(តូក្យូ)៖ នៅក្នុងការបូកសរុបរបាយការណ៍ការពារជាតិប្រចាំឆ្នាំរបស់ប្រទេសជប៉ុននោះ ក៏មានការកត់សម្គាល់ផងដែរ អំពើដំណើរវិវឌ្ឍឥទ្ធិពលនៃសព្វាវុធរបស់ប្រទេសកូរ៉េខាងជើង ហើយក្នុងនោះអ្នកតាមដានជប៉ុនបានអះអាងថា ទីក្រុង ព្យុងយ៉ាង អាចនឹងកំពុងត្រៀមរៀបចំបាញ់គ្រាប់មីស៊ីលប្រកបដោយសមត្ថភាពខ្ពស់ ដែលអាចផ្លោងដល់ទឹកដីអាមេរិក ឯណោះ។ នេះបើតាមការចេញផ្សាយដោយ យ៉ុនហាប់ នៅថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០១៦។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ Defense White Paper របស់ជប៉ុន ក៏បានសរសេរផងដែរ អំពីការវិវឌ្ឍសមត្ថភាពគ្រាប់ មីស៊ីល របស់ប្រទេសកូរ៉េខាងជើង ដោយក្នុងនោះទីក្រុងព្យុងយ៉ាងក៏កំពុងតែព្យាយាមផលិតក្បាលគ្រាប់មីស៊ីលដើម្បី បំពាក់ទៅលើតួគ្រាប់មីស៊ីលផ្លោង ដើម្បីឲ្យក្លាយទៅជាមីស៊ីលរំលងទ្វីបដ៏ខ្លាំងក្លាមួយប្រភេទ។ គ្រាន់តែការធ្វើតេស្តក្នុង អំឡុងដើមឆ្នាំ២០១៦ នេះក៏បានបញ្ជាក់ច្បាស់រួចទៅហើយថា មីស៊ីលកូរ៉េខាងជើងអាចមានលទ្ធភាពបាញ់ដល់ចម្ងាយ ១០,០០០ គីឡូម៉ែត្រឯណោះ។
គួររំលឹកថា ទីក្រុងព្យុងយ៉ាង បានធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរជាលើកទី៤ កាលពីខែមករា និង ខែបន្ទាប់ទៀតរដ្ឋ កុម្មុយនិស្តមួយនេះ បានធ្វើតេស្តគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយ ដោយរំលោភទៅនឹងដំណោះស្រាយរបស់ក្រុមប្រឹក្សា សន្តិសុខនៃអង្គការសហប្រជាជាតិ ដែលបានហាមមិនឲ្យកូរ៉េខាងជើងធ្វើតេស្តអ្វីទាំងអស់។ យ៉ាងណាក៏ដោយ ប្រទេសកូរ៉េខាងជើង នៅតែអះអាងថា រាល់ការអភិវឌ្ឍរបស់ខ្លួន គឺត្រូវបានធ្វើឡើងក្នុងន័យសន្តិភាព និងដើម្បីការបាញ់បង្ហោះផ្កាយរណប ទៅកាន់ទីអវកាសតែប៉ុណ្ណោះ៕