(ភ្នំពេញ)៖ សមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ បានចេញទស្សនទានថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកំណើនការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព សន្តិភាព និងការអភិវឌ្ឍ។

សមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានសង្គ្រោះប្រទេស និងប្រជាជនកម្ពុជាទាំងស្រុង នៅថ្ងៃ០៧ មករា ១៩៧៩ ពីរបបប្រល័យពូជសាសន៍នៃនយោបាយរបស់ ប៉ុល ពត។ ចាប់ពីឆ្នាំ១៩៧៩ ដល់មុនឆ្នាំ១៩៩៣ សម្តេចតេជោ ហ៊ុន សែន បានទទួលដឹកនាំមុខតំណែងជាច្រើន ក្នុងរដ្ឋបាលកម្ពុជា ទាំងក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្រោយមករដ្ឋកម្ពុជា។

បន្ទាប់ពីការបង្កើតឡើងនូវព្រះរាជាណាចក្រកម្ពុជាទី២ នៅឆ្នាំ១៩៩៣ ក្រោមការអនុវត្តនយោបាយឈ្នះឈ្នះ ដែលបង្កើតឡើងនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ១៩៩៦ សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាព ការបង្រួមបង្រួមជាតិ និងការឯកភាពទឹកដី ដែលកម្ពុជាពុំ ដែលធ្លាប់កើតមានក្នុងរយៈពេលរាប់រយឆ្នាំនៃប្រវត្តិសាស្ត្របែកបាក់ជាតិ និងសង្គ្រាមផ្ទៃក្នុងដែលរៀបរៀងបានជាមូលដ្ឋានសម្រាប់ធ្វើឱ្យមានសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍនៅកម្ពុជា ព្រមទាំងជាស្ថាបត្យករ ដ៏មោះមុតនៃកិច្ចព្រមព្រៀងសន្តិភាព ស្តីពីកម្ពុជា។

ស្ថានភាពជាក់ស្ដែងក្នុងការដឹកនាំប្រទេសរបស់សម្ដេចតេជោ ហ៊ុន សែន និងការប្រែប្រួលនៃស្ថានភាពសង្គម នយោបាយ និងសេដ្ឋកិច្ច ក្រោមយុទ្ធសាស្ត្រចតុកោណដំណាក់កាលនីមួយៗ ធ្វើឱ្យមានកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ដែលអនុវត្តបានជោគជ័យ និងទទួលបាននូវការគាំទ្រ និងការជឿទុកចិត្តរបស់ប្រជាជនមកលើរាជរដ្ឋាភិបាល។

តាមរយៈការអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើន ដូចជា ការរក្សាបានសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ ការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ការអភិវឌ្ឍធនធានមនុស្ស ការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រជាដើម និងបានប្រែក្លាយពីប្រទេសចំណូលទាបទៅជាប្រទេសចំណូលមធ្យមកម្រិតទាប និងបានបោះជំហានឆ្ពោះទៅមុខ ដើម្បីក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសចំណូលខ្ពស់ទៀតផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាលន អង្គការពុទ្ធសាសនិកពិភពលោក» ពីអង្គការពុទ្ធសាសនិកពិភពលោក ជាការទទួលស្គាល់នូវការលះបង់ពេញមួយជីវិតចំពោះសន្តិភាព និងព្រះពុទ្ធសាសនា ដឹកនាំប្រទេសកម្ពុជា តាមសេចក្ដីទូន្មានរបស់ព្រះពុទ្ធសាសនា លើមាគ៌ាកសាងប្រទេសជាតិតាមនយបាយឈ្នះឈ្នះ នាំមកជូនប្រជាជនវិញនូវភាពសម្បូណ៌សប្បាយ ក្នុងសុខ សន្តិភាពពេញលេញ ក្នុងភាពសុខដុមរមនាសង្គម និងសាសនា ការអភិវឌ្ឍដោយបរិយាប័ន្ន និងចីរភាព និងសញ្ញាបត្របណ្ឌិតកិត្តិយស គោរម្យងារ ពានរង្វាន់ និងមេដាយទាំងក្នុងតំបន់ និងអន្តរជាតិ៕