(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ភ្ញាក់ឡើងសារព័ត៌មានចុះផ្សាយព្រោងព្រាត អំពីសារអបអរសាទរ ជូនចំពោះលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសកម្ពុជា ទទួលជ័យជម្នះជាប់ឆ្នោត ជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក លើកទី៣៩ នៅឆ្នាំ២០២៦ ដែលជាមហាកិត្តិយសដ៏ឧត្ដុង្គឧត្តម សម្រាប់ប្រជាជនកម្ពុជា ព្រមទាំងជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីបន្ថែមទៀត បង្ហាញពីកិត្យានុភាព ព្រះរាជាណាចក្រកម្ពុជា លើឆាកអន្តរជាតិ។
នាយឧត្តមសេនីយ៍ ជា តារា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទីប្រឹក្សាផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានលើកឡើងថា បើយើងមើលថ្ងៃទី០១ ខែសីហា ១៥ឆ្នាំមុន គឺថ្ងៃទី០១ ខែសីហា ឆ្នាំ២០០៨ គឺ១៥ថ្ងៃ បន្ទាប់ពីទាហានសៀមចូលតំបន់ប្រាសាទព្រះវិហារ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញឡើងបួងសួងសុំសន្តិភាព នៅលើប្រាសាទព្រះវិហារ ឆ្លងកាត់ហ្វូងទាហានសៀមនៅវត្តកែសិក្ខាគីរីស្វារៈ។
វីរភាពដ៏អង់អាច ក្លាហាននេះ បានធ្វើឲ្យកងកម្លាំងយើងកាន់តែមានទឹកចិត្តលើកកម្ពស់ឆន្ទៈការពារទឹកដីរបស់ខ្លួន ប្រៀបបានការប្រក់ព្រំពីអ្នកម្តាយ ពីបងស្រី ដល់គណៈបញ្ជាការឯកភាពសមរភូមិមុខ មាននាយឧត្តមសេនីយ៍ ជា តារា ជាប្រធាន រួមនឹងមេទ័ពជាច្រើន ព្រមទាំង យុទ្ធជន យុទ្ធនារី ដែលកំពុងអនុវត្តសិទ្ធិស្វ័យការពារទឹកដី តាមបទបញ្ជា ដ៏មានប្រសិទ្ធភាពរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដោយមិនឲ្យធ្លាក់ដល់ដី។
ព្រឹត្តិការណ៍ព្រំដែនទិសប្រាសាទព្រះវិហារ ទិសប្រាសាទតាមាន់តាក្របី ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ថ្ងៃដែលតុលាការអន្តរជាតិ បកស្រាយសាលដីកា ឆ្នាំ១៩៦២ នោះបានបញ្ជាក់ភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បាន ដោះស្រាយក្នុងជំហរចង់បានសន្តិភាពតាមបន្ទាត់ព្រំដែន និងគោលនយោបាយ កងទ័ពជាខឿនការពារ ជាតិរបស់ប្រជាជន។ កម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមផ្ទៃក្នុងរ៉ាំរ៉ៃជាច្រើនទសវត្សមកហើយ ទើបត្រូវបានបញ្ចប់ ដោយនយោបាយឈ្នះ!ឈ្នះ!របស់សម្តេចតេជោ ប្រការបានធ្វើឲ្យប្រជាជនកម្ពុជាគ្របស្រទាប់វណ្ណៈ ទាំងមន្ត្រីរាជការ សិស្សនិស្សិត ព្រះសង្ឃ ចូលរួមយ៉ាងសកម្មក្នុងការជួយឧបត្ថម្ភ គាំទ្រដល់កងកម្លាំង ឈរជើងនៅព្រំដែន។
សម្តេចតេជោបានដាក់ចេញនូវបទបញ្ជាដ៏មានប្រសិទ្ធភាព នោះគឺ ឲ្យកងទ័ពរក្សានូវភាពអត់ធ្មត់ ដាច់ខាតមិនផ្ទុះអាវុធ អ្វីៗត្រូវដោះស្រាយដោយការចរចា តែក៏មិនឲ្យបាត់ដី។ បទបញ្ជានេះត្រូវបានមេបញ្ជាការរបស់យើងដឹកនាំអនុវត្ត ដោយជោគជ័យរហូតសម្រេចបានការបោះឆ្នោតជាសកលជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨ បានប្រព្រឹត្តទៅដោយរលូន ប្រជាពលរដ្ឋភ្លូកទឹកភ្លូកដីបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។
ប្រៀបការពារជាតិត្រូវបានពង្រឹង សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់នូវការកសាងហេដ្ឋារចនាសម័ន្ធ ស្ពាន ថ្នល់ ផ្តល់នូវការបំពាក់ដល់កងទ័ពមានគ្រប់លទ្ធភាព សមត្ថភាព ប្រយុទ្ធ សាលារៀន មន្ទីរពេទ្យ កសាងអណ្តូងទឹក កសាងផ្ទះស្នាក់នៅគ្រួសារកងទ័ពរាប់ពាន់ខ្នងបង្កើត ជាភូមិអភិវឌ្ឍន៍កងទ័ពតាមជើងភ្នំដងរែកតំបន់ព្រំដែន ផ្តល់អង្ករ ផ្តល់មធ្យោបាយដល់គ្រួសារទ័ពបង្កបង្កើនផល។
វត្តមានរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅតំបន់ប្រាសាទព្រះវិហារ ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១០ អញ្ជើញសម្ពោធសមទ្ធិផល និងចុះសួរសុខទុក្ខ បានធ្វើឲ្យកងទ័ព កាន់តែមានលំនឹង ពង្រីកបាននូវឆន្ទៈប្រយុទ្ធ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង។
បារមី ប្រាសាទព្រះវិហារ តែងតែគាំទ្រការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្ដី ដែលតែងតែប្រកាន់ខ្ជាប់នូវជំហរចង់បានសន្តិភាព កិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជិតខាង ពិសេសគឺការរស់នៅដោយសុខសន្តិភាពនិងការអភិវឌ្ឍ ប្រជាជនតាមបន្ទាត់ព្រំដែន សម្តេចតេជោ ណែនាំឲ្យនាយឧត្តមសេនីយ៍ ជា តារា កាលណោះជា អគ្គមេបញ្ជាការរង ប្រធានគណៈបញ្ជាការឯកភាពសមរភូមិទិសប្រាសាទព្រះវិហារ ទៅជួបពិភាក្សាជាមួយ នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អ៊ូចា កាលណោះជាមេបញ្ជាការកងទ័ពជើងគោក នៅទីក្រុងបាងកក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១០ ក្នុងគោលដៅបញ្ចប់វត្តមានទាហានថៃ នៅវត្តកែវសិក្ខាគីរីស្វារៈ វេលាម៉ោង១០៖៣០នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១០។
កងកម្លាំងប្រដាប់អាវុធស្មោះត្រង់ ដាច់ខាត គាំទ្រ និងការពារ រាជរដ្ឋាភិបាល ប្រកបដោយឆន្ទៈមោះមុតឈរជើងរឹងមាំ ក្នុងសិទ្ធិស្វ័យការពារទឹកដី។ សន្តិភាពព្រំដែន ត្រូវបានរកឃើញតាមរយៈជំហរសន្តិភាពរបស់សម្តេចតេជោ ថ្ងៃទី២៩ កក្កដា ឆ្នាំ២០១១ នៅខេត្តសៀមរាប សម្តេចតេជោ បានផ្តល់នូវអនុសាសន៍ថា តើយើងគួររួមគ្នាពន្លត់ភ្លើង ឬនាំគ្នាអង្គុយរង់ចាំបក់ផ្សែង ប្រការនេះហើយដែលស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានសភាពធូរស្រាលឡើងវិញ។
ជារួមជោគជ័យដែលយើងទទួលបាននេះ ជាជ័យជំនះបានមកពីការរួមគ្នាអនុវត្តបទបញ្ជាតែមួយ គឺបទបញ្ជាដ៏មានប្រសិទ្ធិភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងសិទ្ធិស្វ័យការពារទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
កងយោធពលខេមរភូមិន្ទ សូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តី អំពីការប្តេជ្ញាចិត្តដ៏មោះមុត ពុះពារជំនះគ្រប់ឧបស័គ្គឆ្ពោះទៅសម្រេចគោលដៅ ជាយុទ្ធសាស្រ្ត ក្នុងការកសាងខ្សែបន្ទាត់ព្រំដែនកម្ពុជាមួយមានភាពច្បាស់លាស់ត្រឹមត្រូវ ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីឧត្តមប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជនកម្ពុជា ជាពិសេសគាំទ្រការងារបោះបង្គោលខ័ណ្ឌសីមាព្រំដែន៕