ ១-អភិវឌ្ឍន៍ហេដ្ឋានរចនាសម្ពន្ធ ២-អភិវឌ្ឍន៍វិស័យឯកជន ៣-លើកកម្ពស់គុណអប់រំ ៤-អភិវឌ្ឍន៍កសិកម្ម និងអភិវឌ្ឍន៍ជនបទ ៥-លើកកម្ពស់បរិស្ថានរស់នៅទីក្រុង ៦-លើកម្ពស់ប្រព័ន្ធថែទាំសុខភាព និងសន្តិសុខសង្គម ៧-លើកកម្ពស់មុខងាររដ្ឋបាលសាធារណៈ និង៨-កសាងទំនាក់ទំនងអន្តរជាតិ។

លោកប្រធានប្រតិភូបានបន្តថា អាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុនសម្រាប់មន្ត្រីរាជការកម្ពុជានេះ គឺជាគម្រោងជំនួយឥតសំណងដែលត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ២០០០ មកដល់ពេលបច្ចុប្បន៍មាននិស្សិតកម្ពុជាជាង៥០០នាក់ហើយដែលបានទទួលអាហារូបករណ៍នេះ។ កម្មវិធីនេះផ្ដោតលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ការចូលរួមអភិវឌ្ឍន៍និងបង្កើតផែនការអភិវឌ្ឍសេដ្ឋកិច្ច/សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោករដ្ឋមន្ត្រីបានសម្ដែងនូវការអបអរសាទរ និងជូនពរដល់និស្សិតទាំង២៤នាក់ខាងលើឱ្យទទួលបានការសិក្សាជោគជ័យ និងត្រឡប់មកបំពេញការងារនៅកម្ពុជាវិញ ដើម្បីជួយជំរុញការអភិវឌ្ឍតាមវិស័យការងាររៀងៗខ្លួនឱ្យកាន់តែល្អប្រសើរ។

លោក អ៉ិត សំហេង បានលើកឡើងថា កម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុនសម្រាប់មន្ត្រីរាជការកម្ពុជានេះ គឺជាជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីជប៉ុន ដើម្បីលើកកម្ពស់វិស័យអប់រំ អភិវឌ្ឍន៍ធនធានមនុស្ស ដូច្នេះសង្ឃឹមថានិស្សិតកម្ពុជានឹងខិតខំប្រឹងប្រែងប្រើប្រាស់ឱកាសមួយនេះជាផលប្រយោជន៍សម្រាប់ស្ថាប័នរបស់ខ្លួន ក៏ដូចជាសង្គមជាតិទាំងមូល។

លោកបានបន្តថា ទាំងនេះគឺជាផ្លែផ្កានៃសន្តិភាព និងការអភិវឌ្ឍតាំងពីឆ្នាំ១៩៩៨ ក្រោមដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក៏ដូចជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ការអភិវឌ្ឍប្រទេសជាតិមួយ គឺត្រូវអភិវឌ្ឍធនធានមនុស្សជាមុនសិន។

លោករដ្ឋមន្ត្រីបន្តទៀតថា ជប៉ុនជាប្រទេសមិត្តដ៏ល្អជាមួយកម្ពុជា ដែលតែងផ្ដល់ជំនួយអភិវឌ្ឍ និងជំនួយឥតសំណងមកដល់កម្ពុជា មានចំណងមិត្តភាពយូរអង្វែង។

លោកបានលើកទឹកចិត្តដល់និស្សិតអាហារូបករណ៍ដែលសិក្សានៅប្រទេសជប៉ុន សូមចូលរួមជាមួយសកម្មភាពរបស់រាជរដ្ឋាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាសកម្មភាពដែលគណបក្សប្រជាជនកម្ពុជារៀបចំនៅប្រទេសជប៉ុន ចូលរួមជាមួយសហគមន៍ប្រជាជនកម្ពុជាដែលនៅទីនោះ។ នៅប្រទេសជប៉ុនមាននិស្សិត និងប្រជាជនកម្ពុជាជាង២ម៉ឺន៥ពាន់នាក់ និងតែងជួបជុំគ្នាប្រារព្ធពិធីកម្សាន្តផ្សេងៗ។

លោកបានណែនាំដល់ក្រុមនិស្សិតដដែលសូមជួយផ្សព្វផ្សាយពីស្ថានភាពនយោបាយ ស្ថិរភាពនយោបាយ ការអភិវឌ្ឍ ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៅក្នុងប្រទេស ទៅដល់អ្នកទៅសិក្សាមុនៗ និងប្រជាជនដែលរស់នៅធ្វើការនៅទីនោះ។

លោករដ្ឋមន្ត្រីបានលើកឡើងពីគោលនយោបាយអភិវឌ្ឍន៍ជាតិ និងបទពិសោធន៍ជាច្រើនជូនក្រុមនិស្សិតខាងលើ ពិសេសគឺគោលនយោបាយជាតិ ឆ្នាំ២០៣០ កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់។ ត្រង់ចំណុចនេះ លោកបានណែនាំដល់ក្រុមនិស្សិតទៀតថា នៅពេលក្លាយជាអ្នកដឹកនាំបន្តវេនជំនាន់ក្រោយ ក៏ត្រូវគិតគូរពីគោលនយោបាយទាំងនេះផងដែរ។

លោករដ្ឋមន្ត្រីក៏បានបន្តណែនាំដល់ក្រុមនិស្សិតត្រូវចូលរួមជួយលើកម្ពស់កិត្តិយសកម្ពុជានៅប្រទេសជប៉ុន ព្រមទាំងត្រូវពង្រឹងសាមគ្គីផ្ទៃក្នុងឱ្យបានល្អ ពិសេសគឺត្រូវខិតខំសិក្សាស្វែងយល់យកចំណេះ ជំនាញ ដើម្បីវិលមកបម្រើប្រទេសជាតិវិញ៕