(ពោធិ៍សាត់)៖ កម្ពស់ទឹកស្ទឹងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ចាប់ផ្ដើមហក់ឡើងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ ដោយជំនន់ទឹកភ្លៀង។ បច្ចុប្បន្នផ្ទះប្រជាពលរដ្ឋខ្លះ ដែលតាំងទីនៅជិតមាត់ស្ទឹងពោធិ៍សាត់ បានជន់លិចខ្លះទៅហើយ ក៏ប៉ុន្តែស្ថានភាពទឹកស្ទឹង នៅមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ ពោលគឺស្ទឹងពោធិ៍សាត់ មានកម្ពស់ ២.៧៨ម៉ែត្រ ខណៈកម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ។
យើងសង្កេតឃើញថា ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃចុងក្រោយនេះ បង្កជាជំនន់ទឹកភ្លៀង តាមបណ្ដាខេត្តមួយចំនួន បណ្ដាលឱ្យលិចផ្ទះប្រជាពលរដ្ឋ ប៉ុន្តែស្ថានភាពនេះ មិនធ្ងន់ធ្ងរនោះឡើយ ដោយសារទឹកនឹងឆាប់ស្រកទៅវិញ។
ប្រភពពីលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានឱ្យដឹង នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះថា កម្ពស់ទឹកភ្លៀង២៤ម៉ោង លើ៦/៧ក្រុងស្រុក មាននៅក្រុងពោធិ៍សាត់ ៩.៧មីលីម៉ែត្រ, ស្រុកវាលវែង ១.៥មីលីម៉ែត្រ, ស្រុកបាកាន ១.៥មីលីម៉ែត្រ, ស្រុកក្រគរ ២.២មីលីម៉ែត្រ, ស្រុកកណ្តៀង ២០.៨មីលីម៉ែត្រ និងស្រុកតាលោសែនជ័យ ១.២មីលីម៉ែត្រ។
ប្រធានមន្ទីររូបនេះ បានបន្ថែមថា ចំពោះស្ថានភាពកម្ពស់ទឹកស្ទឹង និងទន្លេ ក្នុងនោះស្ទឹងពោធិ៍សាត់ មានកម្ពស់ ២.៧៨ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ), ស្ទឹងក្រវាញ មានកម្ពស់ ២.៥១ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ), ស្ទឹងវាលវែង មានកម្ពស់ ២.៣ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ១០ម៉ែត្រ) និងទឹកទន្លេកំពង់លួង មានកម្ពស់ ២.០២ម៉ែត្រ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២-៨ ខែសីហា ឆ្នាំ២០២៣ ខណៈប្រទេសកម្ពុជា បានទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយ លើភាគខាងជើងប្រទេសឡាវ និងប្រទេសវៀតណាម គួបផ្សំនឹងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។ ដោយឡែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ព្យុះឈោ្មះ ខាណុន (KHANUN) កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើតប្រទេសចិន។ លក្ខណៈទាំងនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាល, តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតមួយ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវឱ្យមានការបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕