(ព្រះសីហនុ)៖ ដំណោះស្រាយសម្រាប់បុគ្គលិកសកម្ម ដែលស្រ្តីមេម៉ាយម្នាក់ នៅមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ ត្រូវប្រធានអង្គភាពស្នើឲ្យសុំឲ្យដកតំណែងនោះ នៅមិនទាន់មានដំណោះស្រាយនៅឡើយទេ គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦នេះ។
ស្រ្តីមេម៉ាយ កើត ពៅ ដែលមានកូនតូចៗ២នាក់ នៅក្នុងបន្ទុកនោះត្រូវបានលោក នួន ប៉ុក ដែលជាប្រធានមន្ទីរ ស្នើសុំទៅអភិបាលខេត្តព្រះសីហនុលោក យន្ត មីន ដកតួនាទី និងភារកិច្ចរបស់គាត់ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ដោយមិនបានបង្ហាញហេតុផលសមរម្យនោះទេ ដែលធ្វើឲ្យមន្រ្តីភាគច្រើនបម្រើការងារ នៅក្នុងអង្គភាពមួយនេះធ្វើការរិះគន់យ៉ាងខ្លាំង ក៏ព្រោះតែអ្នកស្រី កើត ពៅ អតីតប្រធានការិយាល័យអភិរក្សសុរិយោដី ជាមន្រ្តីសកម្មនឹងការងារម្នាក់ផងដែរ។
នៅក្នុងលិខិតស្នើសុំឲ្យដកតំណែងរបស់ប្រធានមន្ទីរខាងលើនេះត្រូវបានលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ចារឯកភាព និងឲ្យរៀបចំតាមនីតិវិធីយ៉ាងប្រញ៉ាប់ទៀតផង។ ក្រោយទទួលដំណឹងថា ខ្លួនត្រូវបានមេអង្គភាពដកតំណែង ហើយត្រូវទៅបម្រើការងារជា អនុប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុកកំពង់សីលា ដែលមានចម្ងាយពីផ្ទះប្រមាណ១០៤គីឡូម៉ែត្រឯណោះ អ្នកស្រី កើត ពៅ បានដាក់ពាក្យបណ្តឹងតវ៉ាមួយ ទៅកាន់លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី តែគេមិនដឹងថា មានដំណោះស្រាយបែបនេះនោះឡើយ។ មន្រ្តីក្រសួងរៀបចំដែនដីម្នាក់ បានថ្លែងថា ការសម្រេចដកតំណែងមន្រ្តីណាម្នាក់នោះ គឺជាសិទ្ធិរបស់់ប្រធានអង្គភាព។
នៅក្នុងលិខិតជម្រាបជូនលោកទេសរដ្ឋមន្ត្រី ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ អ្នកស្រី កើត ពៅ បានថ្លែងថា «លោក នួន ប៉ុក ទើបទទួលបានតំណែងជាប្រធានមន្ទីររយៈពេល៤ខែប៉ុណ្ណោះ យកលេសពុំសមហេតុផល ស្នើទៅអភិបាល នៃគណៈអភិបាលខេត្ត ដើម្បីដកតួនាទីភារកិច្ចនាងខ្ញុំ ពីប្រធានការិយាល័យអភិរក្សសុរិយោដីនៃមន្ទីរ ឲ្យទៅបម្រើការងារជាអនុប្រធានការិយាល័យ រៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុកកំពង់សីលា»។
អ្នកស្រីបានលើកហេតុផលមួយចំនួន ដែលមិនសមរម្យទាល់តែសោះ លើការដកតំណែងនេះរួមមាន ទី១-អ្នកស្រីពុំដែលប្រព្រឹត្តកំហុសអ្វីសោះ មកធ្វើការងារពុំដែលខកខាន ការងារគ្មានការកកស្ទះ ទី២-បម្រើការងារនៅការិយាល័យអភិរក្សសុរិយោដីនេះយូរឆ្នាំមកហើយ ទី៣-អ្នកស្រីជាឃោសនិករបស់គណបក្ស នៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ជាច្រើនអាណត្តិ និងទី៤-អ្នកស្រី ជាស្ត្រីមេម៉ាយមានកូនតូចៗចំនួន២នាក់ ក្នុងបន្ទុកនៅឡើយ ត្រូវការអ្នកស្រីមើលថែទាំ ពុំអាចទៅបម្រើការងារឆ្ងាយពីលំនៅដ្ឋានបានទេ។
មន្ត្រីក្នុងមន្ទីរភាគច្រើនបានលើកឡើងថា អ្នកស្រី កើត ពៅ ពិតជាមានសមត្ថភាព និងមានអតីតភាពការងារយូរឆ្នាំ ប្រកបដោយភាពច្បាស់លាស់ ដូច្នេះការដកតួនាទីភារកិច្ចគាត់ ដូចការស្នើទៅអភិបាល នៃគណៈអភិបាលខេត្ត នេះបង្ហាញថាលោកប្រធានមន្ទីរ គ្រប់គ្រងរបៀបផ្តាច់ការ មិនមានការពិភាក្សា ឬបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីធ្វើប្រជាមាតិទៅលើបុគ្គលិកលក្ខណៈរបស់អ្នកស្រី កើត ពៅ ថាតើគាត់មានសមត្ថភាពក្នុងកំរិតណា និងមានការគាំទ្រពីមន្ត្រីក្នុងអង្គភាពឬមួយយ៉ាងណា? ពិសេសចំណុចណាខ្លះដែលបញ្ជាក់ថា គាត់មានកំហុស ឬអសមត្ថភាព?។
មន្ត្រីបានគូសបញ្ជាក់ថា គោលការណ៍ដកនេះ លោកប្រធាននិយាយភ្លាមៗដកភ្លែត ដោយគ្មានរកឲ្យឃើញពីកំហុស ឬហៅទៅសាកសួរធ្វើកំណត់ហេតុជីវទស្សន៍នោះទេ សុទ្ធតែអំពើអយុត្តិធម៌។ មន្រ្តីខ្លះបានបង្ហើបថា មូលហេតុនៃការដកនេះ ក៏ព្រោះតែលោក នួន ប៉ុក ចង់ដាក់ប្អូនរបស់ខ្លួន។ យ៉ាងណាក៏ដោយ អង្គភាព Fresh News មិនទាន់អាចសុំការបកស្រាយពីលោក នួន ប៉ុក បាននៅឡើយទេ នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦នេះ៕