(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានិត ប្រធាននាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងែទី០២ ខែសីហា ឆ្នាំ២០១៦នេះ បានថ្លែងបញ្ជាក់ថា ការងារចារកម្ម គឺជាកិច្ចការងារសំខាន់ ដែលថ្នាក់ដឹកនាំត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាននូវស្ថិរភាពនយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ របស់សង្គមជាតិ។
ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចចូលរួម ជាវាគ្មិនកិត្តិយស លើប្រធានបទស្ដីពី សារសំខាន់នៃការងារ ចារកម្មក្នុងវិស័យសន្តិសុខជាតិ ដែលធ្វើឡើងក្នុងបណ្ឌិតសភានគរបាលកម្ពុជា ជាមួយនិស្សិត-សិក្ខាកាមចូលរួមជាច្រើនរយនាក់។ លោក ហ៊ុន ម៉ានិត បានគូសបញ្ជាក់ដូច្នេះថា «ការងារចារកម្ម គឺជាកិច្ចការងារសំខាន់មួយ ដែលថ្នាក់ដឹកនាំនៃប្រទេសនីមួយៗ បានយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាននូវស្ថិរភាពនយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ របស់សង្គមជាតិ»។
នាយឧត្ដមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិតសភានគរបាលកម្ពុជា ក៏បានឱ្យដឹងដែរថា «បទបាឋកថារបស់លោក ហ៊ុន ម៉ានិត ពិតជាផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់និស្សិត-សិក្ខាកាមទាំងអស់ ដែលជាមន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ ដើម្បីយកជាទុនចំពោះដឹង និងបទពិសោធន៍ល្អៗ សម្រាប់បំពេញការងាររក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ប្រកបដោយប្រសិទ្ធភាព»។
ក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍ឯក ឯក មនោសែន បានប្រាប់ទៅនិស្សិត-សិក្ខាកាមទាំងអស់ថា កម្មវិធីបណ្ដុះបណ្ដាលនៅបណ្ឌិតសភានគរបាលកម្ពុជានេះ ត្រូវបានរៀបចំឡើងស្របតាម កម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងស្របតាមផែនការរបស់ក្រសួងមហាផ្ទៃ ក្នុងការលើកកម្ពស់សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ របស់កងកម្លាំងនគរបាល ដើម្បីរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ៕