(សេអ៊ូល-កូរ៉េ)៖ គណៈប្រតិភូយុវជនកាយរឹទិ្ធជាតិកម្ពុជា ទាំង៤៧រូប នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង៩៖៣០នាទីព្រឹក បានទៅដល់ព្រលានយន្តហោះអន្តរជាតិអ៉ីនឆុន ប្រកបដោយសុវត្ថិភាព មានសុខភាពល្អ និងស្នាមញញឹមមោទនភាពជាតិកម្ពុជា។
បើតាមការផ្សាយដោយក្រសួងអប់រំ យុវជន និងកីឡា គណៈប្រតិភូយុវជនកាយរឹទិ្ធទាំងអស់ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់គណៈកម្មការបដិសណ្ឋារកិច្ចរបស់សមាគមកាយរឹទិ្ធកូរ៉េ និងបានរៀបចំដំណើរបន្តតាមរថយន្តឆ្ពោះទៅទីកន្លែងបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៥ នៅខេត្តប៊ូអាន។
សូមជម្រាបថា ការបោះជំរំនេះ ក្នុងគោលបំណងជួបជុំគ្នាផ្លាស់ប្ដូរបទពិសោធន៍ការសិក្សា វប្បធម៌ ពង្រឹងចំណងមិត្តភាពរវាងកាយរឹទ្ធិមកពីបណ្តាប្រទេសជាច្រើនទូទាំងពិភពលោក និងធ្វើឱ្យយុវជនមានសក្ដានុពលពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត និងការគ្រប់គ្រងអារម្មណ៍ ដើម្បីឱ្យពួកគេក្លាយទៅជាពលរដ្ឋមានទំនួលខុសត្រូវក្នុងសង្គម និងជាសមាជិកសកម្មក្នុងសហគមន៍នៅតាមមូលដ្ឋានរស់នៅរបស់ពួកគេ៕